ប្រទេសកូរ៉េខាងជើងដែលបានបិទព្រំដែនភាគច្រើនរបស់ខ្លួនដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩នោះ នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្នុងប្រទេសនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើងបានឱ្យដឹងថា គេបានយកសំណាកពីមនុស្សមួយក្រុមនៅក្នុងរដ្ឋធានីព្យុងយ៉ាងទៅធ្វើតេស្តកាលពីថ្ងៃអាទិត្យ។ ការវិភាគធ្វើតេស្តបានបង្ហាញលទ្ធផលដែលមានលក្ខណៈដូចគ្នាទៅនឹងប្រភេទវីរុសអូមីក្រុងBA.2។ គេមិនបានដឹងពីចំនួនមនុស្សប៉ុន្មាននាក់ដែលត្រូវបានធ្វើតេស្តរកឃើញមានជំងឺកូវីដ១៩នោះឡើយ។
នេះជាការកត់សម្គាល់លើកដំបូងដែលកូរ៉េខាងជើងបានទទួលស្គាល់ករណីឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីខ្លួនបានបិទព្រំដែនកាលពីខែកុម្ភៈឆ្នាំ២០២០ដែលជាចំណាត់ការមួយរបស់ខ្លួននៅដាច់ពីគេ ខណៈពេលដែលជំងឺនេះបានឆ្លងរាតត្បាតនៅពាសពេញពិភពលោក។
កិច្ចប្រជុំការិយាល័យនយោបាយមួយត្រូវបានធ្វើឡើងជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ដោយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានបញ្ជាឲ្យបិទរាល់សកម្មភាពសង្គមទាំងអស់នៅក្នុងទីក្រុងនិងស្រុកនានានិងបានណែនាំឱ្យទីតាំងផលិតផលនិងជំនួញនានាត្រូវបើកដំណើរការដោយដាក់ឱ្យនៅពីគេដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃវីរុសដ៏គ្រោះថ្នាក់នេះ។
លោក Kim Jong-un និយាយថា បក្សនិងរដ្ឋាភិបាលកូរ៉េខាងជើងនឹងប្រមូលការផ្គត់ផ្គង់បរិក្ខារពេទ្យដែលមានក្នុងឃ្លាំងដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋនៃកូរ៉េខាងជើង។ លោកក៏បានបញ្ជាឲ្យពង្រឹងការការពារព្រំដែនគោក ទឹក និងអាកាសផងដែរ។
លោក Kim ក៏បានលើកឡើងផងដែរថា អ្វីដែលគ្រោះថ្នាក់ជាងវីរុសទៅទៀតនោះគឺការភ័យខ្លាចដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ ការខ្វះជំនឿចិត្តនិងឆន្ទៈទន់ខ្សោយ។ លោកបន្ថែមទៀតថា រដ្ឋកូរ៉េខាងជើងមួយនេះនឹងយកឈ្នះទៅលើស្ថានភាពដ៏បន្ទាន់ក្នុងពេលនេះ ដោយសារខ្លួនមានសមត្ថភាពខ្លាំងក្នុងការរៀបចំចាត់ចែងនិងបានសរសើរដល់ការយល់ដឹងរបស់ពលរដ្ឋ នៅក្នុងយុទ្ធនាការការពារប្រឆាំងនឹងការរាតត្បាតឆ្លងនៃជំងឺកូវីដ១៩ក្នុងគ្រាបន្ទាន់នេះដែលអាចមានរយៈពេលវែងនោះ។
អង្គការសហប្រជាជាតិតាមរយៈកម្មវិធី COVAX របស់ខ្លួនបានបញ្ជាក់កាលពីដើមខែនេះថា ខ្លួនបានផ្តល់វ៉ាក់សាំងដែលត្រូវទុកបម្រុងឱ្យកូរ៉េខាងជើងនោះទៅឱ្យប្រទេសផ្សេងវិញហើយ បន្ទាប់ពីប្រទេសនេះបានបដិសេធមិនព្រមទទួលយកជំនួយវ៉ាក់សំាងនេះអស់រយៈពេលជាច្រើនខែកន្លងទៅ៕