ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​និយាយ​ថា ​ខ្លួន​មិន​ចង់​ចរចា​ជាមួយ​អាមេរិក​ទេ


រូប​ឯកសារ៖ លោក Kim Song ប្រធាន​ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង​ ថ្លែង​នៅ​ក្នុង​ការ​ជជែកដេញដោល​ក្នុង​មហាសន្និបាត​អ.ស.ប.​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Kim Song ប្រធាន​ក្រុម​ប្រតិភូ​កូរ៉េ​ខាង​ជើង​ ថ្លែង​នៅ​ក្នុង​ការ​ជជែកដេញដោល​ក្នុង​មហាសន្និបាត​អ.ស.ប.​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េខាង​ជើង​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​ចាត់​ទុក​ថា​ ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លើក​ពេល​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជារឿង​វិជ្ជមាន តែ​ការ​អនុម័ត​សេចក្តី​សម្រេចរបស់​អ.ស.ប.​ដែល​រិះគន់​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាងជើង​បាន​បំផ្លាញ​បំណង​កូរ៉េខាងជើង​ក្នុង​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ​« អាមេរិក​សុបិន្ត​ចង់​ទម្លាក់​ប្រព័ន្ធ​របស់​យើង ​នៅ​ពេល​កិច្ច​ពិភាក្សា​រវាង​កូរ៉េខាង​ជើង​ និង​ស.រ.អា.​ជា​របៀប​វារៈ​សំខាន់​ដែល​បង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​គ្មាន​ចេតនា​ធ្វើ​ការ​ជា​មួយ​យើង​ដោយ​ស្មោះត្រង់​ ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។​ ដូច្នេះយើង​គ្មាន​ឆន្ទៈ​ជួប​ដៃគូ​សន្ទនា​បែប​នេះ​ទេ»។​

សហ​រដ្ឋ​អាមេរិក​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​បាន​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កូរ៉េខាង​ជើង​នៅ​ក្នុង​គណៈកម្មាធិការ​មហា​សន្និបាត​អ.ស.ប.​អំពី​សិទ្ធិមនុស្ស។ ​សេចក្តី​សម្រេច​ត្រូវ​បាន​អនុម័ត​ដោយ​ការ​មូលមតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​រួម​បញ្ចូល​ការ​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ្នក​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​នេះ​ប្តឹង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​ កូរ៉េខាង​ជើង​កាល​ពីថ្ងៃ​ចន្ទ​បាន​និយាយ​ថា​ស.រ.អា.​បាន «បង្ក​រឿង​នយោបាយ​មួយ​ទៀត» ដោយ​បាន​គាំទ្រ​សេចក្តី​សម្រេច​នេះ។​ សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ត្រូវ​គេ​រំពឹងថា​ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​មហា​សន្និបាត​ទាំង​មូល​នៅ​ខែ​ក្រោយ៕

XS
SM
MD
LG