ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សាកល្បង​អាវុធ​បរមាណូ​របស់​កូរ៉េ​ខាង​ជើង​គឺ​ជា​ ចំណុច​ពិភាក្សា​គន្លឹះ​សម្រាប់​លោក​ចន ឃែរី


លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់សន្និសីទសារព័ត៌មាន (Press Statement) អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅសណ្ឋាគារ Raffle Le Royal នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​ ចន ឃែរី(John Kerry) នឹង​ជំរុញ​ប្រទេស​ចិន ឲ្យ​ធ្វើ​កិច្ច​ការ​ច្រើន​ថែម​ ដើម្បី​ដាក់​សម្ពាធ​លើ ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ឲ្យ​បញ្ឈប់​ការ​សាកល្បង​បរមាណូ​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស​នោះ នៅពេល​ដែល​លោក​ជួប​ជាមួយ​មន្ត្រី​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ។

កាល​ពី​ដើម​ខែ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​អ្វី​មួយ ដែល​គេ​និយាយ​ថា ជា​គ្រាប់បែក​អ៊ីដ្រូហ្សែន​ប្រកប​ដោយ​ជោគជ័យ ដែល​ជា​ទង្វើ​មួយនាំ​ឲ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ។

ប្រទេស​ចិន​គឺ​ជា​ សរសៃ​ឈាម​សេដ្ឋកិច្ចសម្រាប់​កូរ៉េ​ខាង​ជើង។ ចំណុច​ពិភាក្សា​គន្លឺះ សម្រាប់​លោក​ឃែរី​គឺ​ ការ​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​ការ​សាកល្បង​អាវុធ​បែប​នេះ​តទៅទៀត ដែល​ប្រទេស​មហា​អំណាច​នានា​ចាត់ទុកថា​ជា​ទង្វើ​បង្ក​រឿង​ហេតុ។

ជាមួយ​គ្នា​នេះ​ដែរ​ការ​គាំទ្រ​របស់​ចិន​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​មាន​សារៈសំខាន់​សម្រាប់​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​បែប​ណាមួយ​របស់​អង្គការ​សហប្រជាជាតិ​ទៅលើ​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG