ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចេញ​សេចក្ដី​ព្រមាន​អំពី​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កូរ៉េ​ខាង​ជើង


និមិត្តសញ្ញា​របស់​ទីភ្នាក់ងារ FBI នៅ​លើ​ផែនទី​របស់​សហរដ្ឋ​អាមេរិក។
និមិត្តសញ្ញា​របស់​ទីភ្នាក់ងារ FBI នៅ​លើ​ផែនទី​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចេញ​នូវ​សេចក្ដី​ក្រើន​រំឭក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដ៏​កម្រ​មួយ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​បាន​រិះគន់​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​បាន​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ច្រើន​លើក​ច្រើន​សារ​ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក និង​បាន​ព្រមាន​ថា ការ​វាយ​ប្រហារ​បែប​នេះ​ទំនង​ជា​នឹង​កើត​ឡើង​បន្ថែម​ទៀត។

ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ បាន​កំណត់​អាសយដ្ឋាន IP របស់​កុំព្យូទ័រ ដែល​ពាក់ព័ន្ធ​នឹង​មេរោគ​អ៊ីនធឺណិត​ឈ្មោះ DeltaCharlie ដែល​សំដៅ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ វិស័យ​ដែន​អាកាស វិស័យ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំង​មូល។

សេចក្ដី​ក្រើន​រំឭក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នេះ អំពាវនាវ​ឲ្យ​ស្ថាប័ន​នានា​បង្ហាញ​នូវ​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​ពួក​គេ​អាច​មាន​អំពី​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​សហរដ្ឋ​អាមេរិក​បាន​ហៅ​សកម្មភាព​ដូច​នេះ​ថា ‍«ពស់​វែក​លាក់​ខ្លួន‍»។

សេចក្ដី​ក្រើន​រំឭក​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​ប្រើប្រាស់ ឬ​អ្នក​គ្រប់គ្រង​អ៊ីនធឺណិត រក​ឃើញ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ជា​សកម្មភាព​ពស់​វែក​លាក់​ខ្លួន​នោះ អ្វី​នោះ​គួរតែ​កំណត់​ទុក​ភ្លាមៗ និង​រាយការណ៍​ទៅ​មជ្ឈមណ្ឌល​ទំនាក់ទំនង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សមាហរណកម្ម​ជាតិ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ ឬ​ផ្នែក​អង្កេត​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ទីភ្នាក់ងារ FBI‍»។

កន្លង​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ជា​បន្ត​បន្ទាប់​នូវ​ការ​ពាក់ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​នោះ៕

XS
SM
MD
LG