ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន


រថយន្ត​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក Kim Jong Un ធ្វើ​ដំណើរ​ចូល​ក្នុង​សណ្ឋាគារ​ Diaoyutai State ក្នុង​ក្រុង​ប៉េកាំង ប្រតេស​ចិន កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ ដែល​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​គ្រោង​នឹង​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​របស់​លោក​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

ដំណើរ​ទស្សនកិច្ច​លើក​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ៣ ហើយ​របស់​លោក Kim Jong Un ទៅ​កាន់​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ​នេះ។ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Kim Jong Un នេះ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

សន្តិសុខ​ត្រូវ​បាន​រឹង​បន្តឹង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​រួម​ទាំង​ផ្លូវ​ទៅ​កាន់​សណ្ឋាគារ​រដ្ឋ Diaoyutai ផង​ដែរ ដែល​នេះ​គឺ​ជា​កន្លែង​ដែល​មន្ត្រី​ជាន់​ខ្ពស់​ចិន​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​ជា​កន្លែង​ដែល​លោក Kim Jong Un បាន​ស្នាក់នៅ​នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​កាល​ពី​ដើម​ឆ្នាំ​នេះ​របស់​លោក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Geng Shuang បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Kim Jong Un លើក​នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដើម្បី «ជំរុញ​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់»៕

XS
SM
MD
LG