ប្រទេសកូរ៉េខាងជើងប្រហែលជាមិនផ្ញើ «កាដូថ្ងៃ Christmas» ឲ្យសហរដ្ឋអាមេរិកនោះទេ ដោយសារនៅថ្ងៃ Christmas ម្សិលមិញ គេមិនឃើញមានសញ្ញាអ្វីកើតឡើងនោះឡើយ ប៉ុន្តែ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងហាក់ដូចជាពិបាកដោះស្រាយដោយសារតែកាលបរិច្ឆេទផុតកំណត់នៅចុងឆ្នាំនេះសម្រាប់ការចរចានុយក្លេអ៊ែរ ដែលកូរ៉េខាងជើងបានកំណត់ ជិតចូលមកដល់។
កន្លងមក គេឃើញមានការសង្ស័យជាច្រើនថា កូរ៉េខាងជើងប្រហែលជាធ្វើការសាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបនៅក្នុងអំឡុងពេលរដូវឈប់សម្រាកនេះ បន្ទាប់ពីមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងម្នាក់កាលពីដើមខែនេះបានសន្យាថានឹងផ្ញើ «កាដូ Christmas» ឲ្យសហរដ្ឋអាមេរិក។
ប៉ុន្តែគេមិនឃើញមានសេចក្ដីរាយការណ៍អំពីការសាកល្បងអាវុធណាមួយរបស់កូរ៉េខាងជើងនោះទេកាលពីថ្ងៃ Christmas នៅថ្ងៃពុធម្សិលមិញ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានធ្វើការរិះគន់ធ្ងន់ធ្ងរណាមួយលើសហរដ្ឋអាមេរិកនោះឡើយគិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ។
កូរ៉េខាងជើងបានដាក់កាលបរិច្ឆេទកំណត់នៅចុងឆ្នាំនេះឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយគោលជំហររបស់ខ្លួនសម្រាប់ការចរចានុយក្លេអ៊ែរដែលជាប់គាំងនេះ។ ព្រឹត្តិការណ៍នយោបាយពីរដែលនឹងចូលមកដល់ឆាប់ៗនេះនៅពេលខាងមុខនៅក្នុងប្រទេសកូរ៉េខាងជើងប្រហែលជាជួយបង្ហាញឲ្យឃើញពីគោលបំណងរបស់កូរ៉េខាងជើង។
មុនពេលដំណាច់ឆ្នាំនេះ គណបក្សកាន់អំណាចរបស់កូរ៉េខាងជើងគ្រោងនឹងរៀបចំការប្រជុំមួយរបស់អ្នកនយោបាយជាន់ខ្ពស់ ដែលអ្នកទាំងនោះអាចប្រកាសអំពីការសម្រេចចិត្តលើគោលនយោបាយការបរទេសដ៏សំខាន់។
ការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក៏ជាព្រឹត្តិការណ៍សំខាន់មួយទៀតដែរ ដែលគេនឹងតាមដានមើលយ៉ាងយកចិត្តទុកដាក់។ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីឆ្នាំមុន លោក Kim Jong Un បានគំរាមថានឹងដឹកនាំប្រទេសរបស់លោកតាម «វិធីថ្មី» ប្រសិនបើការចរចានុយក្លេអ៊ែរនៅតែជាប់គាំង៕