ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​អាច​ចំណាយ​អស់ ២០ ពាន់​លាន​ដុល្លារ​អាមេរិក


លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្លែង​សុន្ទរកថា​នៅ​ភូមិ Panmunjom ខាង​ក្នុង​តំបន់​ស​គ្មាន​យោធា​ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្លែង​សុន្ទរកថា​នៅ​ភូមិ Panmunjom ខាង​ក្នុង​តំបន់​ស​គ្មាន​យោធា​ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

អ្នក​ជំនាញ​ខាង​គ្រប់គ្រង​អាវុធ​បាន​ប៉ាន់​ប្រមាណ​ថា ការ​បំផ្លាញ​ចោល​ទាំង​ស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​អាច​ត្រូវ​ការ​រយៈពេល​មួយ​ទសវត្សរ៍ និង​អាច​ចំណាយ​អស់​ថវិកា​ចំនួន ២០ ពាន់​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ពេល​ដែល​ពួកគេ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ។

លោក Daryl Kimball នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រប់គ្រង​អាវុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «កិច្ចការ​លំបាក​មិន​ទាន់​ចាប់ផ្ដើម​នៅ​ឡើយ​ទេ ហើយ​វា​នឹង​ត្រូវការ​ការ​ប្រឹងប្រែង​ជា​បន្ត​រហូត​ពី​សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន ចិន និង​កូរ៉េ​ខាង​ជើង។ វា​គឺ​ជា​ដំណើរការ​មួយ​ដែល​នឹង​ត្រូវការ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​បញ្ចប់​រួចរាល់»។

កន្លង​មក លោក Trump បាន​និយាយ​ថា លោក​រំពឹង​ថា​នឹង​ទទួល​បាន «លទ្ធផល​វិជ្ជមាន​បំផុត» ពី​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នេះ ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា នេះ​ទំនង​គ្រាន់តែ​ជា​ពេល​ចាប់ផ្ដើម​នៃ​ដំណើរការ​ដោះស្រាយ​ភាព​ខុស​គ្នា​ពាក់ព័ន្ធ​នឹង​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ដំណើរការ​ដោះស្រាយ​នៃ​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ដក​ទណ្ឌកម្ម ក៏​ដូចជា​ការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច និង​ការ​ធានា​សន្តិសុខ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Jim Mattis បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​ថា ប្រទេស​កូរ៉េ​ខាង​ជើង​អាច​ទទួល​បាន​ការ​ដក​ទណ្ឌកម្ម​ចេញ​តែ​បន្ទាប់ពី​ប្រទេស​នេះ​ចាត់ «វិធានការ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​កែប្រែ​បាន​ដើម្បី​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន» តែ​ប៉ុណ្ណោះ។

គោល​ជំហរ​នេះ​គឺ​ស្រដៀង​ទៅ​នឹង​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក Kim Jong Un ដែល​ថា វិធានការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ការ​ធ្វើ​សម្បទាន​ត្រូវតែ​ផ្គូផ្គង​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ គោល​ជំហរ​នេះ​ហាក់​ដូចជា​ខុស​ពី​ការ​ទាមទារ​របស់​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Trump ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លុប​ចោល​ដោយ​ឯកតោ​ភាគី​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​រាល់​អាវុធ​ប្រល័យ​លោក​របស់​ខ្លួន​ទាំង​អស់ មុន​ពេល​ការ​ធ្វើ​សម្បទាន​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង។

ការ​ចំណាយ​លើ​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែររបស់​កូរ៉េ​ខាង​ជើង

ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី ២០ ទៅ ៨០ មាន​កន្លែង​ស្រាវជ្រាវ និង​ផលិត​នុយក្លេអ៊ែរ​ទាំង​បើក​ចំហ និង​សម្ងាត់​មួយ​ចំនួន និង​មាន​គ្រាប់​ផ្លោង​មីស៊ីល​រាប់​ពាន់​គ្រាប់​ដែល​អាច​បាញ់​បាន​ដោយ​បញ្ជា​ចេញ​ពី​យាន​ចល័ត និង​ឧបករណ៍​បាញ់​មីស៊ីល​ចេញ​ពី​នាវា​មុជ​ទឹក​ដែល​ធ្លាប់​បាន​សាកល្បង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ដោយសារតែ​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ដ៏​ច្រើន​បែប​នេះ វា​អាច​ចំណាយ​អស់ ២០ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​ទាំង​ស្រុង ដោយ​មិន​អាច​កែប្រែ​បាន និង​អាច​ផ្ទៀងផ្ទាត់​បាន។

នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​លោក Kwon Hyuk Chul សាស្ត្រាចារ្យ​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​សាកលវិទ្យាល័យ Kookmin ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក Kwon Hyuk Chul បាន​ផ្អែក​ការ​វាយ​តម្លៃ​របស់​លោក​មួយ​ផ្នែក​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កាល​ពី​អតីតកាល​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​លើ​បទ​ពិសោធន៍​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន បន្ទាប់​ពី​សហភាព​សូវៀត​បាន​ដួល​រលំ​នៅ​ក្នុង​ទសវត្សរ៍ ១៩៩០។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ក្នុង​ដំណើរការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ុយក្រែន ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ទាំង​អស់​ដែល​អ៊ុយក្រែន​មាន ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី និង​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ទី​នោះ។ ដើម្បី​ធ្វើ​ដូច្នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​កុងតឺនឺរ​ធំៗ និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដើម្បី​ជួយ​ដល់​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​នោះ​ដោយ​សុវត្ថិភាព»។

ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Kookmin បាន​ប៉ាន់​ប្រមាណ​ថា វា​អាច​ចំណាយ​អស់ ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​បំផ្លាញ​ចោល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​កន្លែង​ផ្គត់ផ្គង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ លោក Kwon Hyuk Chul បាន​និយាយ​ថា ថវិកា ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត គឺ​ត្រូវការ​ដើម្បី​បំពេញ​តាម​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឡើង​ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ១៩៩៤ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​សាងសង់​រ៉េអាក់ទ័រ​ប្រើ​ទឹក​ស្រាល​ពីរ​គ្រឿង ដើម្បី​បង្កើត​ថាមពល​អគ្គិសនី។

ថវិកា ១០ ពាន់​លាន​ដុល្លារ​អាមេរិក​ទៀត​គឺ​សម្រាប់​ជំនួយ​សេដ្ឋកិច្ច។ ថវិកា​នេះ​គឺ​ត្រូវការ​ដើម្បី​ធ្វើ​ជា​ការ​លើក​ទឹក​ចិត្ត​បញ្ចុះបញ្ចូល​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​ដើម្បី​ជួយ​ផ្ទេរ​កម្មករ​នុយក្លេអ៊ែរ​ចន្លោះ​ពី​ជាង ៣ ពាន់​ទៅ ១ ម៉ឺន​នាក់ ឲ្យ​ទៅ​ធ្វើ​ការ​វិជ្ជាជីវៈ​ផ្សេងៗ​នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​សន្តិភាព។

លោក Trump បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​រំពឹង​ថា​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​រដ្ឋាភិបាល​ណា​មួយ​នោះ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​អាច​ផ្ដល់​ជា​ការ​វិនិយោគ​ឯកជន ប្រសិនបើ​ប្រទេស​កូរ៉េ​ខាង​ជើង​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​របស់​លោក Kim Jong Un គួរតែ​ងាក​ទៅ​រក​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ចិន ដើម្បី​សុំ​ជំនួយ​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ណា​មួយ។

គម្រោង​លុប​បំបាត់​នុយក្លេអ៊ែរ

របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​សាកលវិទ្យាល័យ Stanford បាន​ប៉ាន់ស្មាន​ថា វា​អាច​ចំណាយ​ពេល​ជាង ១០ ឆ្នាំ ដើម្បី​លុប​ចោល​ជា​រៀង​រហូត​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​លំអិត​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក Siegfried Hecker អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​នៃ​សាកលវិទ្យាល័យ Stanford ដែល​ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​អតីតកាល​ដើម្បី​វាយ​តម្លៃ​កម្មវិធី​ភ្លុយតូនីញ៉ូម​របស់​ប្រទេស​នេះ លោក Robert Carlin អតីត​អ្នក​វិភាគ​កិច្ចការ​កូរ៉េ​របស់​ទីភ្នាក់ងារ CIA និង​លោក Elliot Serbin ដែល​ជា​អ្នក​ស្រាវជ្រាវ។

អ្នក​ស្រាវជ្រាវ​ទាំង ៣ រូប​នេះ បាន​លើក​ឡើង​ពី​ផ្នែក​ជាក់លាក់​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ផ្ទៀងផ្ទាត់​ដោយ​អ្នក​ត្រួត​ពិនិត្យ​មក​ពី​ក្រៅ ដែល​ក្នុង​នោះ​មាន​ដូចជា សារធាតុ​ភ្លុយតូនីញ៉ូម​ដើម្បី​បំបែក​នុយក្លេអ៊ែរ សារធាតុ tritium សម្រាប់​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ដែល​បន្សំ​មក​ពី​សារធាតុ​យ៉ាង​តិច​ពីរ សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​គុណភាព​ខ្ពស់ ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ មីស៊ីល​ដែល​បាញ់​បាន​រយៈ​ចម្ងាយ​វែង មធ្យម និង​ខ្លី ម៉ាស៊ីន​សម្រាប់​សាកល្បង និង​យាន​បង្ហោះ​មីស៊ីល​ទៅ​លើ​ដែន​អវកាស​ជា​ដើម។

អ្នក​និពន្ធ​ទាំង​នេះ​បាន​ស្នើ​ដំណើរការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ៣ ដំណាក់កាល ដែល​អាច​រារាំង ឬ​ក៏​ដាក់​កំហិត​ចំពោះ​សកម្មភាព​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ដំបូង លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ និង​លុប​បំបាត់​ជា​អចិន្ត្រៃយ៍​នូវ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG