ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ប្រឈម​នឹង​សម្ពាធ​ឲ្យ​ដក​ទណ្ឌកម្ម​នាំចូល​គ្រឿង​សព្វាវុធ​ចូល​វៀតណាម​

  • Cindy​ Saine​

លោក​ប្រធានាធិបតី​ បារ៉ាក៉​ អូបាម់ា ថ្លែង​នៅ​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។

៤១​ឆ្នាំ​បន្ទាប់​ពី​សង្គ្រាម​ដ៏​ប្រេះឆា​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ក្រុម​អ្នក​ជំនាញការ​និយាយ​ថា ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​​មាន​លក្ខណៈ​​ស្អិត​រមួត​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយ​ក៏​មាន​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពង្រឹង​ចំណង​ទាក់ទង​បន្ថែម​ទៀត​​តាមរយៈ​ការ​ដក​ទណ្ឌកម្ម​នាំចូល​គ្រឿង​សព្វាវុធ​ចូល​ប្រទេស​វៀតណាម ដែល​មាន​រយៈពេល​រាប់​ទសវត្សរ៍។

លោក John McCain សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​អាវុធ ដែល​ធ្លាប់​ជា​អ្នកទោស​សង្គ្រាម​ជាប់​ពន្ធនាគារនៅ​ក្នុង​ប្រទេស​វៀតណាម បាន​មាន​ប្រសាសន៍​ថា លោក​នឹង​សាទរ​ចំពោះ​ការ​ដក​ទណ្ឌកម្ម​នេះ​ ប៉ុន្តែ​វា​គួរភ្ជាប់​ដោយ​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ផង​ដែរ។ បញ្ហា​នេះ​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក Barack Obama ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

មាន​រឿងរ៉ាវ​ជាច្រើន​ដែល​បាន​ផ្លាស់ប្ដូរ​រវាង​អតីត​សត្រូវ​នៅ​ក្នុង​សង្គ្រាម​ទាំង​២ ដូច​អ្វី​ដែល​លោក John McCain ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី ​បាន​ដឹង​យ៉ាង​ច្បាស់។ លោក​គឺ​ជា​អ្នកបើកបរ​យន្តហោះ​ចម្បាំង​ម្នាក់​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។ យន្តហោះ​របស់​លោក​ត្រូវ​បាន​គេ​បាញ់​ទម្លាក់ ហើយ​លោក​បាន​ជាប់​ជា​អ្នកទោស​សង្គ្រាម​ចំនួន​៥​ឆ្នាំ​កន្លះ​នៅ​ក្នុង​ទីក្រុង​ហាណូយ ដោយ​លោក​បាន​ទទួល​រង​ទារុណកម្ម​និង​មិន​ត្រូវ​បាន​គេ​អើពើ។

ប៉ុន្តែ​លោក​មិន​បាន​ចង​កំហឹង​អ្វី​នោះ​ទេ ដូច​ដែល​លោក​បាន​ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា កាល​យើង​ចាប់​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​ត្រឡប់​ឈាន​ទៅ​ភាព​ប្រក្រតី​ឡើង​វិញ​ នោះមាន​ការ​ផ្សះផ្សា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​និង​ប្រជាជន​នៃ​យើង​ទាំង​ពីរ។ មាន​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើ​អំពើ​មិន​ល្អ​មក​លើ​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មិន​ជួប​ពួកគេ​ទាំង​នោះ​ម្តង​ទៀត​ទេ។ ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ខ្ញុំ​ដែល​ថា ប្រជាជន​វៀតណាម​គឺ​អស្ចារ្យ​ណាស់ ហើយ​ពួកគេ​គឺ​ជា​មិត្ត​ដ៏​ល្អ​របស់​យើង។ យើង​ត្រូវ​ការ​ពួកគេ ហើយ​ពួកគេ​ក៏​ត្រូវ​ការ​យើង​ដែរ។

លោក McCain មាន​ប្រសាសន៍​ថា លោក​ចង់​ផ្តល់​សមត្ថភាព​យោធា​បន្ថែម​ទៀត​ដល់​វៀតណាម ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ភាព​គឃ្លើន​របស់​ចិន​នៅ​ក្នុង​តំបន់​នេះ។ ប៉ុន្តែ​លោក​ជឿ​ថា ការ​ដក​ទណ្ឌកម្ម​អាវុធ​ពី​វៀតណាម​គួរ​តែ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ វៀតណាម​បាន​ដាក់​សម្ពាធ​ឲ្យ​ដក​ទណ្ឌកម្ម​នេះ​ចេញ​ទាំងស្រុង។

លោក Brian Harding អ្នកជំនាញការ​ខាង​តំបន់​អាស៊ី បាន​និយាយ​ថា សន្តិសុខ​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា ទៅ​កាន់​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូជីមិញ។​

លោក Brian Harding ថ្លែង​ប្រាប់ VOA ថា៖

«ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​កំពុង​តែ​មាន​និន្នាការ​វិជ្ជមាន​យ៉ាង​ខ្លាំង។ របៀបវារៈ​កំពូល​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នឹង​មាន​ដូចជា បញ្ហា​សន្តិសុខ សិទ្ធិ​មនុស្ស និង​ពាណិជ្ជកម្ម។ ខ្ញុំ​គិត​ថា មនុស្ស​គ្រប់​គ្នា​នឹង​ចាំ​មើល​ថា ​តើ​ សហរដ្ឋ​អាមេរិក​នឹង​ដក​ទណ្ឌកម្ម​លក់​គ្រឿង​សព្វាវុធ​ឲ្យ​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឬ​យ៉ាង​ណា‍»។

លោក Harding និយាយ​ថា សង្គ្រាម​វៀតណាម​នៅ​តែ​ជា​ស្រមោល​អតីតកាល​សម្រាប់​ប្រទេស​ទាំង​២ ប៉ុន្តែ​អនាគត​ទំនង​ជា​ល្អ។​

«វៀតណាម​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​វ័យ​ក្មេង។ ប្រជាជន​វៀតណាម ជា​ពិសេស​យុវជន​កាន់​តែ​មាន​អារម្មណ៍​វិជ្ជមានចំពោះ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចលើក​នេះ លោក​ប្រធានាធិបតី​ក៏​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ផង​ដែរ ដែលប្រទេស​ជប៉ុន​នេះ​ក៏​ជា​អតីត​សត្រូវរបស់​អាមេរិក​នៅ​ក្នុង​សង្គ្រាម​ផង​ដែរ ហើយ​លោក​ទំនង​នឹង​សង្កត់ធ្ងន់​ទៅ​លើ​អំណាច​នៃ​ការ​ផ្សះផ្សា​ដើម្បី​កែប្រែ​ចំណង​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ទាំង​២​នេះ៕

ប្រែសម្រួល​ដោយ ហុង ចិន្តា ​

XS
SM
MD
LG