ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត Quebec នៃប្រទេស​កាណាដា គ្រោង​យក​ពន្ធ​ពី​អ្នក​មិន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ


រូបឯកសារ៖ បុរស​ម្នាក់ ជិះ​កង់នៅក្នុង​ទីក្រុង Montreal ខេត្ត Quebec នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។ REUTERS
រូបឯកសារ៖ បុរស​ម្នាក់ ជិះ​កង់នៅក្នុង​ទីក្រុង Montreal ខេត្ត Quebec នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។ REUTERS

Quebec ដែល​ជា​ខេត្ត​មាន​ប្រជាពលរដ្ឋ​ច្រើនជាងគេ​ទី២​នៃ​ប្រទេស​កាណាដា កំពុង​រៀបចំ​ផែនការ​បង្ខំ​មនុស្ស​ពេញវ័យ​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ឲ្យ​បង់ប្រាក់​«វិភាគទាន​ផ្នែក​សុខភាព»នៅ​ក្នុង​ចំណាត់ការ​មួយ​ដែល​ទំនង​ធ្វើឲ្យ​មាន​ការជជែក​ដេញដោល​អំពី​សិទ្ធិ​បុគ្គល​ និង​ការទទួល​ខុសត្រូវ​ក្នុង​សង្គម។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អភិបាលខេត្ត Quebec លោក Francois Legault បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ក្នុង​សន្និសិទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា សំណើ​ដែល​មិនទាន់​មាន​ការ​សម្រេច​រួចរាល់​នៅ​ឡើយ​នោះ នឹងមិន​អនុវត្ត​ចំពោះ​អ្នក​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​ដោយហេតុផល​វេជ្ជសាស្ត្រ​នោះ​ទេ។

លោក Legault បាន​និយាយ​ថា មនុស្ស​ដែល​មិន​ចាក់​វ៉ាក់សាំង ធ្វើ​ឲ្យ​មាន​បន្ទុក​ហិរញ្ញវត្ថុ​លើ​អ្នក​ផ្សេង​ទៀត ​ហើយ​ក្រសួង​ហិរញ្ញវត្ថុ​ខេត្ត កំពុង​កំណត់​ពី​ចំនួន​ទឹកប្រាក់​ដែល​ពួក​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង នឹង​តម្រូវ​ឲ្យ​បង់។ លោក​បាន​បន្ថែម​ទៀត​ថា ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បង់ នឹង​មិន​តិចជាង​១០០ដុល្លារ​កាណាដា​ទេ។

រដ្ឋាភិបាលផ្សេងៗ​នៅជុំវិញ​ពិភពលោក បាន​ដាក់ការ​រឹតត្បិត​លើ​ការធ្វើ​ដំណើរ​របស់​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​រដ្ឋាភិបាល​នៃប្រទេស​មួយចំនួនតូច ​បាន​ផាក​ពិន័យ​លើ​មនុស្ស​ចាស់។ ក៏ប៉ុន្តែ ការយកពន្ធ​លើ​មនុស្ស​ពេញវ័យ​ទាំងអស់​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង អាច​ជា​ចំណាត់ការ​កម្រ​មានមួយ​ ហើយ​ប្រកប​ដោយ​រឿង​ចម្រូង​ចម្រាស៕

XS
SM
MD
LG