នៅក្នុងឱកាសទិវាកុមារអន្តរជាតិ១ មិថុនានេះ អង្គការសង្គមស៊ីវិលចំនួន៧ បានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩មកលើកុមារ ក្នុងនោះមានការសិក្សារបស់ពួកគេ បញ្ហាបោះបង់ការសិក្សា និងភាពតានតឹងផ្លូវចិត្តជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ អង្គការសិទ្ធិមនុស្សលីកាដូបានជំរុញឲ្យមានការគិតគូរទៅលើកុមារ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ដោយលើកឡើងថាកុមារមិនគួរត្រូវបានមើលរំលងក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ឡើយ។
អង្គការលីកាដូបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលគួរចាប់ផ្ដើមចាត់ទុកសិទ្ធិ និងសុខុមាលភាពរបស់កុមារជាបញ្ហាស្នូលមួយក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩»។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «តម្រូវការរបស់កុមារមិនគួរត្រូវបានមើលរំលងទៀតទេ។ សិទ្ធិ សុខុមាលភាព និងសំឡេងរបស់កុមារ គួរតែជាអាទិភាព នៅគ្រប់វិធានការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ១៩នៅកម្ពុជា»។
បើតាមអង្គការលីកាដូ កុមារដែលនៅក្នុងគ្រួសារក្រីក្រឬរៀននៅសាលារៀនដែលមានធនធានតិចតួច និងកុមារដែលរស់នៅតាមជនបទ ត្រូវបានមើលរំលង ដោយពួកគេមិនមានមធ្យោបាយសមស្រប និងគ្រប់គ្រាន់ ដើម្បីទទួលបានការអប់រំនោះទេ។ ឯកសារសិក្សាជាក្រដាសមិនត្រូវបានចែកចាយដល់កុមារគ្រប់គ្នាទេ ហើយប្រសិនបើមិនមានទូរស័ព្ទវ័យឆ្លាត កុំព្យូទ័រ ទីតាំងរៀនសូត្រសមរម្យ និងសេវាអ៊ីនធឺណិតល្អទេ នោះប្រសិទ្ធភាពនៃការសិក្សាពីចម្ងាយ គឺមិនអាចធ្វើទៅរួចឡើយ។ អង្គការលីកាដូបញ្ជាក់ថាឪពុកម្ដាយ និងអាណាព្យាបាល ក៏បានរងសម្ពាធខ្លាំងដែរ ដោយសារអ្នកខ្លះខ្វះចំណេះដឹង ពេលវេលា ឬធនធាន ដើម្បីជួយគាំទ្រការសិក្សានៅផ្ទះរបស់កូនៗពួកគេឲ្យមានប្រសិទ្ធភាព។
បើតាមអង្គការនេះ កាលពីខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ ក្នុងកិច្ចសហការជាមួយក្រុមការងារក្នុងវិស័យអប់រំ និងអង្គការដទៃទៀត បានចេញផ្សាយការវាយតម្លៃមួយ ដោយបង្ហាញថាសិស្សានុសិស្សយ៉ាងតិច១៦%បានប្រឈមនឹងការបោះបង់ការសិក្សា ហើយ៦% ពេលនេះកំពុងធ្វើការពេញម៉ោង ក្រោយពីការបិទសាលារៀន។
ចំណែកនៅក្នុងបទវិចារណកថាមួយដែលធ្វើរួមគ្នាដោយសម្ព័ន្ធភាពសកលនៃអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យចំនួន៦ ដូចជាអង្គការ World Vision អង្គការ ChildFun អង្គការ Save the Children និងអង្គការ Plan International ជាដើម អង្គការទាំងនោះបានលើកឡើងថាលើសពីភាពឯកោ កុមារត្រូវប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាច ភាពតានតឹងដែលកំពុងតែកើនឡើង និងការភ័យខ្លាចថារៀនមិនទាន់គេ ដោយសារមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការរៀនសូត្រពីចម្ងាយ។ បញ្ហាតានតឹងគឺនៅពេលដែលពួកគេបានឃើញឪពុកម្តាយ និងសាច់ញាតិគ្រួសារបាត់បង់ប្រាក់ចំណូល និងមានការលំបាកក្នុងការចំណាយលើការរស់នៅ។
អង្គការបញ្ជាក់ថាសម្រាប់កុមារជាច្រើននៅកម្ពុជា«ការវិលរកភាពប្រក្រតីវិញ» អាចនឹងត្រូវការកិច្ចប្រឹងប្រែងច្រើនជាងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៅទៀត ដែលក្នុងនោះរួមមានការប្រយុទ្ធនឹងផលប៉ះពាល់ដែលអាចមានរយៈពេលវែងលើការសិក្សា ភាពក្រីក្រ និងសុខភាពផ្លូវចិត្ត។
អង្គការទាំងនោះជំរុញឲ្យដាក់ការអភិវឌ្ឍ និងការរៀនសូត្ររបស់កុមារទៅក្នុងចំណុចស្នូលនៃផែនការស្តារឡើងវិញ ដែលមិនត្រឹមតែសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីជម្នះផលប៉ះពាល់រយៈពេលវែងរបស់វាផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ VOA ថា ក្រសួងអប់រំបានព្យាយាមប្រែក្លាយវិបត្តិជំងឺកូវីដ១៩នេះទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យអប់រំ ហើយវាទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងឪពុកម្តាយរបស់សិស្សានុសិស្សផងដែរ។
លោកបញ្ជាក់ថា៖ «កូវីដ១៩ជះឥទ្ធិពលមកលើពិភពលោកគ្រប់វិស័យ។ នៅក្នុងនោះ ប្រទេសកម្ពុជាយើង បើយើងពិនិត្យដោយឡែក គឺវិស័យអប់រំ យុវជននិងកីឡា ក៏ទទួលផលជះពីកូវីដ១៩ដែរ។ អ្វីដែលសំខាន់ដែលយើងគួរតែផ្តោតនេះ គឺទៅលើការបង្វែរបញ្ហាប្រឈមនានា ឲ្យទៅជាឱកាសពង្រឹងការអប់រំ ជាពិសេសនោះ គឺការពង្រឹងអប់រំឌីជីថល»។
បើតាមអង្គការលីកាដូ ការរស់នៅរបស់កុមារ ត្រូវបានកែប្រែយ៉ាងខ្លាំង ដោយសារការបន្តបិទការសិក្សាដោយផ្ទាល់ក្នុងថ្នាក់រៀន។ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជាបានប្រឈមនឹងការឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំង ដែលនាំឲ្យមានការបិទសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ដោយមិនមានការកំណត់ឲ្យបើកឡើងវិញនៅឡើយ ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សប្រមាណ ៣លាន ២សែននាក់។
នៅក្នុងសារអបអរសាទរទិវាកុមារអន្តរជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពនិងសាមគ្គីភាពសង្គម ដោយបន្តផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងវិបត្តិជំងឺកូវីដ១៩។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារនិងផ្តល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះនិងរងគ្រោះ ព្រោះតែឪពុកម្តាយឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ និងជាពិសេសក្នុងការរស់នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្តប្រព័ន្ធកិច្ចការពារកុមារឲ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់កុមារគ្រប់វិស័យ៕