ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ


អ្នកធាក់ស៊ីក្លូរង់ចាំដឹកអតិថិជននៅមុខបដាដ៏ធំតំណាងឲ្យសមាជគណបក្ស​កុម្មុយនីស្ត​វៀតណាមលើកទី១៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ការ​ផ្លាស់ប្ដូរ​នយោបាយ​បែប​សម្ងាត់ ដែល​ធ្វើ​ឡើង​រយៈពេល ៥ ឆ្នាំ​ម្ដង​ក្នុង​ប្រទេស​វៀតណាម​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ ត្រៀម​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រឈម​ជាមួយ​នឹង​ភាព​គឃ្លើន​កាន់តែ​ខ្លាំង​ឡើង​របស់​ប្រទេស​ចិន និង​ភាព​តានតឹង​កើនឡើង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

តំណែង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏​ដូចជា​តំណែង​ថ្នាក់​ដឹកនាំ​សំខាន់ ៣ ទៀត នឹង​ត្រូវ​គេ​បោះឆ្នោត​ជ្រើសរើស​នៅ​ក្នុង​សមាជ​គណបក្ស​ក្នុង​ទីក្រុង​ហាណូយ ដែល​ភាគ​ច្រើន​នឹង​ធ្វើ​ឡើង​ដោយ​សម្ងាត់ និង​បន្ដ​រហូត​ដល់​ថ្ងៃ​ទី ២ ខែ​កុម្ភៈ​ខាង​មុខ។

នៅ​មុន​សមាជិក​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​នេះ​ចូល​មក​ដល់ គេ​ឃើញ​មាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង​ជា​បន្ដបន្ទាប់ ហើយ​ការ​បង្ក្រាប​នេះ​បាន​កើនឡើង​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អង្គការ​សិទ្ធិ​មនុស្ស​នានា។

ក្រុម​អ្នក​វិភាគ​និយាយ​ថា មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​បច្ចុប្បន្ន លោក Nguyen Phu Trong ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​ ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក​ផងដែរ​នោះ កំពុង​ស្វះស្វែង​ចង់​បាន​ការ​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​ជា​អគ្គលេខាធិការ​បក្ស ទោះបីជា​លោក​មិន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ដ​កាន់​តំណែង​ទាំងពីរ​នេះ​ទៀត​ក្នុង​ពេល​តែ​មួយ​ក៏​ដោយ។

ប៉ុន្តែ​ការ​កាន់​តំណែង​កំពូល​នេះ​មួយ​អាណត្តិ​ទៀត​សម្រាប់​លោក Trong វ័យ ៧៦ ឆ្នាំ ដែល​ជា​អ្នក​អភិរក្ស​និយម​មាន​ទំនោរ​ទៅ​រក​ប្រទេស​ចិន​រូប​នេះ នឹង​ជួយ​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដ៏​ល្បីល្បាញ​របស់​លោក ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ជួរ​គណបក្ស កង​កម្លាំង​ប៉ូលិស និង​កងកម្លាំង​យោធា។

ដង​ផ្លូវ​នានា​ត្រូវ​បាន​បិទ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ជុំវិញ​មជ្ឈមណ្ឌល​សមាជ​ជាតិ​ក្នុង​ទីក្រុង​ហាណូយ ដោយ​មាន​ការ​ការពារ​សន្ដិសុខ​តឹងរ៉ឹង នៅ​ពេល​ដែល​គណៈប្រតិភូ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ​ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​សមាជ​គណបក្ស៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG