ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ អូបាម៉ា អះអាង​ជា​ថ្មី​នូវ​សេរីភាព​សាសនា​ពេល​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​​ទៅ​កាន់​វិហារ​ឥស្លាម​


ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ថ្លែង​ទៅ​កាន់​សមាជិក​សហគមន៍​ ឥស្លាម​-អាមេរិកាំង នៅទី​ក្រុង Baltimore កាលពីថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​វិហារ​ឥស្លាម​ជា​លើក​ដំបូង​បង្អស់​ក្នុង​នាម​ជា​ប្រធានា​ធិបតី​អាមេរិក​ លោក​ បារ៉ាក់​ អូបាម៉ា​ មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​អាមេរិកាំង​តែងតែ​បញ្ចូល​សាសនា​ឥស្លាម​ជាមួយ​នឹង​អំពើ​ភេរវកម្ម។

លោក​ អូបាម៉ា ​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​នៅ​វិហារ​ឥស្លាម​នៅ​ទីក្រុង ​Baltimore​ ថា «យើង​ជា​គ្រួសារ​អាមេរិកាំង​តែ​មួយ» ហើយ​សហគមន៍​អ្នកកាន់សាសនា​ឥស្លាម​ទាំងមូល​ជារឿយៗ​តែងតែ​ត្រូវបាន​បន្ទោស​ចំពោះ​អំពើ​ហិង្សា​នានា។

លោក អូបាម៉ា​ បាន​បន្ថែម​ថា ការឃោសនា​នយោបាយ​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន​ មិន​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​នេះ​នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ប្រធានាធិបតី ​អូបាម៉ា ទៅកាន់​វិហារ​ឥស្លាម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​នៃ​ការឃោសនា​ប្រធានាធិបតី​ ដែល​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Donald Trump បាន​ស្នើ​ឲ្យ​មាន​បញ្ជី​ឈ្មោះ​អ្នកកាន់​សាសនា​ឥស្លាម​ និង​ហាមឃាត់​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​ជនអន្តោប្រវេសន៍​ដែល​កាន់​សាសនា​ឥស្លាម​ចូល​មក​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ភេរវកម្មនៅ​ទីក្រុង ​San Bernardino​ រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

ខណៈ​ដែល​បុគ្គល​សំខាន់ៗ​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​រួម​មាន​ទាំង​លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​លោក Jeb Bush បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី បាន​ថ្កោលទោស​ចំពោះ​សំណើ​របស់​លោក Trump ឲ្យ​ហាម​ឃាត់​អ្នកកាន់សាសនា​ឥស្លាម លោក Ben Carson បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​បាន​ថ្លែង​កាល​ពី​ឆ្នាំ​មុន​ថា ជន​ណា​ដែល​កាន់​សាសនា​ឥស្លាម​មិន​សាកសម​នឹង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​នោះ​ទេ៕

XS
SM
MD
LG