សហគមន៍ខ្មែរនៅក្នុងរដ្ឋ Virginia ដែលជាប់នឹងរដ្ឋធានីវ៉ាស៊ីនតោននេះមិនជាធំប៉ុន្មានទេ គឺមានពលរដ្ឋចំនួនរាប់ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែពួកគេសកម្មក្នុងការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយតែងតែមានឥទ្ធិពលទៅដល់ជនរួមជាតិរបស់គេនៅឯរដ្ឋផ្សេងៗទៀត។
សន្លឹកឆ្នោតរបស់ពួកគេមិនផ្តល់ជូនគណបក្សដដែលៗទេ គឺផ្លាស់ប្តូរទៅតាមបញ្ហាអ្វីដែលពួកគេចង់បាន។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ ពួកគេផ្តោតលើបញ្ហាសេដ្ឋកិច្ច សុខាភិបាល ការអប់រំ និងនយោបាយការបរទេសជាអាទិភាព។
លោកស្រី រ៉ានី លូស៊ីនស្គី កំពុងសំឡឹងរកមើលបេក្ខជនណាដែលមានគោលការណ៍នយោបាយការបរទេសមិនគឃ្លើន មានផែនការសេដ្ឋកិច្ចល្អ និងបញ្ចុះតម្លៃឈ្នួលសាលា។
«ព្រោះខ្ញុំឃើញថាថ្លៃឈ្នួលសិក្សានៅ មហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកសព្វថ្ងៃនេះ គឺថ្លៃខ្ពស់ណាស់ ហើយខ្ញុំជឿថា ប្រទេសមួយដែលមានការជឿនលឿនបាន ទាល់តែប្រជាពលរដ្ឋមានចំណេះដឹង និងមានសមត្ថភាពខ្ពស់ គឺភាគច្រើនហ្វឹកហាត់នៅសាលា។ ចុះបើថ្លៃសាលាខ្ពស់ពេក ប្រជាពលរដ្ឋអត់មានលុយរៀននោះនឹងនាំឱ្យសមត្ថភាពចុះអត់ខ្សោយដែរ»។
លោកស្រីធ្លាប់បោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យ និងក្រោយមកដូរមកគណបក្សសាធារណរដ្ឋវិញ។
«ខ្ញុំអត់ជាប់តែមួយទេ។ ខ្ញុំសំឡឹងមើលថា តើបេក្ខជនហ្នឹងមានសមត្ថភាព មានលក្ខណៈល្អ ខ្ញុំនឹងបោះឆ្នោតជូនបេក្ខជននោះ។ ខ្ញុំមិននៅជាប់តែមួយថា ខ្ញុំជាសមាជិករបស់គណបក្សសាធារណរដ្ឋ ខ្ញុំត្រូវតែនៅបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋរហូតទេ ទោះបីជាគណបក្សសាធារណរដ្ឋហ្នឹងធ្វើមិនល្អក៏ដោយ។ ខ្ញុំអត់អីចឹងទេ»។
លោក តាន់ វិបុល ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀត តែងតែផ្លាស់ប្តូរគោលជំហរទៅតាមស្ថានការណ៍ចាំបាច់ក្នុងសហរដ្ឋអាមេរិកដែរ។ លោកធ្លាប់បានផ្លាស់ប្តូរគោលជំហរពីគណបក្សសាធារណរដ្ឋមកគណបក្សប្រជាធិបតេយ្យ។ សម្រាប់ការបោះឆ្នោតលើកនេះ លោកបានធ្វើការផ្លាស់ប្តូរមកជាអ្នកឯករាជ្យវិញ ដោយគ្រាន់តែមានទំនោរទៅរកគណបក្សប្រជាធិបតេយ្យ។
លោកបានពន្យល់ពីហេតុផលនៃការប្តូរចិត្តជាញឹកញាប់ថា៖
«យើងអត់ឆ្ពោះតែទៅលើគណបក្សតែមួយទេ។ យើងមើលតែអ្វីដែលជាអាទិភាពចម្បងសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ហើយបើសិនជាភាពអត់មានការងារធ្វើច្រើន តើយើងគួរតែជ្រើសរើសអ្នកដឹកនាំយ៉ាងម៉េច ដើម្បីធានាថា បង្កើតឱ្យមានកិច្ចការ ហើយបើសិនជាខាងសុខាភិបាលមិនល្អ តើគណបក្សណាមួយដែលចំណាយពេលចំណាយថវិកា ដើម្បីបង្កើនទំនុកទុកចិត្តនៅក្នុងវិស័យហ្នឹង»។
