ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហគមន៍​មហាសមុទ្រ​អាកទិក​ដើម្បី​សង្កត់​ធ្ងន់​លើ​បញ្ហា​បរិស្ថាន


ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​រាំ​របាំ​ប្រពៃណី Yup'ik នៅ​សាលារៀន​មួយ​នៅ​ក្នុង​ក្រុង Dillingham រដ្ឋ​អាឡាស្កា (Alaska) កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ពុធ​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ក្លាយ​ជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង​លើក​ទី​មួយ​ឆ្លងកាត់​រង្វង់​មហាសមុទ្រ​ទឹកកក​អាកទិក​ដែល​នៅ​ជាប់​សហរដ្ឋ​អាមេរិក (U.S. Arctic Circle) ​នៅពេល​ដែល​លោក​ប្រធានាធិបតី​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនៈកិច្ចទៅ​កាន់​រដ្ឋ​អាឡាស្កា​ (Alaska) ដែល​មាន​គោល​បំណង​សង្កត់​ធ្ងន់​លើ​ផល​ប៉ះពាល់​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។

ក្នុង​អំឡុងពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ទៅ​កាន់​ភាគ​ឦសាន្ត​ឆ្ងាយ​នេះ ​លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ឡើង​វិញ​ថា ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូន​ដ៏​ធំ​ទី​២​របស់​ពិភពលោក​មិន​បាន​ចាត់​វិធានការ​គ្រប់​គ្រាន់​ដើម្បី​ការពារ​បរិស្ថាន​ទេ។

លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​ក្នុង​ទីក្រុង Kotzebue ដែល​ជាទី​ក្រុង​តូច​មួយ​ហើយ​នៅ​ដាច់​ស្រយាល​ក្នុង​មហាសមុទ្រ​ទឹកកក​អាកទិក​ដែល​កំពុង​ប្រយុទ្ធ​នឹង​សំណឹក​ដី​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​បណ្តាល​មក​ពី​ការ​ឡើង​ទឹក​សមុទ្រថា «ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​យល់ដឹង​កាន់​តែ​ខ្លាំង​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ក៏ប៉ុន្តែ អ្នក​ទាំង​អស់​គ្នា​វិញ​កំពុង​រស់​នៅ​ក្នុង​តំបន់​នេះ​ទៅ​ហើយ‍»។

លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា សីតុណ្ហភាព​នៅ​ក្នុង​មហាសមុទ្រ​ទឹកកក​អាកទិក​កំពុង​កើន​ទ្វេដង​ដូចជា​ផ្នែក​ផ្សេង​ទៀត​របស់​ពិភពលោក ​ដែល​កំពុង​ធ្វើ​ឲ្យ​ក្រុម​អ្នក​ស្រុក​ប្រឈម​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​រលាយ​ទឹកកក​ និង​សំណឹក​ដី។​

​លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ថា «​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ទី​នេះ ​ជា​ការ​ដាស់​តឿន​អាមេរិក វា​ក៏​ជាការ​ដាស់​តឿន​ពិភពលោក​ដែរ។​ យើង​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ។​ ផល​ប៉ះពាល់​នោះ​ពុំ​អាច​កែប្រែ​បាន​ ប្រសិនបើ​យើង ​មិន​ចាត់​វិធានការ​ទេ​នោះ‍»៕

XS
SM
MD
LG