ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា ទំនាក់ទំនង​រវាង​លោក Trump និង​លោក Kim Jong Un នៅតែ «ពិសេស»


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់ដៃប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un នៅ​ភូមិ Panmunjom នៅ​តំបន់ DMZ ក្នុងប្រទេស​កូរ៉េខាងត្បូង។

សេចក្ដី​ប្រកាស​នេះ​យោង​ទៅ​លើ​ការ​លើក​ឡើង​របស់​ទីប្រឹក្សា​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Kim Kye Gwan ដែល​បាន​និយាយ​ជាមួយ​នឹង​លោក Kim Jong Un «កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន»។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​បន្ត​មាន​ទំនាក់ទំនង «ពិសេស» ជាមួយ​គ្នា ទោះបីជា​មាន​ភាព​ជាប់​គាំង​រឿង​ចរចា​នុយក្លេអ៊ែរ​ក៏​ដោយ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន KCNA នេះ បាន​រិះគន់​មន្ត្រី​អាមេរិកាំង​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​មាន​ភាព​រកាំរកូស។

សេចក្ដី​ប្រកាស​នេះ​យោង​ទៅ​លើ​ការ​លើក​ឡើង​របស់​ទីប្រឹក្សា​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Kim Kye Gwan ដែល​បាន​និយាយ​ជាមួយ​នឹង​លោក Kim Jong Un «កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន»។

លោក Kim Kye Gwan បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​អាច​អះអាង​បាន​គឺ​ថា ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក [Kim Jong Un] ប្រធាន​គណៈកម្មការ​កិច្ចការ​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump គឺ​រឹងមាំ ហើយ​លោក​ទាំង​ពីរ​នៅតែ​មាន​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដដែល»។

លោក​បាន​បន្ត​ថា៖ «បញ្ហា​គឺ​ថា ផ្ទុយ​ទៅ​នឹង​ការ​វាយ​តម្លៃ​ផ្នែក​នយោបាយ និង​គោល​បំណង​របស់​លោក​ប្រធានាធិបតី Trump ក្រុម​មន្ត្រី​នយោបាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​អ្នក​ធ្វើ​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ប្រឆាំង​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​គ្មាន​ហេតុ​ផល ដោយ​មាន​គំនិត​លំអៀង​ទាំង​ផ្នែក​ចិត្តសាស្ត្រ និង​មនោគមវិជ្ជា​ដែល​បន្សល់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់»។

សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​កាល​បរិច្ឆេទ​នៅ​ដំណាច់​ចុង​ឆ្នាំ​នេះ ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំណត់​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្ដូរ​វិធីសាស្ត្រ​របស់​ខ្លួន​ចំពោះ​ការ​ចរចា​នុយក្លេអ៊ែរ។

លោក Trump និង​លោក Kim Jong Un បាន​ជួប​ប្រជុំ​គ្នា ៣ លើក​រួច​មក​ហើយ​តាំង​ពី​ខែ​មិថុនា ឆ្នាំ​មុន​មក និង​បាន​ផ្ញើ​លិខិត​ទៅ​វិញ​ទៅ​មក​ផង​ដែរ៕

XS
SM
MD
LG