លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ា បានគ្រោងចំណុចសំខាន់ៗនៃផែនការរដ្ឋបាលរបស់លោកសម្រាប់ការបិទមជ្ឈមណ្ឌលឃុំឃាំងយោធានៅឆកសមុទ្រ Guantanamo ប្រទេសគុយបា ដោយលោកបានមានប្រសាសន៍ថាកន្លែងឃុំឃាំងនេះ «មិនជំរុញសន្តិសុខជាតិរបស់យើងទេ វាធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់សន្តិសុខជាតិរបស់យើង។»
លោកអូបាម៉ាបានសួរនៅសេតវិមានបន្ទាប់ពីក្រសួងការពារជាតិស.រ.អ.ប្រគល់ផែនការនេះជូនសភាស.រ.អ.កាលពីថ្ងៃអង្គារថា «ប្រសិនបើ ក្នុងឋានៈជាប្រទេសជាតិមួយ យើងមិនដោះស្រាយបញ្ហានេះនៅពេលនេះ តើយើងនឹងដោះស្រាយបញ្ហានេះនៅពេលណា?» លោកបានអំពាវនាវដល់សភាឲ្យនៅលើ »ផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ហើយលោកបានសុំដល់ប្រទេសជាតិឲ្យធ្វើតាម «មេរៀន» កាលពី១៥ឆ្នាំកន្លងទៅនេះ។
ពួកគណបក្សសាធារណរដ្ឋបានរិះគន់រួចស្រេចហើយលើសំណើរបស់មន្ទីរបញ្ចកោណអាមេរិក។
លោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកបាននិយាយថា «សភាគ្មានការភ័ន្តច្រឡំទេ។សេចក្តីស្នើនេះប្រឆាំងនឹងច្បាប់ ហើយវានឹងនៅតែជំទាស់នឹងច្បាប់ក្នុងការផ្ទេរជនជាប់ឃុំឃាំងដែលជាភេរវជនយកមកដាក់លើដីអាមេរិក។ យើងនឹងមិនធ្វើឲ្យមានអន្តរាយដល់សន្តិសុខជាតិយើងដោយសារតែការសន្យាមួយនៅពេលឃោសនាបោះឆ្នោតទេ។»
លោក Michael McCaul ប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិនៃសភាតំណាងរាស្ត្រអាមេរិកបាននិយាយបន្ថែមថា «យើងកំពុងមានសង្គ្រាម ក៏ប៉ុន្តែលោកប្រធានាធិបតីយកចិត្តទុកដាក់ច្រើនលើការផ្ទេរនិងការដោះលែងយុទ្ធជនសត្រូវជាងការឃុំឃាំងពួកយុទ្ធជនសត្រូវថ្មីៗ។»
តែទោះជាយ៉ាងណាក៏ដោយក៏មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលអាមេរិកបាននិយាយថាការបិទគុកនេះជាអាទិភាពមួយខាងសន្តិសុខជាតិដោយលោកបានថ្លែងបន្ថែមថាកន្លែងឃុំឃាំងនេះបាន«បំផុសគំនិត» ដល់ក្រុមសកម្មជនជីហាដហើយបានទុកជាឧបករណ៍មួយសម្រាប់ជ្រើសរើសពួកភេរវជន៕