ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​មីយ៉ាន់ម៉ា បញ្ជាក់​អំពី​ការកាត់ទោស​អ្នកស្រី Suu Kyi ថា «គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ពីលើ​ច្បាប់​នោះទេ»


ក្រុម​អ្នក​តវ៉ា​នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ខណៈ​កម្លាំង​សន្តិសុខ​បាន​បើក​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។
ក្រុម​អ្នក​តវ៉ា​នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ខណៈ​កម្លាំង​សន្តិសុខ​បាន​បើក​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​របប​យោធា​មីយ៉ាន់ម៉ា​លោក Maung Maung Ohn បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រនះ​ថា ការ​កាត់ទោស​អ្នកស្រី Aung San Suu Kyi ដាក់​ពន្ធនាគារ គឺជា​ការ​បង្ហាញ​ថា «គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ពីលើ​ច្បាប់​នោះទេ» និង​ថា ការណ៍​ដែល​មេដឹកនាំ​របប​យោធា​បាន​សម្រាល​ទោស​ឱ្យ​អ្នកស្រី​ពី​ការ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ មក​នៅ ២ ឆ្នាំ គឺ​ផ្អែកលើ «ហេតុផល​មនុស្សធម៌»។

លោក Maung Maung Ohn ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​អនឡាញ​ផងដែរ​ថា ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ មិនមាន​ភាព​លម្អៀង​នោះ​ឡើយ ហើយ​ថា ការ​កាត់ទោស​អ្នកស្រី Suu Kyi នេះ គឺ​ធ្វើឡើង​ស្រប​ទៅតាម​គោលការណ៍​ច្បាប់។

អ្នកស្រី Suu Kyi ដែល​មាន​វ័យ ៧៦ ឆ្នាំ ត្រូវ​បាន​តុលាការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ឱ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ពី​បទ​ញុះញង់​និង​បទ​បំពាន​លើ​បម្រាម​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មេដឹកនាំ​របប​យោធា​បាន​សម្រាល​ការ​ផ្តន្ទាទោស​នោះ​ឱ្យ​នៅ​សល់​ត្រឹមតែ ២ ឆ្នាំ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​និង​អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ថ្កោលទោស​ការ​ផ្តន្ទាទោស​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «ការ​ផ្ដន្ទាទោស​ដោយ​អយុត្តិធម៌​លើ​អ្នកស្រី Aung San Suu Kyi និង​ការ​គាបសង្កត់​លើ​មន្ត្រី​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ផ្សេង​ទៀត គឺជា​ការ​មើលងាយ​បន្ថែម​ទៀត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​និង​យុត្តិធម៌» នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី Ming Yu Hah អនុ​ប្រធាន​ផ្នែក​យុទ្ធនាការ​ប្រចាំ​តំបន់​របស់​អង្គការ Amnesty International បាន​បញ្ជាក់​ថា៖ «ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​លើ​អ្នកស្រី Aung San Suu Kyi ក្រោម​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ​ទាំងនេះ​គឺជា​ឧទាហរណ៍​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការ​តាំងចិត្ត​របស់​ក្រុម​យោធា​នៅក្នុង​ការ​លុប​បំបាត់​ក្រុម​ប្រឆាំង​ទាំងអស់​និង​បំបិទ​សេរីភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា»៕

XS
SM
MD
LG