មនុស្ស៥នាក់ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងករណីពុលស្រាសក្នុងស្រុកទឹកផុស ដែលបានសម្លាប់មនុស្ស៨នាក់កាលពីពេលកន្លងទៅ។
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមនុស្ស៨នាក់បានស្លាប់ក្នុងចំណោមអ្នកពុលស្រាជាង១៣០នាក់ ដោយសារការពិសាស្រាស។ មនុស្សភាគច្រើនពុលស្រានេះ ក្រោយចូលរួមពិធីបុណ្យសពចំនួនពីរក្នុងស្រុកទឹកផុស កាលពីចុងខែវិច្ឆិកា ហើយបានពិសាស្រាស។ ចំណែកឯអ្នកខ្លះទៀត ក៏ពិសាស្រាសនេះ នៅតាមផ្ទះផងដែរ។ នេះបើយោងតាមមន្រ្តីសុខាភិបាល។
លោក ខូវ លី ស្នងការប៉ូលិសខេត្តកំពង់ឆ្នាំង ប្រាប់វីអូអេនៅព្រឹកថ្ងៃពុធនេះថាកម្លាំងនគរបាលខេត្តបានឃាត់ខ្លួនមនុស្ស៩នាក់ ហើយបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា។ លោកបញ្ជាក់ថាការសម្រេចឃុំខ្លួនជាការវិនិច្ឆ័យរបស់តុលាការ។
បើតាមលោក ខូវ លី មនុស្សប្រមាណ១៣៦នាក់បានរងគ្រោះពីការពុលស្រានេះ ប៉ុន្តែអ្នកទាំងអស់បានធូរស្បើយ ក្រោយពីការព្យាបាល។ លោកស្នងការប៉ូលិសខេត្តកំពង់ឆ្នាំងបន្តថារហូតមកដល់ពេលនេះ មន្ត្រីជំនាញកំពុងសិក្សាពីប្រភពនៃសារធាតុគីមី ដែលយកមកផលិតស្រា។
លោកអះអាងថា អាជ្ញាធរក៏បានបង្កើនការយល់ដឹងដល់ពលរដ្ឋអំពីគ្រោះថ្នាក់នៃការទទួលទានស្រាស ដែលផលិតដោយគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «បានផ្សព្វផ្សាយ ទៅប្រជុំអប់រំ ទៅផ្សព្វផ្សាយដល់ខ្នងផ្ទះដល់ឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានទាំងអស់។ ឲ្យអធិការលោកធ្វើកិច្ចការងារនេះ...ឲ្យប្រជាពលរដ្ឋលោកមានការប្រុងប្រយ័ត្ន កុំឲ្យពិសាស្រា ដែលមានជាតិពុល ជាតិអាល់កុលដល់១៥,៣[%] ១៧[%] ១៤,៧[%] ដូចវាជាតិពុលវាខ្លាំង។ ការពិត ធម្មតាវាតែ...០,១ [%]»។
ក្រោយពីហេតុការណ៍ពុលស្រាក្នុងស្រុកទឹកផុសនោះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអះអាងថាមូលហេតុដែលបណ្តាលឲ្យពុលស្រានោះ គឺមកពីក្នុងស្រានោះ មានកំហាប់ជាតិមេតាណុលខ្ពស់បំផុត គឺទៅដល់ជាង១៤,៧%វ៉ុល ដែលកម្រិតមិនពុល គឺនៅក្រោម០,១%វ៉ុលតែប៉ុណ្ណោះ។
លោក ឡុង ស៊ីថា អ្នកនាំពាក្យរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាតុលាការសម្រេចឃុំខ្លួនមនុស្ស៥នាក់ក្នុងចំណោមជនសង្ស័យ៩នាក់ ដែលបញ្ជូនមកពីស្នងការដ្ឋានប៉ូលិសខេត្ត។
លោកបន្ថែមថាពួកគេត្រូវបានចោទប្រកាន់ពីបទ«ធ្វើពាណិជ្ជកម្ម និងផលិតម្ហូបអាហារមានជាតិពុល និងមនុស្សឃាតដោយអចេតនា» តាមបទចោទក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សមត្ថភាពផលិតផលទំនិញ និងសេវា និងមាត្រា២០៧នៃក្រមព្រហ្មទណ្ឌដែលអាចមានទោសទណ្ឌជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ។
លោកមានប្រសាសន៍ថា៖ «ដោយសារចម្លើយរបស់គាត់ មានការផលិតបិទស្រាហ្នឹង។ គាត់លាយជាតិមេតាណុលបន្ថែម។ ពាក់ព័ន្ធនឹងរបាយការណ៍របស់ខាងក្រសួងពាណិជ្ជកម្ម ខាងកាំកុងត្រូលបានបញ្ជាក់ថាមានជាតិពុល ហើយខាងសិប្បកម្ម ក៏បានបញ្ជាក់មកដែរ»។
