ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​ដី​ធ្លី​គ្រោង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​រដ្ឋមន្ត្រី ចន ឃែរី

  • ធីតា វីន

លោក​ John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បក់​ដៃ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​​ខណៈ​ដែល​លោក​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥​ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ។ (នូវ ពៅលក្ខិណា/VOA)

សហគមន៍​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​គោល​បំណង​ដាក់​ញត្តិ​ជូន​លោក​ ចន ឃែរី ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ ឲ្យ​បញ្ឈប់​ការ​រំលោភ​ដី​ធ្លី ​ការ​បណ្ដេញ​ចេញ​ដោយ​អំពើ​ហិង្សា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម។

ស្រប​ពេល​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សហគមន៍​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូតសហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​គោល​បំណង​ដាក់​ញត្តិ​ជូន​លោក​ ចន ឃែរី ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ ឲ្យ​បញ្ឈប់​ការ​រំលោភ​ដី​ធ្លី ​ការ​បណ្ដេញ​ចេញ​ដោយ​អំពើ​ហិង្សា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម។

លោក​ ចន ឃែរី ​បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សន​កិច្ច​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ពី​ថ្ងៃ​ច័ន្ទ។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​ផល​វិជ្ជមាន​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ​រួម​ទាំង​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ការ​បញ្ជាក់​គោល​ជំហរ​កម្ពុជា​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​និង​ការ​កាត់​បន្ថយ​ឥទ្ធិពល​ពី​ប្រទេស​ចិន​មក​លើ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

លើស​ពី​នេះ​ទៀត ​លោក​ ចន ឃែរី ​នឹង​អាច​ពិនិត្យ​មើល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ និង​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​នយោបាយ​ក្នុង​ប្រទេស​នេះ។ លោក​ ចន ឃែរី គ្រោង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល មន្ត្រី​គណបក្ស​ប្រឆាំង​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

អ្នកស្រី​ ទេព​ វន្នី ​សកម្មជន​ដី​ធ្លី ​បាន​ឲ្យ VOA ​ថា​ សហគមន៍​ដី​ធ្លី​ប្រមាណ​ជិត​៣០​នឹង​មក​ជួប​ជុំ​គ្នា ​នៅ​មុខ​ស្ថានទូត​អាមេរិក​ក្នុង​គោលបំណង​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ពី​លោក ចន ឃែរី ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​បញ្ហា​ទំនាស់​ដី​ធ្លី​ និង​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ផ្សេងៗ​លើ​ប្រជាពលរដ្ឋ។

«ដើម្បី​ឲ្យ​គាត់​ជួយ​ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គាត់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​បញ្ឈប់​នូវ​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​នៅ​ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា។ ទន្ទឹម​នឹង​នោះ​ក៏​យើង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​វិវាទ​ដីធ្លី​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​ខេត្ត​ផ្សេងៗ​ផង​ដែរ។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ អ្នក​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និង​តំណាង​ក្រុម​អង្គការ​សង្គមស៊ីវិល​ប្រហែល​ជាង​១.០០០នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទទី​៦ ខែ​តុលា ឆ្នាំ​២០១៤ បានទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ ​បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ អ្នក​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និង​តំណាង​ក្រុម​អង្គការ​សង្គមស៊ីវិល​ប្រហែល​ជាង​១.០០០នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទទី​៦ ខែ​តុលា ឆ្នាំ​២០១៤ បានទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ ​បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

លោក​ស្រី​ ទេព​ វន្នី ​បាន​បញ្ជាក់​បន្ថែម​ថា​ សហគមន៍​ដី​ធ្លី​តែង​តែ​ស្វះស្វែង​រក​បុគ្គល​ឬ ប្រទេស​ដែល​មាន​ឥទ្ធិពល​ជួយ​អន្តរាគមន៍​ពួក​គេ​ជានិច្ច។

«ស្វះ​ស្វែង​ដើរ​រក​អ្នក​ដែល​មាន​ឥទ្ធិពល​ដើម្បី​ឲ្យ​គេ​ជួយ ​ជា​ពិសេស​ដូច​ជា​ម្ចាស់

ជំនួយ​ផ្សេងៗ​នៅ​ក្នុង​ទូទាំង​ពិភពលោក​ គឺ​ពួក​ខ្ញុំ​តែង​សង្ឃឹម​ថា ​លោក​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ជួយ​ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​ជា​ប្រជា​ពលរដ្ឋ​រង​គ្រោះ។

បញ្ហា​ទំនាស់​ដី​ធ្លី​ដ៏​រុំារៃ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​ឆ្នាំ​កន្លង​មក​នេះ ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​ជួប​ការ​លំបាក​បាត់​បង់​ផ្ទះ​សម្បែង ​មុខរបរ ​និង​ដី​ស្រែ​ចម្ការ​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ សៀ​ ភារម្យ​ នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​នេះ​គឺ​មក​ពី​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​អំពើ​ហិង្សា​ និង​ទំនាស់​ដី​ធ្លី​ជា​ដើម។

លោក​ថ្លែង​ប្រាប់​ VOA ថា៖​«ដោយ​សារ​តែ​គាត់​អស់​ជំនឿ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​យើង​មិន​បាន​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ​ហើយ​មិន​បាន​ផ្តល់​ដំណោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដោយ​សារ​តែ​បញ្ហា​ជម្លោះ​ដី​ធ្លី​នេះ​វា​ជា​ជំងឺ​មហារីក​រ៉ាំរៃ​យូរ​អង្វែង​ ចឹង​ហើយ​បាន​ជា​គាត់​ព្យាយាម​រក​សម្ពាធ​ពី​អន្តរជាតិ​ផ្សេងៗ​តាម​រយៈ​ការ​ទូត​នឹង​អាច​មាន​ឱកាស​ក្នុង​ការ​លើក​ទៅ​ប្រមុខ​រដ្ឋាភិបាល​យើង​ ដើម្បី​ពិចារណា​ និង​ដោះ​ស្រាយ​ជូន​ពួក​គាត់។

លោក ​សៀ ភារម្យ​ សង្ឃឹម​ថា ​ការ​ស្វះស្វែង​របស់​ប្រជាពលរដ្ឋ​នេះ​នឹង​អាច​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​គូរ​ឡើង​វិញ​ពី​បញ្ហា​ទាំង​អស់​នេះ។

លោក​ ឡុង ​ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ និង​លោក ​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ មិន​អាច​ធ្វើ​ការ​ទំនាក់​ទំនង ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ​បាន​ឡើយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ៕

XS
SM
MD
LG