ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​បង្ហាញ​ថា ការបណ្តេញ​ចេញ​នៅ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​បញ្ហា ពុំ​មាន​ការពិភាក្សា និង​ផ្តល់​សំណង​ត្រឹមត្រូវ


អាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា៥០នាក់ បានចុះទៅរុះរើសំណង់រោងប្រជាពលរដ្ឋដែលសាងសង់នៅលើទំនប់ក្នុងបឹងតាមោក នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដោយអង្គការធាងត្នោត)
អាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា៥០នាក់ បានចុះទៅរុះរើសំណង់រោងប្រជាពលរដ្ឋដែលសាងសង់នៅលើទំនប់ក្នុងបឹងតាមោក នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដោយអង្គការធាងត្នោត)

របាយ​ការណ៍​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២០ ​អាជ្ញាធរ​ បាន​នាំ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បឹងឈូក​អេ ​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ​

សមាគម​ធាងត្នោត ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​ការ​បណ្តេញ​ចេញ​នៅ​ទីក្រុង​ភ្នំពេញ ​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​នេះ។​ សមាគម​ក៏​បាន​បង្ហាញ​អំពី​ការ​បណ្តេញ​ចេញ​ថ្មីៗ​នេះ នៅ​ក្នុង​សហគមន៍​ចំនួន​៣ ​ ដោយ​មិន​មាន​ការ​ពិភាក្សា​ត្រឹមត្រូវ​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​តែ​ព្រួយ​បារម្ភ​អំពី​ការ​មិន​ផ្តល់​សំណង​ឲ្យ​បាន​សមរម្យ។

របាយ​ការណ៍​ថ្មី​អំពី ​«ការ​បណ្តេញ​ចេញ​និង​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ» ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​មិថុនា​នេះ​ឲ្យ​ដឹង​ថា​ គ្រួសារ​ដែល​ជួប​ការ​លំបាក​នៅ​តែ​បន្ត​ប្រឈម​ការ​បណ្តេញ​ចេញ ​ បើ​ទោះ​ជា​ការ​រាតត្បាត​ជំងឺ​នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​នេះ​កាន់​តែ​ងាយ​រង​គ្រោះ​នឹង​ការ​ឈឺ​ស្កាត់​ និង​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង។ ​ របាយ​ការណ៍​បង្ហាញ​ថា​ ការ​បណ្តេញ​ចេញ​កើត​ឡើង​ដោយ​មិន​ស្រប​តាម​យន្តការ​សិទ្ធិ​មនុស្ស ​និង​ស្តង់ដារ​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ទេ។​ របាយ​ការណ៍​បន្ថែម​ថា​ នៅ​ក្នុង​ករណី​ជា​ច្រើន ​ អាជ្ញាធរ​មិន​បាន​ផ្តល់​ការ​ជូន​ដំណឹង​សមហេតុ​ផល​ទៅ​សហគមន៍​ មុន​ការ​បណ្តេញ​ចេញ​ទេ។ ​សហគមន៍​ផ្សេង​ទៀត​ជា​គោល​ដៅ​នៃ​ការ​ប្រើប្រាស់​ហិង្សា ​ឬ​ ក៏​ការ​គំរាម​កំហែង​មុន​ ឬ​ អំឡុង​ពេល​នៃ​ការ​បណ្តេញ​ពួកគេ​ចេញ។​

របាយ​ការណ៍​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២០ ​អាជ្ញាធរ​ បាន​នាំ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បឹងឈូក​អេ ​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ​ បើ​ទោះ​សមាជិក​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​ពិភាក្សា​ ប៉ុន្តែ​ប្រជាជន​ចំនួន​១៣​ ខ្នង​ផ្ទះ ​មិន​ត្រូវ​បាន​ពិភាក្សា ​មុន​ពេល​គ្រឿង​ចក្រ​ឈូស​ដី​មក​ដល់​ផ្ទះ​ពួកគេ​ទេ។​

បើ​តាម​សមាគម​នេះ​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា ​ឆ្នាំ​២០២០ ​ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​១០០ ​គ្រួសារ ​ត្រូវ​បាន​បង្ខំ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​នៅ​បឹង​តាមោក។ បន្ទាប់​ពី​ចេញ​លិខិត​បណ្តេញ​ចេញ​នៅ​ដើម​ឆ្នាំ​២០១៩ ​ អាជ្ញាធរ​បាន​មក​កម្ទេច​ទីជម្រក​របស់​ពួកគេ​ទាំង​ព្រឹក ​ដោយ​មិន​បាន​ជូន​ដំណឹង ​ឬ ​ពិគ្រោះ​យោបល់​អ្វី​ជា​មុន​ឡើយ។​ ទី​ជម្រក​មួយ​ចំនួន​ត្រូវ​បាន​ដុត​បំផ្លាញ មួយ​ចំនួន​ត្រូវ​បាន​កម្ទេច​ចោល។​