ដូចគ្នានេះដែរ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បានផ្តល់ការពន្យល់ពីអ្នកដែលសមនឹងទទួលសន្លឹកឆ្នោតរបស់លោក៖
«ខ្ញុំមើលចរិតបេក្ខជនហ្នឹងដែរម្ល៉ោះ ហើយខ្ញុំមិនទៅតាមគណបក្សណាតែមួយទេ។ ហើយមួយទៀត ខ្ញុំក៏មិនចង់ឃើញគណបក្សមួយណាឱ្យកាន់អំណាចយូរឆ្នាំផងដែរពីព្រោះតែកាលណាអំណាចវាចាក់ឫសទៅ ច្រើនតែធ្វើឱ្យអ្នកដឹកនាំ និងបក្សពួកពុករលួយធ្វើអ្វីផ្តេសផ្តាស»។
ការបោះឆ្នោតបឋមនៅរដ្ឋ Virginia ហាក់បង្ហាញពីសំទុះទឹកចិត្តនៃអ្នកបោះឆ្នោត និងកំណត់អ្នកមានជ័យជម្នះកាលពី៨ឆ្នាំមុន។ នៅពេលនោះអ្នកដែលចេញមកបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋ មានតែជិត៥០ម៉ឺននាក់ប៉ុណ្ណោះ ខណៈពេលដែលអ្នកបោះឆ្នោតមកពីខាងគណបក្សប្រជាធិបតេយ្យមានចំនួនច្រើនជាងពីរដង គឺរហូតដល់ជិតមួយលាននាក់។ នេះបើយោងតាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំរដ្ឋ Virginia។
ការបោះឆ្នោតបឋមនោះបានផ្តល់ជ័យជម្នះដល់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោក បារ៉ាក់ អូបាម៉ា និងក្រោយមកនាំឱ្យលោកឈ្នះក្នុងការបោះឆ្នោតជាតិ ហើយបានចូលកាន់តំណែងក្នុងសេតវិមាន។
សម្រាប់ការបោះឆ្នោតបឋមឆ្នាំនេះនៅរដ្ឋ Virginia ដែលបានរៀបចំកាលពីថ្ងៃទី១ ខែមិនា គឺមានអ្នកចេញមកបោះឆ្នោតសម្រាប់បេក្ខជនគណបក្សសាធារណរដ្ឋរហូតដល់ចំនួនជាងមួយលាននាក់ រីឯអ្នកដែលចេញមកបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យមានតែជិត៨០ម៉ឺននាក់ប៉ុណ្ណោះ។
ពលរដ្ឋខ្មែរ-អាមេកាំងខ្លះដែលរស់នៅក្នុងរដ្ឋ Virginia ក៏គិតគូរហូតដល់បញ្ហានៅក្នុងប្រទេសកម្ពុជាដែរ។
សម្រាប់លោក ព្រហ្ម សៅរ៍ណូរ៉ា ប្រធានកិត្តិយសនៃសមាគមមិត្តខ្មែរអាមេរិកាំង ដែលធ្វើសកម្មភាពយ៉ាងសកម្មជួយដល់បុព្វហេតុនានាក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានសម្រេចថា នឹងបោះជូនគណបក្សសាធារណរដ្ឋ ដោយសារលោកយល់ថា ប្រធានាធិបតីមកពីគណបក្សនេះតែងតែគិតគូរដល់ប្រទេសកម្ពុជាច្រើនជាង។
«ផលប្រយោជន៍ជាតិកម្ពុជា វាធំជាងផលប្រយោជន៍ជាតិសហរដ្ឋអាមេរិក ពីព្រោះយើងនៅក្នុងសហរដ្ឋអាមេរិកនេះ យើងមានគ្រប់គ្រាន់អស់ហើយ។ សេរីភាពក៏យើងមាន។ យើងមានលុយកាក់ក៏មិនខ្វះ។ ស្អីក៏មិនខ្វះការថែរក្សាសុខភាពក៏មិនមានចំណោទ។ ដូច្នេះរឿងដែលសំខាន់ជាងគេ គឺរឿងការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងសេរីភាពប្រជាពលរដ្ឋនៅក្នុងកម្ពុជា»។
លោកគាំទ្រលោក ដូណល់ ត្រាំ (Donald Trump) បើទោះបីជាមហាជនខ្លះមិនពេញចិត្តចំពោះអាកប្បកិរិយា និងគោលនយោបាយមួយចំនួនរបស់មហាសេដ្ឋីរូបនេះជាពិសេសលើគោលនយោបាយជនអន្តោប្រវេសន៍។ ប៉ុន្តែនេះហាក់ដូចជាមិនជាបញ្ហាអ្វីទេសម្រាប់លោក សៅរ៍នរ៉ា។
