នៅមិនទាន់មានសញ្ញាជាផ្លូវការណាមួយអំពីដំណោះស្រាយនៃការជាប់គាំងជុំវិញសំណើថវិកាចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានគំរាមបិទផ្នែកខ្លះនៃទីភ្នាក់ងារសហព័ន្ធនានានៅត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះ។
សេតវិមានមិនបានបង្ហាញអំពីថាតើសំណើថវិកាបែបណាដែលខ្លួនអាចទទួលយកបានដើម្បីបញ្ជៀសកុំឲ្យមានការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាលដែលជាជម្លោះដ៏ចម្រូងចម្រាសមួយនៅក្នុងសំណើរបស់លោកប្រធានាធិបតី Donald Trump ដើម្បីសង់ជញ្ជាំងនៅតាមព្រំដែនរវាងអាមេរិកនិងប្រទេសម៉ិកស៊ិកដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។
លោក Trump បានអំពាវនាវស្នើថវិកាចំនួន៥ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែនដែលត្រូវចំណាយ២០ពាន់លានដុល្លារ ប៉ុន្តែគម្រោងរបស់លោកត្រូវបានប្រឆាំងយ៉ាងដាច់អហង្ការពីខាងគណបក្សប្រជាធិបតេយ្យ ហើយពួកខាងគណបក្សសាធារណរដ្ឋមួយចំនួនបានដាក់សំណើមួយនេះក្នុងភាពសង្ស័យ។ ពួកគណបក្សប្រជាធិបតេយ្យយល់ព្រមផ្តល់ថវិកាច្រើនបំផុតបានត្រឹម១ពាន់៦រយលានដុល្លារសម្រាប់ការចំណាយសន្តិសុខនៅតាមព្រំដែន ប៉ុន្តែមិនមែនសម្រាប់សង់ជញ្ជាំងព្រំដែននោះទេ។
កាលពីថ្ងៃចន្ទ លោក Trump បានវាយប្រហារលើគណបក្សប្រជាធិបតេយ្យដែលប្រឆាំងនឹងការសង់ជញ្ជាំងព្រំដែននេះ៕