ខណៈដែលគណបក្សសាធារណរដ្ឋចាប់ផ្តើមរួបរួមគ្នាចំពោះបេក្ខភាពលោក Donald Trump ដែលគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋនោះ មានការគាំទ្រយ៉ាងគួរឲ្យភ្ញាក់ផ្អើលមួយមកពីប្រទេសកូរ៉េខាងជើង។
នៅក្នុងបទវិចារណកថាមួយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសកូរ៉េខាងជើងលើគេហទំព័រ Today បានហៅបេក្ខជនឈរឈ្មោះប្រធានាធិបតីដែលជាមហាសេដ្ឋីរូបនេះ ថាជា «អ្នកនយោបាយឈ្លាសវៃម្នាក់» និងបានបង្កប់ន័យថា បេក្ខភាពប្រធានាធិបតីរបស់លោក Trump នឹងផ្តល់ផលប្រយោជន៍ដល់កូរ៉េខាងជើង។
អត្ថបទបញ្ចេញមតិមួយដែលសរសេរដោយបញ្ញវន្តកូរ៉េប្រចាំនៅប្រទេសចិន ដែលត្រូវបានគេស្គាល់ឈ្មោះថា Han Yong Muk បានសរសេរថា «តាមពិត លោក Trump មិនមែនជាបេក្ខជនដែលនិយាយគ្រោតគ្រាត ចម្លែក និងមិនដឹងខុសត្រូវ ដូចដែលគេនិយាយនោះទេ ប៉ុន្តែតាមពិតទៅ លោកគឺជាអ្នកនយោបាយឈ្លាសវៃម្នាក់ ហើយក៏ជាបេក្ខជនឈរឈ្មោះប្រធានាធិបតីម្នាក់ដែលអាចប៉ាន់ស្មានរឿងរ៉ាវទុកជាមុនផងដែរ»។ នោះក៏ជាបទវិចារណកថាដូចគ្នាដែលបាននិយាយចំអកឲ្យលោកស្រី Hillary Clinton ដែលសង្ឃឹមថាក្លាយជាប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដោយបានហៅលោកស្រីថា «ជាបេក្ខជនដែលមិនគួរឲ្យចាប់អារម្មណ៍»។
លោក Trump បានមានប្រសាសន៍ថា លោកនឹងជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហើយលោកនឹងបើកចិត្តទូលាយក្នុងការដកកងទ័ពអាមេរិកពីប្រទេសកូរ៉េខាងត្បូង ដែលនេះជាចំណាត់ការមួយដែលកូរ៉េខាងជើងនឹងសាទរ។
កូរ៉េខាងជើងចង់ឲ្យអាមេរិកដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូងជាយូរណាស់មកហើយ ដោយកូរ៉េខាងជើងមើលឃើញថា វាគឺជាជំហានទីមួយក្នុងការឆ្ពោះទៅរកការបង្រួបបង្រួមគ្នា។
បទវិចារណកថានោះបានបង្កប់ន័យថា លោក Trump នឹងមិនចង់ឲ្យសហរដ្ឋអាមេរិកពាក់ព័ន្ធនៅក្នុងជម្លោះរវាងប្រទេសទាំងពីរនោះទេ ដែលយោងតាមទស្សនៈកូរ៉េខាងជើង វាគឺជារឿងល្អសម្រាប់ពួកគេ៕