កូរ៉េខាងជើងសាកល្បងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបពីនាវាច្រមុជទឹក ប៉ុន្តែគ្រាប់មីស៊ីលនោះទំនងជាបានបរាជ័យក្រោយពីបាញ់រួច។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបាននិយាយថា ម៉ាស៊ីនរបស់គ្រាប់មីស៊ីលនោះបានឆេះ ប៉ុន្តែបានផ្ទុះក្នុងចម្ងាយប្រមាណ១០គីឡូម៉ែត្រនៅលើអាកាស។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលនោះបានហោះក្នុងចម្ងាយប្រមាណ២-៣គីឡូម៉ែត្រនៅលើទឹកតែប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មាននេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់គ្រាប់មីស៊ីលពីនាវាច្រមុជទឹកដែលអាចផ្ទុកទម្ងន់បាន២ពាន់តោន កាលពីព្រឹកថ្ងៃសៅរ៍ ពីឆ្នេរសមុទ្រប៉ែកខាងកើតក្បែរទីក្រុង ស៊ីនប៉ូ របស់កូរ៉េខាងជើង។
មន្ត្រីក្រសួងការពារប្រទេសរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនមិនអាចបញ្ជាក់បាននោះទេ ថាតើគ្រាប់មីស៊ីលនោះហោះក្នុងចម្ងាយប៉ុណ្ណា ឬបានចុះចតនៅទីណា ប៉ុន្តែក្រសួងនេះបានឲ្យដឹងថា កូរ៉េខាងជើងបានបំពានទៅនឹងសេចក្តីសម្រេចអង្គការសហប្រជាជាតិម្តងហើយម្តងទៀត តាមរយៈការបន្តបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបនេះ។
លោក Gary Ross អ្នកនាំពាក្យរបស់មេបញ្ជាការទ័ពជើងទឹកអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារដើមយ៉ាងដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំងទៅលើការសាកល្បងគ្រាប់មីស៊ីលលើកនេះនិងក្នុងពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលបំពានយ៉ាងច្បាស់ដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងមិនឲ្យបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប៕