កូរ៉េខាងជើងបានធ្វើតាមការគំរាមរបស់ខ្លួននៅក្នុងការកម្ទេចចោលនូវការិយាល័យទំនាក់ទំនងរបស់ខ្លួនជាមួយនឹងកូរ៉េខាងត្បូង ដែលមានទីតាំងស្ថិតនៅខាងជើងនៃព្រំដែន។ នេះគឺជាវិធានការថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងជើងនៅក្នុងការបង្កើនភាពតានតឹងជាមួយនឹងរដ្ឋាភិបាលក្រុងសេអ៊ូល។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍អំពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅថ្ងៃអង្គារនេះនៅជិតបរិវេណឧស្សាហកម្ម Kaesong ដែលជាកន្លែងដែលការិយាល័យទំនាក់ទំនងអន្តរកូរ៉េស្ថិតនៅ។ ប៉ុន្មាននាទីក្រោយមក ក្រសួងបង្រួបបង្រួមកូរ៉នៃប្រទេសកូរ៉េខាងត្បូង បានអះអាងថា អាគារដែលត្រូវបានបំផ្ទុះនោះគឺជាអាគារការិយាល័យទំនាក់ទំនងកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏បានបញ្ជាក់អះអាងផងដែរថា អាគារនោះត្រូវបានបំផ្លាញដោយ «ការបំផ្ទុះដ៏អស្ចារ្យ»។
ទោះបីជាការកម្ទេចអាគារការិយាល័យទំនាក់ទំនងនេះគឺជាការភ្ញាក់ផ្អើលសម្រាប់រដ្ឋាភិបាលក្រុងសេអ៊ូលក៏ដោយ ក៏វិធានការនេះគឺគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដោយហេតុថា ការិយាល័យនេះត្រូវបានគេសន្មត់ថាបានបិទអស់រយៈពេលជាច្រើនខែមកហើយ។ មន្ត្រីកូរ៉េខាងត្បូងបានចាកចេញពីអាគារនោះតាំងពីចុងខែមករាមក ដោយសារតែការព្រួយបារម្ភទាក់ទិននឹងជំងឺកូវីដ១៩។
កាលពីមួយសប្ដាហ៍កន្លងមក មន្ត្រីកូរ៉េខាងជើងបានគំរាមម្ដងហើយម្ដងទៀតថានឹងបំផ្លាញអ្វីដែលពួកគេហៅថាជាការិយាល័យ «គ្មានប្រយោជន៍»។ ការិយាល័យនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាហូរហែរក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សារវាងកូរ៉េទាំងពីរ៕