«លោក ដូណល់ ត្រាំ គាត់មានរបៀបគាត់និយាយរបៀបនេះ ដោយសារគាត់ជាអ្នករកស៊ី។ ដូច្នេះសម្តីគាត់និយាយអីចឹងឯង។ អ្នករកស៊ី គេនិយាយសម្រេចចិត្តដាច់ណាត់។ ប៉ុន្តែមិនមែនថាដូរមិនកើតទេ។ គេមើលថាចំណេញខាតយ៉ាងម៉េចគេដូរអីចឹងហើយ»។
លោក យ័ប គឹមទឹង ក៏បានសម្តែងការកោតសរសើចំពោះលោក ដូណល់ ត្រាំ ដែលបានបំបែកទម្លាប់ក្នុងគណបក្ស ដោយសារតែលោកហ៊ានរិះគន់គណបក្សនេះហើយនៅតែមានលទ្ធភាពទាក់ទាញអ្នកគាំទ្រក្នុងបក្សបានទៀត។
«ដូចអស្ចារ្យម្យ៉ាងដែរ ដែលថានៅស្រុកនេះបេក្ខជននីមួយៗ គេមានសេរីភាពនិយាយខ្លាំងៗ ទោះបីជាគេប្រឆាំងគណបក្សក៏គេអត់មានទោស»។
ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ លទ្ធផលឆ្នោតដែលទទួលបាននៅរដ្ឋ Virginia នេះហាក់ដូចជាកំណត់អ្នកដែលនឹងមានសិទ្ធិទៅកាន់តំណែងក្នុងសេតវិមានជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ ដូចជាក្នុងការបោះឆ្នោតឆ្នាំ២០០០ និងឆ្នាំ២០០៤ លោកប្រធានាធិបតី ចច ប៊ូស បានឈ្នះនៅទីនេះ ហើយនៅឆ្នាំ២០០៨ និងឆ្នាំ២០១២ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏បានឈ្នះនៅក្នុងរដ្ឋនេះផងដែរ។
សម្រាប់លោក យុទ្ធ ហ៊ាន ការបោះឆ្នោតនៅសហរដ្ឋអាមេរិកអាចនឹងជះឥទ្ធិពលមួយផ្នែកដល់តំបន់អាស៊ី ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកចូលពាក់ព័ន្ធកាន់តែខ្លាំងនៅក្នុងតំបន់យុទ្ធសាស្រ្តនេះ។
លោក យុទ្ធ ហ៊ាន ដែលងាកមកគាំទ្រគណបក្សសាធារណរដ្ឋនៅអណត្តិនេះ យល់ថាប្រធានាធិបតីថ្មីនឹងអាចមានការគិតគូរច្រើនជាងមុនដល់ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា ដែលលោកមើលថាកាន់តែធ្លាក់ដុនដាប។
«ឥឡូវនេះសិទ្ធិមនុស្សនៅស្រុកខ្មែរកំពុងតែធ្លាក់ចុះធ្ងន់ហើយ ដោយសារពួកហ្នឹងធ្វើបុករុកដល់ក្រុមអ្នកប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្សដើម្បីធ្វើឱ្យវឹកវររឿងបោះឆ្នោត»។
បេក្ខជនដែលគេសន្មត់ថាជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោកមហាសេដ្ឋីអចលនទ្រព្យ ដូណល់ ត្រាំ។ រីឯខាងគណបក្សប្រជាធិបតេយ្យវិញគឺនៅមិនទាន់ដាច់ស្រេចរវាងលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)អតីតរដ្ឋមន្ត្រីការបរទេសនិងលោក ប៊ឺនី សែនឌ័រ (Bernie Sanders) សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont។ ប៉ុន្តែលោកស្រី គ្លីនតុន ទទួលបានប្រតិភូច្រើនជាងក្នុងការបោះឆ្នោតបឋមកន្លងមក ដែលធ្វើឱ្យអ្នកវិភាគជាច្រើនបានផ្តូរផ្គងថា នៅវគ្គចុងក្រោយគឺលោកស្រីនឹងត្រូវប្រកួតជាមួយនឹងលោក ដូណល់ ត្រាំ។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនមានសិទ្ធិឈរឈ្មោះឡើងវិញទេ ដោយសាររដ្ឋធម្មនុញ្ញបានហាមឃាត់មិនឱ្យលោកឈរឈ្មោះលើសពីពីរអណត្តិឡើយ៕