លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អា.បានកោតសរសើរគ្រួសាររបស់ជនរងគ្រោះនៃការបាញ់ប្រហារសម្លាប់រង្គាលកាលពីថ្ងៃទី២ ខែធ្នូ នៅទីក្រុង San Bernardino រដ្ឋ California ដោយហៅពួកគេថា ជាក្រុមចម្រុះផ្សេងៗគ្នា ដែលតំណាងឲ្យរដ្ឋ ដែលមានជនជាតិចម្រុះពូជសាសន៍។
លោកនិយាយថា ជំនួបកាលពីថ្ងៃសុក្រជាមួយគ្រួសាររងគ្រោះគឺជា រឿងក្តុកក្តួល ប៉ុន្តែលោកនិយាយថា គ្រួសារទាំងនេះធ្វើឲ្យលោកមានកម្លាំងចិត្ត។ ហើយលោកមានជំនឿថា សោកនាដកម្មនេះនឹងនាំឲ្យមានការពិចារណាធ្វើអំពើល្អជួយគ្នា។ លោកប្រធានាធិបតី និងភរិយាគឺ លោកស្រី Michelle Obama ត្រូវមន្ត្រីមូលដ្ឋានទទួលស្វាគមន៍នៅអាកាសយានដ្ឋាន San Bernardino បន្ទាប់មកលោក និងភរិយាធ្វើដំណើរ ១០នាទីទៅកាន់វិទ្យាល័យមួយដើម្បីជួបជាមួយគ្រួសារទាំងនោះ និងអ្នកធ្វើអន្តរាគមន៍ដំបូង។ ប៉ុន្មានម៉ោងមុននោះ លោក Jerry Brown អភិបាលរដ្ឋ California បានប្រកាសភាពអាសន្ននៅសង្កាត់ San Bernardino ដោយបើកមូលនិធិរដ្ឋដើម្បីឲ្យអាជ្ញាធរមូលដ្ឋានអាចប្រើប្រាស់ក្នុងការចំណាយបន្ទាប់ពីមានអំពើហិង្សានេះ។
ការបាញ់ប្រហារនោះកើតមានឡើងនៅបន្ទប់សន្និសីទមួយ នៅពេល Syed Rizwan Farook ដែលមានដើមកំណើតនៅអាមេរិក និងភរិយាឈ្មោះ Tashfeen Malik កើតនៅប៉ាគីស្ថាន បានបាញ់ប្រហារអ្នកចូលរួមកិច្ចប្រជុំថ្ងៃបុណ្យរបស់សហការីរបស់ Farook មកពីមន្ទីរសុខាភិបាលសង្កាត់ San Bernardino។ មនុស្ស១៤នាក់បានស្លាប់ និង២២នាក់រងរបួសក្នុងការវាយប្រហារនោះ។ ប្តីប្រពន្ធនេះត្រូវប៉ូលិសបាញ់ស្លាប់ ប៉ុន្មានម៉ោងក្រោយមក ក្នុងការបាញ់បោះជាមួយប៉ូលិស។ ក្រុមរដ្ឋឥស្លាមបានអះអាងថា អ្នកទាំងពីរនេះជាអ្នកគាំទ្រខ្លួន តែមិនមែនជាសមាជិកក្រុមខ្លួននោះទេ៕