បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋរបស់អាមេរិកលោក Donald Trump បានថ្លែងថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងធ្វើការផ្លាស់ប្តូរឡើងវិញនូវអ្វីដែលលោកហៅថាជា សម្បទាន ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាបានខិតខំធ្វើឡើងដើម្បីធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងប្រទេសគុយបា មានសភាពល្អឡើងវិញនោះ លុះត្រាតែគុយបាអាចធ្វើបាននូវអ្វីដែលអាមេរិកទាមទារទើបលោកបន្តទំនាក់ទំនងជាមួយនឹងគុយបា។
លោក Trump បានថ្លែងកាលពីថ្ងៃសុក្រម្សិលមិញនៅក្នុងទីក្រុង Miami ដែលជាទីក្រុងដែលពលរដ្ឋដើមកំណើតគុយបាជាច្រើនរស់នៅនោះថា៖ «ការទាមទារទាំងនោះរួមមាន សេរីភាពសាសនានិងសេរីភាពនយោបាយសម្រាប់ពលរដ្ឋគុយបា ហើយនិងការដោះលែងអ្នកទោសនយោបាយផងដែរ»។
មហាសេដ្ឋីអចលនទ្រព្យរូបនេះបានថ្លែងថា៖«ពួកយើងនឹងឈរជាមួយនឹងពលរដ្ឋគុយបា ដើម្បីប្រឆាំងនឹងការគាបសង្កត់បែបកំម្មុយនីស្ត។ ពួកយើងដើរលើគន្លងដែលត្រឹមត្រូវមួយ។ ពលរដ្ឋគុយបាគឺជាមនុស្សល្អ។ កិច្ចព្រមព្រៀងដែលត្រូវបានព្រមព្រៀងជាមួយគុយបាដែលធ្វើឡើងដោយតែភាគីគណបក្សប្រជាធិបតេយ្យរបស់លោក អូបាម៉ាតែម្ខាងនោះ គឺបម្រើផលប្រយោជន៍ឲ្យតែរបប Castrol តែប៉ុណ្ណោះ។
លោក Trump កាលពីមុនធ្លាប់ថ្លែងប្រាប់ថា លោកគាំទ្រការធ្វើទំនាក់ទំនងល្អឡើងវិញជាមួយគុយបា ប៉ុន្តែត្រូវមានកិច្ចព្រមព្រៀងដែលប្រសើរជាងនេះ៕