ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ករណី​ពុល​ស្រា«​ស​​»នៅ​កំពង់​ឆ្នាំង​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៨​នាក់​ស្លាប់


រូបឯកសារ៖ ស្រាស និងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់ ខែធ្នូ ឆ្នាំ២០១៩។ (ស៊ុន ណារិន/វីអូអេ)

ប្រធាន​មន្ទីរសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាង​តិច​៨នាក់​បាន​ស្លាប់ ​ក្នុង​ចំណោម​អ្នក​ពុល​ជាង​១៣០នាក់​ ដោយសារ​ការ​ពិសា​ស្រា​«ស»​នៅ​ក្នុងស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។

ការ​ពុល​ស្រា​ស​នេះ កើត​ឡើង​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ចូលរួម​ពិធី​បុណ្យ​សព​ចំនួន​ពីរ​ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។ នេះ​បើ​តាម​អាជ្ញាធរ​ឃុំ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង លោក ប្រាក់ វ៉ុន មាន​ប្រសាសន៍​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ មនុស្ស​ពុល​ស្រា​មាន​ចំនួន១៣១​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ ៦ ​នាក់។ លោក​បន្ត​ថា​អ្នក​ជា​សះ​ស្បើយ មាន​ចំនួន​១១៧​នាក់ និងអ្នក​ស្លាប់​មាន​ចំនួន​ ៨​ នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ។ លោក​បន្ថែម​ថា​ តាម​ការ​ពិនិត្យ និង​ស្រាវ​ជ្រាវ ពួក​គេ​ពិត​ជា​បាន​ពិសាស្រាស ដែល​លោក​ថា​មាន​កំហាប់ជាតិ​មេតាណុល​ខ្ពស់​បំផុត គឺ​ទៅ​ដល់​ជាង​ ១៤,៧%វ៉ុល ដែល​កម្រិត​មិន​ពុល គឺ​នៅ​ក្រោម​០,១​%​វ៉ុលតែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ស្រាវ​ជ្រាវ​បឋម​អី? [យើង]​ស្រាវ​ជ្រាវ​ទាំង​អស់​ហើយ។ អ្នក​ទាំង​អស់សុទ្ធ​តែ​ពិត​បាន​ហូប​ស្រា​ស​ហ្នឹង​ហើយ​។ មាន​ជាតិ​មេតាណុល​ខ្ពស់​បំផុត​១៤,៧%​វ៉ុល ដែល​កម្រិត​ធម្មតាមាន​តែ​តូច ឬ​ស្មើ​នឹង​0,១%​វ៉ុល​»។

បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល ​ប្រជាពលរដ្ឋ​ទាំង​នោះ​ចូល​រួមពិធី​បុណ្យ​សព ហើយ​មាន​ការ​ពិសា​ស្រា​ស។ ប៉ុន្តែ​លោក​ថាអ្នក​ពុល​ផ្សេង​ទៀត ក៏​បាន​ទិញ​ស្រាមក​ពិសា​នៅ​ផ្ទះ​ផង​ដែរ។

លោក​បន្ថែម​ថា៖ «តែ​កាល​ណា​ហូប​ច្រើន យើង​សង្រ្គោះ​អត់​ទាន់​ទេ។ អត់​មាន​វិធី​សង្រ្គោះ​ទេ។ វា​លឿន​ណាស់ វា​លឿន​តែ​ម្តង។ ទីមួយ​បញ្ជូន​មិន​ទាន់​។ ទីពីរ អាការ​ពុល​មេតាណុល វា​លឿន​ណាស់​។ វា​លឿន​មិន​អាចឲ្យ​ទុក​ពេល​ឲ្យ​យើង​សង្រ្គោះ​។ វិធី​តែ​មួយ​គត់ គឺ​លាង​ឈាម បាន​ទាន់»។

បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំងបាន​រឹប​អូស​យក​ស្រា​នៅទូ​ទាំង​ស្រុក និង​ខេត្ត​កំពង់​ឆ្នាំង ដែល​ក្នុង​នោះ​ បាន​ដក​ហូត​ស្រា​ស​ជាង​៥.២០០​លីត្រ។

ប្រធាន​មន្ទីរ​សុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ មន្ទីរ​បាន​ណែនាំ​កុំ​ឲ្យ​បិត​ស្រា​ស​ ប៉ុន្តែ​នៅតែ​មាន​ការ​បិត​ស្រា​ជា​លក្ខណៈ​គ្រួសារ​ដដែល។ លោក​បន្ត​ថា​កាល​ពី​ចុង​ឆ្នាំ​២០១៦ ក៏​មាន​ករណី​ពុល​ស្រា​ស​ស្លាប់ នៅ​ក្នុង​ស្រុក​ទឹក​ផុស ​ខេត្ត​កំពង់​ឆ្នាំង ដែល​កាល​នោះ​មាន​មនុស្ស​យ៉ាង​តិច​៩​នាក់​ស្លាប់។

