មន្ត្រីការទូតមួយចំនួននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា រដ្ឋជាសមាជិកចំនួន១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិរហូតមកដល់ពេលនេះមិនបានសម្រេចកិច្ចព្រមព្រៀងមួយស្តីពីថវិកាសម្រាប់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំថ្មីដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ ដែលការណ៍នេះអាចនាំទៅដល់ការធ្វើឲ្យកកស្ទះនូវរាល់បេសកកម្មថែរក្សាសន្តិភាពទាំងអស់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយក្នុងពេលឆាប់ៗខាងមុខនេះនោះទេ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP។
ប្រភពមួយចំនួនលើកឡើងថា ការរាំងស្ទះនោះកើតមានឡើងដោយសារប្រទេសចិន និងប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិកបានដាក់សំណើជាច្រើននៅដំណាក់កាលចុងក្រោយ។
ថវិកាសម្រាប់បេសកកម្មថែរក្សាអង្គការសហប្រជាជាតិ ដែលមានចំនួនប្រមាណ២០បេសកកម្មនៅទូទាំងពិភពលោក និងមានបុគ្គលិកមួកខៀវរបស់អង្គការសហប្រជាជាតិប្រមាណជិត១ម៉ឺននាក់នោះ មានទឹកប្រាក់ប្រមាណ៦ពាន់៥០០លានដុល្លារ ដែលមានរយៈពេល១២ខែ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដាជារៀងរាល់ឆ្នាំ។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Jean-Pierre Lacroix បានប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូអនឡាញថា ការចរចាស្តីពីថវិកាកាលពីឆ្នាំទៅក៏ជួបការលំបាកខ្លាំងដែរ ប៉ុន្តែការពិភាក្សាគ្នាពេលនោះបានសម្រេចនូវកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០គឺមួយសប្តាហ៍មុនការបរិច្ឆេទផុតកំណត់ចូលមកដល់។
លោកមានប្រសាសន៍បន្តថា សម្រាប់ឆ្នាំនេះ «ហានិភ័យគឺថាអាចកើតមានមួយរយៈពេល ទម្រាំកញ្ចប់ថវិកានឹងត្រូវបានអនុម័តដោយសម័យប្រជុំរបស់អង្គការសហប្រជាជាតិ ហើយបេសកកម្មរបស់យើង នឹងរឹតបន្តឹងទៅលើការចំណាយផ្សេងៗដោយផ្តោតការចំណាយលើតែការការពាររបស់បុគ្គលិកយើងតែប៉ុណ្ណោះ៕