មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា មន្រ្តីចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំសង្កាត់ មិនមានសមត្ថកិច្ចក្នុងការសួរនាំអំពីការចល័តទាហាន មកចុះឈ្មោះបោះឆ្នោតនោះទេ ខណៈមានការចោទប្រកាន់ពីគណបក្សនយោបាយថា មានការចុះឈ្មោះមនុស្សដើម្បីបង្កើនសំឡេងគាំទ្រនៅតំបន់ជាក់លាក់មួយចំនួន។
ក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់បញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០២០ នាថ្ងៃព្រហស្បតិ៍នេះ លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានថ្លែងថា ករណីទាហានចុះឈ្មោះបោះឆ្នោតជាក្រុមនៅក្នុងឃុំសង្កាត់ណាមួយ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងការស៊ើបអង្កេត និងសួរនាំអំពីមូលហេតុដែលពួកគេផ្លាស់មកចុះឈ្មោះនៅតំបន់នោះទេ។ លោកបន្ថែមថា គ.ជ.ប ក៏មិនដឹងថាទាហានប៉ុន្មាននាក់ដែលត្រូវបានចាត់ចែងសម្រាប់ការពារនៅតំបន់ ដែលពួកគេចុះឈ្មោះបោះឆ្នោតដែរ។
លោកមានប្រសាសន៍ឆ្លើយតបនឹងសំណួរបស់ VOA ថា៖ «កងទ័ពដែលមានទីតាំងនៅក្នុងកន្លែងណាមួយនៃបន្ទាយទាហានណាមួយនៃឃុំសង្កាត់ណាមួយ ក៏ត្រូវចាំបាច់បំពេញគ្រប់លក្ខខណ្ឌ ទើបក្រុមចុះឈ្មោះបោះឆ្នោត អាចចុះឈ្មោះឲ្យបាន។ ប៉ុន្តែហេតុផល ហេតុអីបានជាចល័តបែបណា បែបណានោះ វាមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ»។
លោកបន្ថែមថា៖ «អញ្ចឹងតាមការប្តឹងកន្លងមកនេះ គឺយើងមើលឃើញថា គឺជាការអះអាងដោយមនុស្សម្នាក់ ភ្នាក់ងារគណបក្សម្នាក់ឬក៏មួយក្រុម ទៅលើប្រជាពលរដ្ឋដែលបានបំពេញគ្រប់លក្ខខណ្ឌទៅលើការចុះឈ្មោះបោះឆ្នោត»។ អញ្ចឹងករណីនេះ យើងអាចទទួលយកបានទេ?»
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ លោក អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានលើកឡើងថា មានការចល័តមនុស្សមកចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់មួយចំនួន កាលពីខែតុលា ដែលលោកថា មានចេតនាកេងចំណេញសំឡេងឆ្នោត។
លោកថ្លែងថា គណបក្សមាន «ភស្តុតាងច្បាស់លាស់» ដែលបញ្ជាក់ថាពិតជាមានមនុស្សជាង ៣ ពាន់នាក់ ដែលមិនមែនជាអ្នករស់នៅក្នុងឃុំសង្កាត់ ប៉ុន្តែពួកគេអាចចុះឈ្មោះបោះឆ្នោតបាន។ លោកបន្ថែមថា ការរកឃើញនេះមិនមែនជាការប្តូរលំនៅដ្ឋានធម្មតារបស់ប្រជាពលរដ្ឋនោះទេ គឺក្នុងគោលបំណងធានាចំនួនមនុស្សបោះឆ្នោតឲ្យគណបក្សណាមួយ។
លោកមានប្រសាសន៍ថា៖ «យើងសម្រេចចិត្តប្តឹងទីមួយ វាប៉ះពាល់ខ្លាំងដល់លទ្ធផលបោះឆ្នោត។ ទីពីររឿងហ្នឹង វាខុស[ច្បាប់]មែន។ វាខុសមែន វាខុសម៉េច? គឺជាការលួចបន្លំឆន្ទៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លាំងណាស់។ បើបោះឆ្នោតឃុំសង្កាត់ ប្រជាពលរដ្ឋចង់រើសមេឃុំនេះ បែរទៅជាប់មេឃុំនោះ។ បើបោះឆ្នោតថ្នាក់ជាតិ ប្រជាពលរដ្ឋសំឡេងភាគច្រើនគាំទ្រតំណាងរាស្រ្តគណបក្សនេះ បែរជាគណបក្សនេះច្រើនជាងយើងវិញទៅ»។
ក្រុមការងាររបស់គណបក្ស LDP ក៏បានបង្ហាញទាំងរូបភាព និងវីដេអូដែលពួកគេថតបាន ទាក់ទងនឹងភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោតអ្នកដែលមិនមានលំនៅឋានក្នុងឃុំសង្កាត់។
