លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកំពុងចាត់វិធានការខាងការទូតប្រឆាំងនឹងប្រទេសនានា ដែលគាំទ្រសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការស្ថាបនាការតាំងទីលំនៅរបស់អំបូរជនជាតិជ្វីពនៅក្នុងតំបន់ West Bank និងទីក្រុង East Jerusalem ដែលជនជាតិប៉ាឡេស្ទីនចង់ធ្វើជារដ្ឋធានីនៅពេលអនាគត។
នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu បានបញ្ជាឲ្យអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសញូវ៉ែលហ្សេឡង់និងប្រទេសសេណេហ្គាល់ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញដើម្បីពិភាក្សា។
ការបោះឆ្នោតកាលពីថ្ងៃសុក្របានគ្រោងធ្វើឡើងទៅតាមសំណើររបស់ប្រទេសចំនួនពីរខាងលើ ក៏ដូចជាប្រទេសវ៉េណេហ្ស៊ុយអេឡានិងម៉ាឡេស៊ី។ ប្រទេសអេហ្ស៊ីបបានស្នើសេចក្តីសម្រេចចិត្តនេះមុនគេ។ ក៏ប៉ុន្តែបានដកសំណើររបស់ខ្លួនវិញកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការហៅទូរស័ព្ទរវាងលោក Abdel Fattah el-Sissi ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីបនិងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
ការរកាំចិត្តនៅក្នុងរដ្ឋបាលរបស់លោកអូបាម៉ាបានបន្តមានឡើងលើការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលបានរីកដុះដាលឡើងកាលពីថ្ងៃសុក្រ នៅពេលដែលសហរដ្ឋអាមេរិកបានចាត់វិធានការមិនធ្លាប់មានកាលពីពេលមុនដែលអនុញ្ញាតឲ្យសេចក្តីសម្រេចចិត្តនោះបានអនុម័តនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
លោក Ben Rhode ទីប្រឹក្សាសន្តិសុខជាតិរងរបស់សេតវិមាន បានប្រាប់ពួកអ្នកយកព័ត៌មានថា «យើងមិនអាចបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីសម្រេចចិត្តនេះទេ»។
លោក Rhode បានមានប្រសាសន៍ថា ថ្វីបើសហរដ្ឋអាមេរិកគាំទ្រម្តងហើយម្តងទៀតដល់ប្រទេសអ៊ីស្រាអែល រដ្ឋាភិបាលអ៊ីស្រាអែលបានមិនអើពើម្តងហើយ ម្តងទៀតដល់ការព្រួយកង្វល់អំពីការតាំងទីលំនៅកាន់តែខ្លាំងឡើងនៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្លួនបានត្រួតត្រាចាប់តាំងពីឆ្នាំ១៩៦៧មក៕