សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យឯកជនដំបូងគេបង្អស់របស់កូរ៉េខាងជើងបានប្រាប់ VOA នៅក្នុងសបា្តហ៍នេះថា សាកលវិទ្យាល័យរបស់លោកបានបើកបង្រៀនមុខវិជ្ជាវេជ្ជសាស្រ្ត។
សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាព្យុងយ៉ាង (PUST) បានបើកបង្រៀនមុខវិជ្ជាវេជ្ជសាស្រ្តនៅដើមខែនេះ ជិតមួយឆ្នាំក្រោយពីការប្រកាសការគ្រោងទុករបស់ខ្លួន។ ការពន្យារពេលនេះគឺដោយសារការចាប់ផ្តើមសាង់សង់អគារមានភាពយឺតយ៉ាវ នៅពេលសាកលវិទ្យាល័យជួបប្រទះការលំបាកក្នុងការស្វែងរកសម្ភារៈឲ្យបានគ្រប់ទាំងអស់។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ VOA លោកវេជ្ជបណ្ឌិត Kim Chin-Kyung ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខាងលើបាននិយាយថា វាមានការលំបាកជាច្រើន។
លោកបាននិយាយថា ៖ «តែទោះបីជាយ៉ាងណា យើងបានបើកមហាវិទ្យាល័យទន្តសាស្រ្ត (ពេទ្យធ្មេញ) និងមហាវិទ្យាល័យសុខភាពសាធារណៈក្នុងត្រីមាសនេះ»។
សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើង និងដំណើរការដោយមូលនិធិពីបរទេស។ វាជាគម្រោងរួមគ្នាទាំងនៅក្នុងប្រទេសកូរ៉េ និងជំនួយពីប្រទេសផ្សេងទៀតដូចជា ចិន និងសហរដ្ឋអាមេរិក ដែលជាផ្នែកនៃចលនារបស់សាសនាគ្រិស្ត មានឈ្មោះថា Evangelical Christian។
សាកលវិទ្យាល័យនេះកំពុងរៀបចំបង្កើតមហាវិទ្យាល័យចំនួន៥នៅក្នុងសាលាពេទ្យមួយនោះ ដោយបូករួមទាំងមហាវិទ្យាល័យពីរដែលបានបើកនៅក្នុងខែកញ្ញានេះ។ សម្រាប់ត្រីមាសដំបូង មហាវិទ្យាល័យនីមួយៗមាននិស្សិត៣០នាក់ចុះឈ្មោះចូលរៀន។
លោក Kim បាននិយាយថា កម្មវិធីកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យរបស់លោកកំពុងចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំផ្នែកសុខាភិបាលទូទៅរបស់កូរ៉េខាងជើង ដែលក្នុងនោះសាលាពេទ្យជាផ្នែកមួយនៃកម្មវិធីសិក្សាថា្នក់បរិញ្ញាបត្រ។
លោក Kim និយាយថា៖ «សាលាពេទ្យរបស់យើងគឺជាកម្មវិធីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ហើយយកលំនាំតាមកម្មវិធីសិក្សារបស់សាលាពេទ្យអន្តរជាតិនិងរបស់សាលាពេទ្យអាមេរិក»។
ដូច្នេះ និស្សិតដែលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ឲ្យសិក្សាក្នុងកម្មវិធីទាំងនេះសុទ្ធតែមានបរិញ្ញាបត្រផ្នែកវេជ្ជសាស្រ្តរយៈពេល៤ឆ្នាំ។ នៅក្នុងឆ្នាំទី១ ពួកគេនឹងសិក្សាមុខវិជ្ជានានាជាភាសាអង់គ្លេស។
លោក Kim និយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងទំនងជាចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យរបស់លោក។ រដ្ឋាភិបាលនេះបានផ្តល់មន្ទីរពេទ្យចំនួន២ឲ្យសាកលវិទ្យាល័យប្រើប្រាស់។
សាកលវិទ្យាធិការរូបនេះបានពន្យល់បន្ថែមថា មានសាស្រ្តាចារ្យប្រមាណជា១០រូបមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសស៊្វីស ហើយថា សាកលវិទ្យាល័យមានគម្រោងនឹងបើកមហាវិទ្យាល័យចំនួន៣ដែលនៅសល់ រួមមានមហាវិទ្យាល័យគិលានុបដ្ឋាយិកា ឱសថ និងមហាវិទ្យាល័យវេជ្ជសាស្រ្តផ្សេងទៀត ក្នុងរយៈពេល១ឆ្នាំ។
លោក Kim បញ្ជាក់ថា តាមរយៈកម្មវិធីវេជ្ជសាស្រ្តរបស់សាកលវិទ្យាល័យ PUST របស់លោក លោកនឹងបន្តអភិវឌ្ឍគុណភាពទាំងអស់របស់សាលាពេទ្យ ព្រមទាំងបណ្តុះបណ្តាលគ្រូពេទ្យទាំងអស់នៅក្នុងប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