ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​សវនាការ ​ពេញអង្គ នួន ជា​ បដិសេធ​ការសម្លាប់​មនុស្ស​


រូបភាព​របស់​អតីត​បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នួន ​ជា អានឯកសាររបស់ខ្លួននេះ ត្រូវ​គេ​មើល​ឃើញ​តាមទូរទស្សន៍​ក្នុងតំបន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ​​
រូបភាព​របស់​អតីត​បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នួន ​ជា អានឯកសាររបស់ខ្លួននេះ ត្រូវ​គេ​មើល​ឃើញ​តាមទូរទស្សន៍​ក្នុងតំបន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ​​

អតីត​បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នួន ​ជា ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​សហព្រះរាជអាជ្ញា​លើ​រូប​ខ្លួន​ ក៏ប៉ុន្ដែ​បាន​ទទួល​ស្គាល់​ពី​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​បំពេញ​មហិច្ឆតា​ពង្រីក​វិស័យ​កសិកម្ម។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​តប​ជា​មួយ​នឹង​សហព្រះរាជអាជ្ញា​នៅ​ល្ងាច​នេះ ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​អាយុ ​៨៥​ឆ្នាំ​ន បាន​អះអាង​ថា​ គាត់​បាន​តស៊ូ​សម្រាប់​ផលប្រយោជន៍​កម្ពុជា។

«ចំពោះ​អ្វី​ទាំង​ប៉ុន្មាន​ដែល​បាន​ចោទ​នោះ​សុទ្ធ​តែ​ជា​រឿង​មិន​ពិត។ ​គោលជំហ​របស់​ខ្ញុំ​ក្នុង​បដិវត្តន៍​គឺ​ដើម្បី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ជា​ធំ។ ​គឺ​មិនមែន​កាប់​សម្លាប់​ប្រល័យ​ពូជសាសន៍​ស្អី​នោះ​ទេ»។

សហព្រះរាជអាជ្ញា​ទាំង​ពីរ​រូប​គឺ ​លោកស្រី ​ជា ​លាង ​និង​លោក​ អេនឌ្រូ ​ខេលី ​បាន​ទទូច​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បើក​ការកាត់ទោស​លើ​សំណុំរឿង​ ០០២​ ពី​ការទទួល​ខុសត្រូវ​របស់​ជន​ជាប់ចោទ​ទាំង​បី​នាក់ ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​ក្នុង​នោះ​មាន​នួន ​ជា ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ​និង​អៀង​ សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស។ ​ ពួក​គេ​ត្រូវ​បាន​ចោទ​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការសម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ ​១៩៧៩ ​ក្នុង​អំឡុង​ដែល​ពួក​គេ​កាន់​កាប់​អំណាច។ ​ក្នុង​នោះ​ពួក​គេ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន ​បង្អត់​អាហារ ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទំងន់ ​បង្ខំ​ឲ្យ​រៀបការ​ និង​ការ​ចេតនា​បោស​សម្អាត​ជនជាតិ​ចាម ​និង​ជន​ជាតិ​វៀតណាម​ជាដើម។

ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​គាត់​អាន​លើ​ក្រដាស​ស្ទើរ​តែ​មិន​ងើប​មុខ ​នួន​ ជា ​ចាត់​ទុក​ថា​ ការចោទ​ទៅ​លើ​រូប​គាត់​គ្រាន់​តែ​ជា​ផ្នែក​មួយ​ នៃ​ព្រឹត្តិការណ៍​ ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។

«ខ្ញុំ​គិត​ថា ​តុលាការ​នេះ​មាន​ភាព​មិន​យុត្តិធម៌​ សម្រាប់​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​មក​ម្លេះ​ ដោយ​ហេតុថា​យក​តែ​បញ្ហា​មួយ​ចំណែក​តែ​ប៉ុណ្ណោះ ​មក​ជំនុំជម្រះ។ ខ្ញុំ​សូម​និយាយ​ថា​ សត្វ​ក្រពើ​ខ្លួន​ទាំង​មូល ​គេ​យក​តែ​ខ្លួន​មក​និយាយ ​តែ​មិន​យក​ក្បាល ហើយ​នឹង​កន្ទុយ ​ដែល​ជា​ចំណែក​សំខាន់ ​ក្នុង​ការ​បម្រើ​ដល់​សកម្មភាព​រាល់​ថ្ងៃ​របស់​វា ​ឬ​ក្នុង​ន័យ​ម្យ៉ាង​ទៀត​គឺ​ថា​ឬស​គល់​របស់​វា​គឺ​ជា​អ្វី​ ដែល​ពី​មុន​ឆ្នាំ​១៩៧៥​ និង​ក្រោយ​ឆ្នាំ​១៩៧៦»។