កាលពីខែមេសា ឆ្នាំ២០១៨ គឺមុនការបោះឆ្នោតថ្នាក់ជាតិ VOA បានស៊ើបអង្កេតការចុះឈ្មោះបោះឆ្នោតមួយដោយរកឃើញអំពីការនាំទាហាន និងគ្រួសាររបស់ទាហាន មកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។ មេប៉ុស្តិ៍ឃុំត្រាំសសរបានបញ្ជាក់អាសយដ្ឋានរបស់ទាហានជាង ២០០ នាក់កាលនោះ ដើម្បីពួកគេអាចបោះឆ្នោតនៅទីនោះបាន ហើយការដែលពួកគេចុះឈ្មោះបោះឆ្នោតនៅឃុំនោះប៉ូលិសថា ដើម្បីត្រៀម«ការពារការបោះឆ្នោត»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត មានប្រសាសន៍ថាកន្លងទៅ ក៏មានការចុះឈ្មោះកងកម្លាំងដែលត្រូវបានអាជ្ញាធរចាត់ចែងសម្រាប់ការពារនៅពេលបោះឆ្នោត ដែលពួកគេត្រូវចុះឈ្មោះបោះឆ្នោតនៅតំបន់ជិតបំផុត ដើម្បីអាចចូលរួមបោះឆ្នោតបានងាយស្រួល។ លោកជំរុញឲ្យមានការធានាថា កុំឲ្យមានឈ្មោះបោះឆ្នោតពីរកន្លែង ប្រសិនបើមានការប្តូរទីលំនៅឋាន ហើយត្រូវបញ្ជាក់ហេតុផលសមរម្យសម្រាប់កងកម្លាំងដែលជាអ្នកការពារនៅតំបន់នោះ ដើម្បីកុំឲ្យគណបក្សនយោបាយយល់ច្រឡំ។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែបើសិនជាហេតុផលទាំងនេះមិនមានទេ ហើយរកឃើញថាអ្នកទាំងអស់ហ្នឹង គឺជាហេតុផលនយោបាយមួយ ដែលមិនមែនជាអ្នកមកស្នាក់នៅ នៅហ្នឹងផង ហើយពុំមែនជាអ្នកសន្តិសុខការពារផង ហើយអាចទៅបោះឆ្នោតនៅហ្នឹង អាហ្នឹងជាបញ្ហានយោបាយមួយ ដែល គ.ជ.ប ត្រូវតែពិនិត្យមើល»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានឲ្យដឹងថាឈ្មោះស្ទួនចំនួន ៣.៧៤៥ នាក់ ក្នុងនោះមានស្រ្តីប្រមាណ ១.៧០០ នាក់ ត្រូវបានលុបចោលសម្រាប់បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២០នេះ។ ចំណែកឈ្មោះមនុស្សប្រមាណ ១៥ ម៉ឺន ៤ ពាន់នាក់ ត្រូវបានលុបចោលចេញពីបញ្ជី ក្រោមហេតុផលស្លាប់ជាអ្នកផ្លាស់ចេញ ចុះឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន) និងអ្នកត្រូវដកហូតសិទ្ធិបោះឆ្នោត។
លោក សោម សូរីដា មានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋផ្លាស់ចេញ ហើយមិនបានចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ណាថ្មីទេ នោះឈ្មោះរបស់ពួកគេត្រូវរក្សាទុកដដែល គឺមិនលុបចោលនោះទេ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែបើសិនជាគាត់ទៅចុះឈ្មោះនៅក្នុងឃុំសង្កាត់ណាមួយហើយ ហើយគាត់មិនទាន់លុបឈ្មោះចេញពីឃុំសង្កាត់ផ្សេង ករណីនេះគឺជាករណីគាត់អត់រាយការណ៍។ ហើយប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោត យើងអាចឆែកដឹងថាបុគ្គលនោះស្ទួន»។
បើតាម គ.ជ.ប អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានជាង ២០ ម៉ឺននាក់ ហើយចំនួនមនុស្សក្នុងបញ្ជីឈ្មោះបោះឆ្នោត រហូតដល់ពេលនេះ មានចំនួន ៨,៨ លាននាក់។
គ.ជ.ប ក៏ឲ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងប្រមាណ ១៤០ ដែលភាគច្រើនលើសលប់ជាពាក្យបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប បានយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងនិងធ្វើទៅតាមច្បាប់ដែលមាន។
លោកមានប្រសាសន៍ថា៖ «ហើយការដោះស្រាយនៅ គ.ជ.ប នេះ គឺយើងបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់។ អាចថាវាត្រឹមត្រូវកម្រិតណានោះ យើងឃើញថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះ គឺបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប»។
គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋដែលខកខានមិនបានមកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ ២០២០ នេះ អាចទៅចុះឈ្មោះក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ បន្តទៀត៕