វាមិនមែនជាការបាញ់បង្ហោះកាំជ្រួចមីស៊ីល ឬការសាកល្បងអាវុធនុយក្លេអ៊ែរទេ។ ក៏ប៉ុន្តែការបង្ហាញនាវាមុជទឹកថ្មីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាវិធីថ្មីៗបំផុតដែលកូរ៉េខាងជើងបង្ហាញដើម្បីដាក់គំនាបលើសហរដ្ឋអាមេរិក នៅពេលដែលការចរចានុយក្លេអ៊ែរចាប់ផ្តើម។
បណ្តាញព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានចេញផ្សាយរូបភាពរបស់ គីម ជុងអ៊ុន កំពុងពិនិត្យមើលនាវាមុជទឹកស្ថាបនាថ្មី ដោយនិយាយថា នាវាមុជទឹកនោះ នឹងត្រូវប្រើប្រាស់នៅក្នុងផ្ទៃទឹកទល់មុខឆ្នេរសមុទ្រផ្នែកខាងកើតរបស់កូរ៉េ។
ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េ បានរាយការណ៍ថា «គីម ជុងអ៊ុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងដែលនាវាមុជទឹកនោះ បានត្រូវរចនា និងស្ថាបនាដែលមានសមត្ថភាពអនុវត្តបានពេញលេញនូវគោលបំណងយុទ្ធសាស្ត្រខាងយោធារបស់បក្សគ្រប់កាលៈទេសៈទាំងអស់»។
ទោះយ៉ាងណាក៏ដោយ អត្ថបទនោះមិនបានប្រាប់ថាតើប្រភេទអាវុធអ្វីដែលនាវាមុជទឹកនោះមានទេ។ ការយោងដល់សមត្ថភាពយុទ្ធសាស្ត្រ មានន័យថា នាវាមុជទឹកនោះ អាចប្រើកាំជ្រួចមីស៊ីលដែលផ្ទុកអាវុធនុយក្លេអ៊ែរសម្រាប់គោលបំណងខាងយុទ្ធសាស្ត្របង្អាក់ការវាយប្រហារ។
នាវាមុជទឹកថ្មី ជាការធ្វើឲ្យនឹកឃើញថា កូរ៉េខាងជើង បន្តអភិវឌ្ឍន៍ និងធ្វើកម្មវិធីអាវុធប្លែកៗរបស់ខ្លួន នៅពេលមានការអូសបន្លាយពេលវេលាក្នុងការចរចាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
ការអភិវឌ្ឍកាំជ្រួចមីស៊ីលផ្លោងដែលបាញ់បង្ហោះដោយផ្កាយរណប ឬ SLBMs នឹងបន្ថែមសមាសភាពថ្មីដែលមិនអាចទស្សន៍ទាយបានថ្មីសម្រាប់ឃ្លាំងរបស់កូរ៉េខាងកូរ៉េជើង។ កាំជ្រួចមីស៊ីលផ្លោងដែលបាញ់បង្ហោះដោយផ្កាយរណប ឬ SLBMs អាចចល័តបាន។ វាមានភាពងាយស្រួលកាន់តែខ្លាំងឡើងដើម្បីលាក់៕