យ៉ាង​ណា​ក៏​ដោយ ​នួន ​ជា ​ដែល​គេ​ជឿ​ថា​ ជា​មេ​មនោគមវិជ្ជា​នៃ​របប​ខ្មែរក្រហម​ បាន​ទទួល​ស្គាល់​ថា ក្រុម​មេដឹកនាំ​ខ្មែរក្រហម​បាន​រៀបចំ​គោលនយោបាយ​រួច​ជាស្រេច​នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៧៤​ ក្នុង​ការបណ្ដេញ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ពី​ទីក្រុង​ និង​ទី​លំនៅដ្ឋាន​របស់​ពួក​គេ​ដើម្បី​តាមដាន​ចលនា​របស់​ប្រទេស​វៀតណាម​ដែល​គាត់​ចោទ​ថា ​វៀតណាម​ចង់​លេប​ត្របាក់​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ។

«ដោយ​មាន​មូលហេតុ​ទាំង​ប៉ុន្មាន​ដែល​ពោល​ពី​ខាង​លើ ​យ៉ាងនេះ​ អង្គប្រជុំ​បាន​ធ្វើ​សេក្តីសម្រេច​ចិត្ត​ជា​ឯកឆ្ឆន្ធ​ថា៖ ទី​១ ក្នុង​ករណី​ដែល​ទីក្រុង​ភ្នំពេញ​បាន​រំដោះ ​យើង​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុងភ្នំពេញ ​និង​ទី​រួម​ខេត្ត​ជា​បណ្តោះអាសន្ន​ដើម្បី​តាមដាន​ពិនិត្យ​សភាពការណ៍​មួយ​រយៈ​សិន​ជា​ពិសេស ​ពិនិត្យ​សកម្មភាព​ជាក់ស្តែ​របស់​វៀតណាម។ ទី​២​ផ្អាក​ការ​ចាយ​លុយ​បណ្តោះអាសន្ន​សិន​ បង្ក​បង្កើន​ផល ​តើ​ដំណើរការ​ទៅ​ជា​យ៉ាងណា។ ទាល់​តែ​ការ​បង្កបង្កើនផល ​ពិសេស​បញ្ហា​ធ្វើ​ស្រែ​បាន​ទទួល​ផល​ល្អ ​ទើប​ទទួល​បាន​រឹងមាំ​ក្នុង​ការ​ធារនា​ដល់​តម្លៃ​លុយ​របស់​យើង»។

សំណុំរឿង​០០២ ​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​នាក់ ​ក៏​ប៉ុន្តែ​អៀង​ ធីរិទ្ធ ​អតី​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ ត្រូវ​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​ថា ​គាត់​មិន​មាន​សម្បទា​ល្អ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ចូលរួម​ការកាត់ទោស​នេះ​ទេ។

នៅ​ក្នុង​សេចក្ដីសន្និដ្ឋាន​ពី​ការចោទប្រកាន់​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​សហព្រះរាជអាជ្ញា​បរទេស​លោក​ អេនឌ្រូ ​ខេលី ​បាន​បង្ហាញ​ភស្ដុតាង​មួយ​ម្ដងៗ​ យ៉ាង​លម្អិត​ពី​ការ​ជាប់​ពាក់ពន្ធ័​នឹង​ការ​ទទួល​ខុស​ត្រូវ និង​បញ្ជា​របស់​មេដឹកនាំ​ខ្មែរក្រហម​ទាំង​បី​នាក់​នេះ​ ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ ការ​បោស​សម្អាត​ប្រជាជន។ លោក​ អេនឌ្រូ ​ខេលី ​បាន​ទទូច​ថា ត្រូវ​តែ​មាន​ការ​លាតត្រដាង​ទោស​កំហុស​ពី​មេដឹកនាំ​ទាំង​បី​នេះ​ដើម្បី​ឲ្យ​ជនរងគ្រោះ​អស់​ចិត្ត៕

XS
SM
MD
LG