ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bidenថា ករណី​ឆ្លង​កូវីដ១៩ ទំនង​នឹង​បន្តកើន​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក


លោកប្រធានាធិបតី Joe Biden ជួបជាមួយក្រុមឆ្លើយតបនឹងជំងឺកូវីដ១៩ នៅសេតវិមាន ថ្ងៃទី៤ខែមករា ឆ្នាំ២០២២។ (AP)
លោកប្រធានាធិបតី Joe Biden ជួបជាមួយក្រុមឆ្លើយតបនឹងជំងឺកូវីដ១៩ នៅសេតវិមាន ថ្ងៃទី៤ខែមករា ឆ្នាំ២០២២។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារថា ករណី​ឆ្លងជំងឺ​កូវីដ១៩​ នៅ​ក្នុង​សហរដ្ឋអាមេរិក នឹង​បន្តកើន​ឡើង​ ហើយ​ថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ ជា​រយៈពេល​នៃ​ការ​ប្រឈម​ខ្លាំង​មួយ​នៃ​ការឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង។

លោក Biden បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ជួបជា​មួយ​ក្រុម​អ្នកជំនាញ​នៃ​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវីដ១៩ របស់​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ។ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់«ឲ្យ​ឆ្លៀតយក​ឱកាស​នូវ​អ្វីដែល​យើង​មាន» ហើយ​បាននិយាយ​ថា «មិន​មាន​អ្វី​ត្រូវដោះសារ​អំពី​ការមិន​ចង់​ចាក់​វ៉ាក់សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នោះ​ទេ»។

លោក Biden ក៏​បាន​ដោះស្រាយ​ផង​ដែរ​ពី​ការខ្វះខាត​ក្នុង​ការធ្វើ​តេស្ត​នាពេលនេះ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​កាំង​ជា​ច្រើន​មិន​សប្បាយ​ចិត្ត ហើយ​លោក​បាន​សន្យា​ថា នឹងធ្វើ​ឲ្យការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ និង​ការធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ មានកាន់​តែ​ច្រើនថែម​ទៀតក្នុង​សហរដ្ឋ​អាមេរិក។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «យើង​កំពុង​ធ្វើ​ឲ្យ​មាន​ភាពប្រសើរ​ឡើង។ លោក​បន្ថែម​ទៀត​ថា លោក​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ទិញថ្នាំគ្រាប់​របស់​ក្រុមហ៊ុន Pfizer សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ ទ្វេដង​ពី​ចំនួន​ ១០​លានទៅ ​២០​លាន​បន្ទះ។

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg របស់​អាមេរិក ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារម្សិលមិញ​ សហរដ្ឋ​អាមេរិក កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​យ៉ាង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ដោយ​មាន​ការឆ្លង​ជាង ១លាន​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ។

សហរដ្ឋ​អាមេរិក បាន​ផ្តល់​វ៉ាក់សាំងប្រឆាំង​ជំងឺ​កូវីដ១៩ ដល់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភព លោក​ប្រមាណ​ជាង ៣១៥លាន​ដូស​ ហើយ​បាន​សន្យា​ថា នឹង​ផ្តល់​ក្នុង​ចំនួន​សរុប​ទាំង​អស់​ ១ពាន់២០០លាន​ដូស។ អ្នក​ជំនាញ​សុខភាព​មួយ​ចំនួន​លើក​ឡើង​ថា ក្រុម​ប្រទេស​អ្នក​មាន​នៅ​មិន​ទាន់បាន​ធ្វើ​ការងារឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ក្នុង​ការ​ផ្តល់​វ៉ាក់សាំងដល់ប្រទេសផ្សេងៗ​នៅ​លើ​ពិភពលោក​ ដើម្បីទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៃ​ជំងឺ​កូវីដ ១៩នោះ៕

XS
SM
MD
LG