នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់ទាហាននានានៅឯមូលដ្ឋានទ័ពអាកាស Yokota នៅក្នុងប្រទេសជប៉ុនថា៖ «គ្មាននរណាម្នាក់ មេដឹកនាំផ្ដាច់ការណាម្នាក់ ឬក៏របបណាមួយ... អាចមើលងាយសេចក្ដីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបានទេ»។
ការលើកឡើងរបស់លោកដូចនេះបានធ្វើឡើងនៅពេលចាប់ផ្ដើមនៃដំណើរទស្សនកិច្ចរយៈពេលជិត ២ សប្ដាហ៍របស់លោកទៅកាន់ទ្វីបអាស៊ី ដែលដំណើរទស្សនកិច្ចនេះត្រូវគេរំពឹងថានឹងផ្ដោតលើបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម។
យោបលរបស់លោកមួយចំនួនទោះបីជាលើកឡើងដោយផ្ទាល់ចំពោះទាហានអាមេរិកាំងក៏ដោយ ក៏អាចទំនងជាការព្រមានដោយសម្ងាត់ចំពោះប្រទេសកូរ៉េខាងជើង។ លោក Trump បានលើកឡើងចំពោះទាហានអាមេរិកាំងយ៉ាងដូច្នេះថា៖ «អ្នកជាការគំរាមកំហែងដ៏ខ្លាំងក្លាចំពោះពួកអ្នកប្រើអំណាចផ្ដាច់ការ និងមេដឹកនាំផ្ដាច់ការនានាដែលចង់ព្យាបាទមនុស្សស្លូតត្រង់»។
បន្ទាប់ពីបានថ្លែងនៅឯមូលដ្ឋានទ័ពអាកាស Yokota នោះរួចមក លោក Trump បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ Marine One រយៈពេល ២៥ នាទី ទៅកាន់ទីលានវាយកូនហ្គោល Kasumigaseki Country Club នៅក្នុងអាណាខេត្ត Saitama ជិតទីក្រុងតូក្យូ។ លោកត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅទីនោះ ដែលទីលានវាយកូនហ្គោលនេះនឹងក្លាយជាកន្លែងរៀបចំការប្រកួតកីឡាវាយកូនហ្គោលអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ខាងមុខនេះ។
នៅពេលកំពុងលេងកីឡាវាយកូនហ្គោលនេះ មន្ត្រីអាមេរិកបាននិយាយថា លោក Trump និងលោក Abe បាននិយាយបន្តិចបន្តួចអំពីកូរ៉េខាងជើង។ មន្ត្រីរូបនោះបានបញ្ជាក់ថា លោកទាំងពីរនឹងពិភាក្សាអំពីរឿងនេះនៅពេលពិសាអាហារពេលល្ងាចនាយប់ថ្ងៃអាទិត្យនេះ និងនៅពេលប្រជុំនៅថ្ងៃចន្ទស្អែក៕