ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​រួម​គ្នា​ដ៏​ធំ​បំផុត


រូបឯកសារ៖ យន្ដហោះ​ចម្បាំង​ F15K របស់​កូរ៉េខាងត្បូង និង​យន្ដហោះចម្បាំង F-16 របស់​សហរដ្ឋ​អាមេរិក ហោះ​រួម​គ្នា​ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធយោធា​រួម​គ្នា​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២។ South Korea Defense Ministry via AP
រូបឯកសារ៖ យន្ដហោះ​ចម្បាំង​ F15K របស់​កូរ៉េខាងត្បូង និង​យន្ដហោះចម្បាំង F-16 របស់​សហរដ្ឋ​អាមេរិក ហោះ​រួម​គ្នា​ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធយោធា​រួម​គ្នា​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២។ South Korea Defense Ministry via AP

នៅ​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​រួម​គ្នា​ដ៏​ធំ​បំផុត​មួយ ដោយ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​រាប់​រយ​គ្រឿង​របស់​ប្រទេស​ទាំង​ពីរ​ ដោយ​ធ្វើ​ត្រាប់​ឱ្យ​ដូច​ការ​វាយ​ប្រហារ​ជាក់ស្ដែង​រយៈពេល ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមយុទ្ធ​ផ្លូវ​អាកាស​ដែល​មាន​ឈ្មោះ​ថា Vigilant Storm នេះ​នឹង​ប្រព្រឹត្តិ​ទៅ​រហូត​ដល់​ថ្ងៃ​សុក្រ​ខាង​មុខ ដោយ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ចំនួន​ប្រហែល ២៤០ គ្រឿង​ដែល​ធ្វើ​សមយុទ្ធ​ចេញ​ទៅ​វាយ​ប្រហារ​ចំនួន​ប្រហែល ១.៦០០ ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​សប្តាហ៍​មុន។ សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា ចំនួន​នៃ​បេសកកម្ម​វាយ​ប្រហារ​នៅ​ក្នុង​សមយុទ្ធ​លើក​នេះ​គឺ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​នេះ​គឺ​ជា​ការ​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ណា​មួយ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

សមយុទ្ធ​នេះ​ក៏​នឹង​មាន​ការ​ចូលរួម​ផង​ដែរ​ពី​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង និង​យន្តហោះ​ចម្បាំង​ផ្សេងៗ​ជា​ច្រើន​ទៀត។ ប្រទេស​អូស្ត្រាលី​ក៏​នឹង​បញ្ជូន​យន្តហោះ​ចាក់សាំង​លើ​អាកាស​ឱ្យ​មក​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ផង​ដែរ។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន កូរ៉េ​ខាង​ត្បូង​ទើប​នឹង​បាន​បញ្ចប់​សមយុទ្ធ​លើ​ទីលាន​ជាក់ស្តែង​ដែល​មាន​រយៈពេល ១២ ថ្ងៃ ដែល​សមយុទ្ធ​នេះ​រួម​មាន​ការ​ធ្វើ​ត្រាប់​តាម​ជាក់ស្ដែង​នូវ​ការ​ចុះ​ចត​លើ​ទឹក​ផង​និង​លើ​គោក​ផង និង​សមយុទ្ធ​ឆ្លងកាត់​ទន្លេ​ជាដើម ដែល​ក្នុង​នោះ​សមយុទ្ធ​ខ្លះ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​កងទ័ព​របស់​សហរដ្ឋ​អាមេរិក។

កន្លង​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ថ្កោលទោស​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង ដោយ​បាន​និយាយ​ថា​ការ​ធ្វើ​សមយុទ្ធ​ទាំង​នេះ​គឺ​ជា​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ចូល​ឈ្លានពាន​ខ្លួន និង​ជា​ភ័ស្តុតាង​នៃ​គោល​នយោបាយ​អមិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង៕

XS
SM
MD
LG