អ្នកនាំពាក្យតុលាការឲ្យដឹងថាជនសង្ស័យ១នាក់ទៀត មានបញ្ហាសុខភាពដែលកំពុងទទួលការព្យាបាលជំងឺលើសឈាម និងចំហបេះដូងនៅមន្ទីរពេទ្យ។ ដោយឡែកមនុស្ស៣នាក់ផ្សេងទៀត ត្រូវបានតុលាការសម្រេចដោះលែងវិញ ក្រោយរកឃើញថាពួកគេគ្រាន់តែជាអ្នកលក់បន្ត ហើយក៏ជាជនរងគ្រោះ។
លោក ឡុង ស៊ីថា បន្ថែមថាអាជ្ញាធរបានសម្រេចផ្អាកអាជីវកម្មផលិតស្រានៅទូទាំងខេត្តជាបណ្តោះអាសន្ន រហូតដល់មន្ត្រីជំនាញវាយតម្លៃបានថាផលិតកម្មស្រាទាំងអស់នោះ មិនបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។
មន្រ្តីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថាការចោទប្រកាន់របស់តុលាការមកលើអ្នកផលិតស្រាទាំងនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺមន្ត្រីជំនាញគួរស្វែងរកប្រភពនៃសារធាតុគីមី ដែលត្រូវបានប្រើសម្រាប់ផលិតស្រាសម្រាប់លក់ឲ្យអ្នកភូមិ។
លោកបញ្ជាក់ថា៖ «ខាងជំនាញគួរតែស៊ើបអង្កេតបន្តទៀតថាតើមេ[ស្រា]នោះ ចេញមកពីប្រភពណា ហើយអាធាតុផ្សំផ្សេងៗទៀតនោះចេញពីប្រភពណា។ អ៊ីចឹងយើងទៅទប់ស្កាត់ ឬមួយទៅរារាំងដល់ហ្នឹង បានវាត្រឹមត្រូវ។ បើសិនជាយើងយកត្រឹមតែកន្លែងផលិត យើងឃើញថាវាដូចមិនយុត្តិធម៌ទៅលើពួកគាត់ហ្នឹងទេ។ តែបើសិនជាការធ្វើរបស់ពួកគាត់ មានការធ្វេសប្រហែសឬកំហុសឆ្គងដែលក្នុងបំណងចង់គេហៅថាលោភលន់ចង់បានតែលុយកាក់នោះ អាហ្នុងយើងគិតថាយើងគួរហ្នឹងហើយ ពិចារណាក្នុងការដាក់ទោស ដាក់ទណ្ឌ»។
លោកបន្ថែមថាអាជ្ញាធរខេត្ត និងមន្ត្រីជំនាញគួរផ្តើមការស្រង់ស្ថិតិនៃទីតាំងផលិតស្រា និងពិនិត្យវាយតម្លៃពីលក្ខណៈបច្ចេកទេសនៃការផលិតស្រាថាតើវាត្រូវតាមស្តង់ដារបច្ចេកទេសផលិតស្រា ឬក៏គ្រាន់តែចេះតគ្នា ហើយមកបើកអាជីវកម្ម។
លោកបន្ថែមថា៖ «យើងប៉ះទីណា យើងបង្ក្រាបទីហ្នឹង។ យើងឃើញថាបទល្មើស ឬប្រការគ្រោះថ្នាក់ហ្នឹង វានឹងកើតនៅកន្លែងផ្សេងៗទៀតបាទ»។
អ្នកស្រី ភឿក ហឹង មេឃុំខ្លុងពពកក្នុងស្រុកទឹកផុស ដែលជាទីតាំងពុលស្រាសនេះ មានប្រសាសន៍ថាអ្នកភូមិរបស់អ្នស្រីចំនួន៥នាក់ស្លាប់ និងអ្នករងគ្រោះពីការពុលស្រានេះ មានចំនួន១២៦នាក់ ក្នុងនោះមានស្ត្រី៤នាក់។ អ្នកស្រីបន្តថាអ្នកលក់ស្រាមួយចំនួន ត្រូវបានអាជ្ញាធរហៅមកធ្វើកិច្ចសន្យាឲ្យឈប់លក់ស្រា រួចឲ្យត្រឡប់ទៅវិញ។ ចំណែកអ្នកផលិតស្រាម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ។
នៅពេលសួរថាតើអាជ្ញាធរឃុំអាចនឹងបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យបច្ចេកទេសរបស់អ្នកផលិតស្រា ឬយ៉ាងណានោះ អ្នកស្រីមេឃុំមានប្រសាសន៍ថាអ្នកស្រីនឹងពិនិត្យលើស្ថានភាពជាក់ស្តែង។
អ្នកស្រីមានប្រសាសន៍ថា៖ «ចាំមើលលើកក្រោយ យើងគិតទៅតាមហ្នឹងក្រោយទៀត ព្រោះយើងឥឡូវនេះអត់មានទេ អត់មានអ្នកលក់ស្រានៅឡើយទេ»។
មន្រ្តីសុខាភិបាលខេត្តកំពង់ឆ្នាំងឲ្យដឹងថានេះជាការពុលលើកទីពីរហើយក្នុងស្រុកទឹកផុស ដែលកាលពីចុងឆ្នាំ២០១៦ ក៏មានករណីពុលស្រាស ដែលកាលនោះមានមនុស្សយ៉ាងតិច៩នាក់ស្លាប់។
ចាប់ពីឆ្នាំ២០១៥ដល់២០១៧ មានករណីពុលស្រាស ប្រមាណ៣៩០ករណី ដែលបណ្ដាលឲ្យមនុស្ស៥០នាក់ស្លាប់ នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងកំពង់ឆ្នាំង។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