ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា និង​ ម៉ាឃែល នឹង​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច​ ភេរវកម្ម​និង​បញ្ហា​ដទៃទៀត


ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច​សកលលោក បញ្ហា​ភេរវកម្ម សន្តិសុខ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច​និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។
ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច​សកលលោក បញ្ហា​ភេរវកម្ម សន្តិសុខ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច​និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ចាកចេញ​ពី​ប្រទេស​អង់គ្លេស ហើយ​កំពុង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដែល​នៅ​ទី​នោះ លោក​និង​លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ នឹង​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច​សកលលោក បញ្ហា​ភេរវកម្ម សន្តិសុខ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច​និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​លោក អូបាម៉ា នៅក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ។

លោក អូបាម៉ា នឹង​ពិភាក្សា​ជាមួយ​លោក​ស្រី Merkel ក្រោយ​ពី​លោក​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​Hannover ​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អង់គ្លេស ដែល​នៅ​ទី​នោះ លោក បាន​ពិភាក្សា​បញ្ហា​ផ្សេងៗ​ជាច្រើន​ រួមទាំង​បញ្ហាពាណិជ្ជកម្ម​ផងដែរ។

​ក្រោយ​ពី​ថ្លែង​ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន លោក​ អូបាម៉ា និង​លោកស្រី Merkel ក៏​នឹង​បើក​សម្ភោធ​ជាផ្លូវ​ការ​ ពិពណ៌​ពាណិជ្ជកម្ម Hannover Messe ដែល​គេ​ចាត់ទុក​ថា​ ជា​ពិពណ៌​ពាណិជ្ជកម្ម​ឈានមុខគេ​នៅ​លើ​ពិភពលោក ខាង​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម។

ក្រុម​អ្នក​រៀបចំ​ការ​តាំង​ពិពណ៌​នេះ រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​ដាក់​តាំង​បង្ហាញ​ផលិតផល ចំនួន​៦៥០០​ ក្រុមហ៊ុន និង​អ្នក​ទស្សនា​ជាង​២សែន​នាក់ មក​ពីប្រទេស​សរុប​ចំនួន​៧០​ប្រទេស​ ចូលរួម​ក្នុង​ពិធី​តាំង​ពិពណ៌​នេះ។

មន្ត្រី​សេត​វិមាន និយាយ​ថា ព្រឹត្តិការណ៍​នេះ បង្ហាញ​ពី​សារសំខាន់​នៃ​កិច្ច​សហការ​រវាង​អាមេរិក​និង​អាល្លឺម៉ង់ លើ​បញ្ហា​ជាច្រើន រួមទាំង​ពាណិជ្ជកម្ម​និង​ជំនួញ​ផងដែរ។

ប្រទេស​ទាំង​ពីរ សង្ឃឹម​ថា នឹង​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច ឬ TTIP​។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ កំពុង​ត្រូវ​បាន​ចរចា​ដោយ​សហរដ្ឋ​អាមេរិក​និង​សភាព​អឺរ៉ុប៕

XS
SM
MD
LG