កាលពីល្ងាចថ្ងៃសុក្រ លោក ប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ានិងលោកប្រធានាធិបតីគុយបា Raul Castro បានស្វាគមន៍និងចាប់ដៃរលាក់នៅក្នុងសន្និសីទកំពូលទ្វីបអាមេរិកនៅក្នុងប្រទេសប៉ាណាម៉ា (Panama)។
ក្រុមមន្ត្រីរដ្ឋបាលលោកអូបាម៉ាបាននិយាយថាការរាក់ទាក់ដាក់គ្នារវាងមេដឹកនាំទាំងពីរនាក់នេះមានលក្ខណៈក្រៅផ្លូវការ ហើយថាគ្មានការសន្ទនាគ្នាដែលមានសារៈសំខាន់ទេ។
គេរំពឹងថាលោកអូបាម៉ានិងលោក Castro នឹងជួបគ្នានៅថ្ងៃសៅរ៍នេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានសរសើរមេដឹកនាំទាំងពីរនាក់នេះនៅក្នុងពិធីបើកសន្និសីទនេះនៅក្នុងប្រទេសប៉ាណាម៉ា។
លោកបានមានប្រសាសន៍ថា៖
“ជាម្តងទៀតខ្ញុំសូមសរសើរដល់ភាពជាមេដឹកនាំរបស់លោកប្រធានាធិបតីអូបាម៉ានៃស.រ.អ. និងលោកប្រធានាធិបតី Castro ដែលបានផ្តើមគំនិតធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពធម្មតាប្រក្រតីវិញ។"
កាលពីថ្ងៃសុក្រលោកអូបាម៉ាបានមានប្រសាសន៍ថា លោកមានការពេញចិត្តដែលប្រទេសគុយបាបានចួលរួមជាដំបូងក្នុងសន្និសីទកំពូលនេះ។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងទៅកាន់ក្រុមមេដឹកនាំសង្គមស៊ីវិលនៅក្នុងសន្និសីទកំពូលនេះក្នុងក្រុងប៉ាណាម៉ា លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា លោកសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យមានទំនាក់ទំនងខាងការទូតសារជាថ្មីទ្បើងវិញជាមួយប្រទេសគុយបានឹងកែលម្អជីវភាពរបស់ប្រជារាស្ត្រគុយបា៕