មេឃុំ​ខ្លុង​ពពក​ អ្នកស្រី​ ភឿក ហឹង ​មាន​ប្រសាសន៍​ថា ​អ្នក​ភូមិ​ក្នុង​ឃុំ​របស់​អ្នកស្រី ចំនួន ៥​ នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​បាន​ពុល ក្រោយ​រក​ឃើញ​ថា​គាត់​បាន​ហូប​ស្រា​ស​នៅ​ក្នុង​ពិធី​បុណ្យ​សព​ចំនួន​ពីរ គឺ​មួយ​នៅ​ភូមិ​ក្រោយ​វត្ត កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា និង​មួយ​ទៀត នៅ​ក្នុង​ភូមិ​តាកាប កាល​ពីថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា។

អ្នកស្រី​ថ្លែង​ប្រាប់​ VOA​ ថា៖ «ហូប​ពី​ថ្ងៃ​២៥​[ខែ​វិច្ឆិកា]។ ដល់​ថ្ងៃ​២៨ បាន​យើង​កំណត់​ថា​ម្នាក់​ហ្នឹង​គាត់​ស្លាប់​ដោយ​សារស្រា​ហ្នឹង​ទៅ បាន​ខាង​មន្ទីរ​សុខាភិបាល​គាត់​ថា​អ្នក​ណា​ដែល​បាន​ហូប​ស្រា​នៅកន្លែង​យាម​សព​ហ្នឹង ឲ្យ​ទៅ​ធ្វើ​តេស្ត​ឈាម​ មើល​ជាតិ​ពុល​នៅ​ក្នុង​ឈាម​ហ្នឹង​ទាំង​អស់​។ អញ្ចឹង​ក៏​ពួក​យើង​បាន​ទៅ​សម្រាក​ព្យាបាលនៅ​កន្លែង​ពេទ្យ​។ អ្នក​ខ្លះ​ក៏​ឈឺ​ អ្នក​ខ្លះ​ក៏​អត់​ធ្វើ​ទុក្ខ ​ធ្វើ​អី​ដែរ។ តែ​គាត់​បាន​ហូប​ស្រា​ហ្នឹង​មួយ​កែវ​ពីរ​កែវអី​ចឹង​ទៅ បាន​គាត់​ទៅ​[ពិនិត្យ]​»។

អ្នកស្រីបន្ត​ថា​ស្រា​នោះ​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ឃុំ​ផង និង​នាំមក​ពី​ក្រៅ​ឃុំ​មក​ផង។

អ្នកស្រី​បន្ថែម​ថា៖ «ធម្មតា​តែ​មាន​បុណ្យ​អញ្ចឹង គាត់​ទិញ​មួយ​កាន​អីចឹង​មក សម្រាប់ចែក​គ្នា​ហូប។ ហូប​សម្រាប់​យាម​សព​ហ្នឹង​ទៅ។ វា​មិន​មែន​ហូប​នៅ​តាម​ផ្ទះហ្នឹង​ទេ។ ប៉ុន្តែ​គាត់​ហ្នឹង​អ្នក​ធ្លាប់​ហូប​ស្រា​ចិន​សែ​យើង​ដែរ។ អ្នក​ដែល​គាត់​បាន​ពុល​ស្រា​ស្លាប់​ហ្នឹង»។

លោក ​គុយ ឡេង ​មេឃុំ​អភិវឌ្ឍន៍​ដែល​នៅ​ជាប់​ឃុំ​ខ្លុង​ពពក មាន​ប្រសាសន៍​ថា​ប្រជាជន​ម្នាក់​ក្នុង​ឃុំ​របស់​លោក​បាន​ស្លាប់​ ដោយសារ​ពុល​ស្រា​ស​នេះ​។ លោក​បន្ត​ថា​សមត្ថកិច្ចនៅ​ថ្ងៃ​អង្គារ​នេះ បានចុះ​ប្រមូល​ស្រា​បិត​នៅ​ក្នុង​ឃុំ​របស់​លោក ដើម្បី​រក្សា​ទុក។

កន្លង​ទៅ ក្រសួង​សុខាភិបាល​បាន​អះអាង​ថា អ្នក​ផលិត​ស្រា​ស​បាន​ដាក់​សារធាតុ​មេតាណុល​ខ្ពស់​ខ្លាំង​លើស​ការ​កំណត់ និង​ការ​ផលិត​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ទើប​បណ្ដាល​ឲ្យ​មនុស្ស​ពុល​ស្លាប់។

ចាប់​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ មាន​ករណី​ពុល​ស្រា​ស ប្រមាណ​៣៩០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​មណ្ឌល​គិរី ត្បូង​ឃ្មុំ ​ក្រចេះ និងកំពង់​ឆ្នាំង។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល៕

XS
SM
MD
LG