ចំណែក​នៅ​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០២០ ​ ​អាជ្ញាធរ​បាន​យក​គ្រឿង​ចក្រ​ទៅ​កន្លែង​មួយ​នៅ​លើ​មាត់​បឹង​សំរោង​ ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ចំនួន​១៨​គ្រួសារ។ គ្រួសារ​ទាំង​នោះ​ បាន​អះអាង​ថា ​ពួកគេ​បាន​កាន់​កាប់​ដី​នេះ ​តាំង​ពី​ឆ្នាំ​១៩៧៩​ មក​ម្ល៉េះ។ ​ អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ថា​ គ្រួសារ​ទាំង​នោះ​ កំពុង​ទាម​ទារ​ដី​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ​ប៉ុន្តែ​ពួក​គេ​ មិន​ទាន់​បាន​ពិគ្រោះ​យោបល់​ពី​ស្ថានភាព​នេះ​នៅ​ឡើយ​ទេ។​

នាយក​ប្រតិ​បត្តិ​សមាគម​ធាង​ត្នោតលោក ​សឹង សារ៉ន​ មាន​ប្រសាសន៍​ថា​ ការ​បណ្តេញ​ចុង​ក្រោយ​នេះ​ កើត​ឡើង​ក្នុង​អំឡុង​ពេល​កូវីដ១៩​ ហើយ​ពួកគេ​ បាន​តាំង​ទី​លំនៅ​យូរ​ឆ្នាំ​មក​ហើយ។ ​លោក​បន្ត​ថា​ ​ការ​បណ្តេញ​ចេញ​នោះ ​មិន​មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ​ប៉ុន្តែ​លោក​ថា ​មាន​សហគមន៍​ផ្សេង​ក៏​ទទួល​បាន​សំណង​របស់​រដ្ឋាភិបាល ​និង​មាន​ការ​ចរចា​ពិគ្រោះ​យោបល់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ៊ីចឹង​យើង​ចង់​ឲ្យ​មាន​ទម្រង់​បែប​ហ្នឹង​សម្រាប់​សហគមន៍​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ និង​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជា​ពលរដ្ ឋ​ដែល​គាត់​រង​ផល​ប៉ះពាល់​ហ្នឹង​បាទ»។​

ពលរដ្ឋរស់នៅក្នុងភូមិសំរោងត្បូងជាប់ទំនប់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ បានចេញតវ៉ាសុំអន្តរាគមន៍ពីសាលាខណ្ឌ ទាក់ទងនឹងការរុះរើសំណង់រោងរស់នៅរបស់ពួកគេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដោយអង្គការធាងត្នោត)
ពលរដ្ឋរស់នៅក្នុងភូមិសំរោងត្បូងជាប់ទំនប់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ បានចេញតវ៉ាសុំអន្តរាគមន៍ពីសាលាខណ្ឌ ទាក់ទងនឹងការរុះរើសំណង់រោងរស់នៅរបស់ពួកគេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដោយអង្គការធាងត្នោត)

លោក​បន្ថែម​ថា៖​ «ពេល​ដែល​គាត់​ត្រូវ​បាន​បណ្តេញ​ចេញ​ហ្នឹង​ គាត់​ត្រូវ​បាន​គេ​ប្រាប់​ថា​ គាត់​ហ្នឹង​រស់​នៅ​ក្នុង​តំបន់​ដី​សាធារណៈ​របស់​រដ្ឋ។​ ប៉ុន្តែ​ បន្ទាប់​ពី​បណ្តេញ​ពួក​គាត់​ចេញ​ទៅដី​ហ្នឹង​ត្រូវ​បាន​ឲ្យ​ទៅ​ក្រុម​ផ្សេង​ ក្រុមហ៊ុន​ផ្សេង ​ក្រុម​ឯក​ជន​ណា​ផ្សេង។​ អ៊ីចឹង​វា​ជា​អ្វី​ដែល​ប្រជា​ពលរដ្ឋ​គាត់​ឆ្ងល់»។​

