នាយករដ្ឋមន្រ្តីអូស្រា្តលីលោក Scott Morrison បានថ្លែងនៅចំពោះមុខសមាជិកសភា នៅក្នុងសម័យប្រជុំសភានៅថ្ងៃព្រហស្បតិ៍នេះថា និសិ្សតឈ្មោះ Alek Sigley ត្រូវបានដោះលែងឲ្យមានសេរីភាព និងមានសុវត្ថិភាពហើយ។
លោក Sigley បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលលោកធ្វើដំណើរមកដល់ព្រលានយន្តហោះក្នុងទីក្រុងប៉េកាំងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា «ខ្ញុំសុខសប្បាយជាទេ ហើយខ្ញុំមានសុខភាពល្អជាធម្មតា»។ ប៉ុន្តែលោកមិនបានឆ្លើយទៅនឹងសំណួរអំពីការចាប់ខ្លួនលោកទេ។
ឳពុករបស់លោកឈ្មោះ Gary បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Perth ដែលជាស្រុករបស់លោកថា Alek នឹងធ្វើដំណើរបន្តទៅទីក្រុងតូក្យូ ដើម្បីជួបជុំជាមួយនឹងភរិយារបស់លោក ។ នេះបើយោងតាមសារព័ត៌មានជាតិ Yuka Morinagaរបស់ជប៉ុន។
លោក Alek Sigley វ័យ ២៩ឆ្នាំ ដែលកំពុងសិក្សានិងរស់នៅក្នុងក្រុងព្យុងយ៉ាង បានបាត់ខ្លួនកាលពីថ្ងៃទី២៥ខែមិថុនា។ ក្រុមគ្រួសាររបស់លោកបានចាប់ផ្តើមសង្ស័យនៅពេលដែលពួកគេមិនឃើញការបង្ហោះសារថ្មីៗនៅលើគណនីបណ្តាញសង្គមរបស់លោក ដែលជាធម្មតាលោកតែងតែបង្ហោះរូបថត និងសារជាច្រើនអំពីជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបអាថ៌កំបាំងនេះ។
ស្ថានទូតស៊ុយអ៊ែតបានលើកយកករណីចាប់ខ្លួនលោក Alek Sigley មកពិភាក្សាជាមួយនឹងក្រុមមន្រ្តីកូរ៉េខាងជើងកាលពីថ្ងៃពុធ ដោយសាររដ្ឋាភិបាលក្រុងកង់ប៊េរ៉ា គ្មានទំនាក់ទំនងការទូតជាមួយនឹងរដ្ឋាភិបាលក្រុងព្យូងយ៉ាង។ លោក នាយករដ្ឋមន្រ្តី Morrison បានថ្លែងអំណរគុណដល់ប្រទេសស៊ុយអ៊ែត ដែលបានជួយរក្សាសន្តិសុខដល់ការដោះលែងលោក Alek Sigley៕