ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Kerry៖ សកម្មភាព​របស់​រុស្ស៊ី​នៅ​ស៊ីរី​អាច​នឹង​ប្រឈម​មុខ​ជាមួយ​សម្ព័ន្ធ​ប្រឆាំង​រដ្ឋ​ឥស្លាម


លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស John Kerry និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ថា ​អាច​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុម​ចម្រុះ​ដែល​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ​ខណៈ​ដែល​សមភាគី​រុស្ស៊ី​របស់​លោក​បាន​អះអាង​ថា ​រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​កំពុង​ទទួល​ស្គាល់​គោល​ជំហរ​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​នៅ​ក្នុង​ជម្លោះ​នោះ។

កាសែត La Stampa របស់​ប្រទេស​អ៊ីតាលី​បាន​ដក​ស្រង់​សម្តី​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ John Kerry កាល​ពី​ថ្ងៃ​ពុធ​មក​ចុះ​ផ្សាយ​ថា ​លោក​បាន​ប្រាប់​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov ​ពីការ​ក្តីកង្វល់​របស់​សហរដ្ឋ​អាមេរិកអំពី​ការ​គាំទ្រ​ខាង​យោធា​របស់​រុស្ស៊ី​ដល់​រដ្ឋាភិបាល​ Bashar al-Assad​ នៃ​ប្រទេស​ស៊ីរី។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ប្រាប់​កាសែត​នោះ​ថា «សកម្មភាព​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​មាន​ការ​រាលដាល​ជម្លោះ​កាន់​តែ​ធំ​ឡើង​ ហើយ​នាំ​ឲ្យ​មាន​ការ​បាត់បង់​អាយុ​ជីវិត​ជន​ស្លូត​ត្រង់​ស៊ីវិល​កាន់​តែ​ច្រើន​ឡើង ​បង្កើន​លំហូរ​ជន​ភៀស​ខ្លួន​ហើយ​និងធ្វើ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​ក្រុម​ចម្រុះ​ដែល​កំពុង​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាមដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ស៊ីរី‍»។

រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយ​នៅ​ក្នុង​កំណត់​សម្គាល់​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង​មូស្គូ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សមានចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ដែល​គាំទ្រ​រដ្ឋាភិបាល ​Bashar al-Assad ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ដែល​ស្វះស្វែង​ដក​លើ​រដ្ឋាភិបាល​នោះ​ចេញ​ពី​តំណែង៕

XS
SM
MD
LG