លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានមានប្រសាសន៍ថា កូរ៉េខាងត្បូងត្រូវតែបញ្ជាក់ឲ្យច្បាស់ថា កូរ៉េខាងជើងនឹងមិនអាចបន្តទៅទៀតបាននោះទេ ប្រសិនបើប្រទេសនេះមិនព្រមបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោកស្រីប្រធានាធិបតី Park បានថ្លែងយ៉ាងដូច្នេះនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ទៅកាន់កងកម្លាំងយោធាពិសេសថ្មីមួយនៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong Un បានបញ្ជាឲ្យកងយោធារបស់លោកត្រៀមខ្លួនក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននៅគ្រប់ពេលវេលាទាំងអស់។
លោកស្រី Park បានមានប្រសាសន៍ថា លោកស្រីរំពឹងថានឹងមានការប៉ះទង្គិចធ្ងន់ធ្ងរជាងមុនជាមួយនឹងកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងទណ្ឌកម្មអន្តរជាតិថ្មីទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងដែលត្រូវបានគេអនុម័តកាលពីថ្ងៃពុធ និងបង្កឲ្យមានការគំរាមកំហែងថ្មីពីកូរ៉េខាងជើង។
នៅថ្ងៃសុក្រនេះ នាវាដឹកទំនិញមួយរបស់កូរ៉េខាងជើងបានឈប់នៅប្រទេសហ្វីលីពីនបន្ទាប់ពីត្រូវធ្វើការពិនិត្យដែលតម្រូវដោយទណ្ឌកម្មថ្មី បានរកឃើញថាមានបំពានដល់សុវត្ថិភាពមួយចំនួន។
នាវា MV Jin Teng ត្រូវបានចាប់ទុកនៅ Subic Bay ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រនេះ។ សេចក្តីរាយការណ៍មួយទៅកាន់ឆ្មាំល្បាតបានឲ្យដឹងថា មន្រ្តីអធិការកិច្ចមិនបានរកឃើញទំនិញអ្វីដែលគួរឲ្យសង្ស័យនោះទេ ប៉ុន្តែមានការបំពានដល់សុវត្ថិភាពមួយចំនួន ដូចជាបាត់បង់ ឬបាក់បែកឧបករណ៍ ដែលត្រូវកែកុនជាមុនសិន មុននឹងនាវានោះអាចចាកចេញពីកំពង់ផែបាន។
កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចម្ងាយជិតចំនួន៦គ្រាប់នៅឆ្នេរសមុទ្រប៉ែកខាងកើតរបស់ខ្លួន។ នេះបើយោងតាមក្រសួងការពារប្រទេសរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ដែលបានឲ្យដឹងថា គ្រាប់មីស៊ីលនោះបានហោះក្នុងចម្ងាយរហូតដល់១៥០គីឡូម៉ែត្រមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងក៏បានស្រង់សម្តីរបស់លោក Kim នៅថ្ងៃសុក្រនេះ ដែលបានគំរាមធ្វើការវាយប្រហារមុនទៅលើសត្រូវរបស់កូរ៉េខាងជើងទាំងអស់។
កូរ៉េខាងជើងជារឿយៗគំរាមធ្វើការវាយប្រហារនុយក្លេអ៊ែរក្នុងអំឡុងពេលដែលភាពតានតឹងកើនឡើង។ ក៏ប៉ុន្តែក្រុមអ្នកជំនាញការបានចោទជាសំណួរថា តើកូរ៉េខាងជើងមានលទ្ធភាពក្នុងការច្នៃអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅជាគ្រាប់មីស៊ីលចម្ងាយឆ្ងាយដែរឬយ៉ាងណា៕