លោក​ តូច សំអ៊ន់ ​អាយុ​៥៧​ឆ្នាំ​ ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់​VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ថា​ សហគមន៍​ឈ្មោះ​បឹងឈូក​អេ​ មាន​ពលរដ្ឋ​ប្រមាណ​៣៦​គ្រួសារ​រង​គ្រោះ​ដោយ​សារ​ការ​បណ្តេញ​ចេញ ។​ អាជ្ញាធរ​ចោទ​ថា​ ពួក​គេ​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី។ ​លោក​និយាយ​ថា ​លោក​រស់​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៩៥។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​ដែល​គេ​បម្រុង​នឹង​ដេញ​ហ្នឹង​គេ​អត់​មាន​និយាយ​អំពី​គោល​នយោបាយ​ ឬ​ក៏​សំណង​អ្វី។ គេ​ឲ្យ​តែ​យើង​រើ​អីវ៉ាន់​ចេញ។​គេ​នឹង​ដាក់​ផែន​ការ​ឈូសឆាយ​កម្ទេច​ចោល ​ដេញ​យើង​ដូច​សត្វធាតុ ​ដូច​ថា​វា​មិន​គួរ​ឲ្យ​ទទួល​យក​បាន»។

លោក​បន្ថែម​ថា ​លោក​កំពុង​ព្រួយ​បារម្ភ​ការ​បាត់បង់​ផ្ទះ​ និង​មុខ​របរ​របស់​លោក​ជា​អ្នក​លក់​គុយ​ទាវ បាយ​និង​ភេសជ្ជៈ​នៅ​ផ្ទះ ​ហើយ​ក៏​បារម្ភ​អំពី​អនាគត​កូន​របស់​លោក​ពីរ​នាក់​ផង​ដែរ។​

លោក​បន្ថែម​ថា​ បើ​លោក​បាត់បង់​ផ្ទះ​និង​ដី​ដែល​មាន​ទទឹង​ប្រវែង​១០​ម៉ែត្រ ​និង​បណ្តោយ​១៦​ម៉ែត្រ​នេះ​ នោះ​ ជីវិត​របស់​លោក ​នឹង​រស់​នៅ​ផ្ទះ​ជួល​គេ ​ ហើយ​ការ​រក​ស៊ី​នឹង​បាត់​បង់​ផង​ដែរ។ ​លោក​ក៏​បារម្ភ​អំពី​ការ​ជំពាក់​បំណុល​ធនាគារ​មួយ​ឈ្មោះ​ថា​ប្រៃសណីយ៍​កម្ពុជា ​ដែល​ក្នុង​មួយ​ខែ​លោក​ត្រូវ​បង់​ជិត​៤០០ ​ដុល្លារ។​

លោក ​ជា ពិសី ​អភិបាល​ខណ្ឌ​ឫស្សីកែវ​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ ​ដោយ​បង្វែរ​សំណួរ​ទៅ​សាលា​រាជធានី​ភ្នំពេញ​វិញ។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ មាស ម៉េត​ភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ច័ន្ទ​នេះ។​

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយកម្ម ​និង​សំណង់​លោក ​សេង ឡូត ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ ​ដោយ​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​ណា​ដែល​ដឹង​អំពី​រឿង​បណ្តេញ​ចេញ។​

លោក​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​រឿង​បណ្តេញ ​រឿង​អី​ទេ។​ បើ​ឮ​ពី​ខាង​ណា សុំ​សួរ​ទៅ​ខាង​ហ្នឹង»។​

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​លោក ​ប៊ូ សុវណ្ណ ​អាយុ​៥៦ ​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​គ្រួស ​សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ ​ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ដី​របស់​លោក ​និង​ដី​បងប្អូន​សរុប​៥​គ្រួសារ ​នៅ​លើ​ដី​ជាង​៤​ហិកតា ​ដែល​លោក​ថា​ ជា​ដី​ស្រះ​ ហើយ​លោក​អាច​ប្រកប​របរ​ដាំ​ឈូក​ និង​ចិញ្ចឹម​ត្រី​ជា​ដើម។ ​ លោក​លើក​ឡើង​ថា ​អាជ្ញាធរ​ថា​ លោក​រស់​នៅ​មិន​មាន​ឯកសារ​ត្រឹម​ត្រូវ​ ប៉ុន្តែ​បាន​សន្យា​ថា​ នឹង​ផ្តល់​សំណង​តាម​គោល​នយោបាយ។​ ប៉ុន្តែ​រហូតមក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​នៅ​ឡើយ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​និយាយ​រឿង​ការ​លំបាក​ហ្នឹង​រាល់​ថ្ងៃ​សង្ឃឹម​លើ​ដី​ស្រែ​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត​ហ្នឹង​ហើយ។ ​ ប្រសិន​ជា​ការ​ដែល​ដោះ​ស្រាយ​ អត់​មាន​ការ​ដោះស្រាយ​(សំណង)​ គឺ​ប្រឈម​នឹង​ជួប​បញ្ហា​លំបាក​បាត់​បង់​ទ្រព្យ​សម្បត្តិ​ដី​ធ្លី​ គ្មាន​អី​ចិញ្ចឹម​ជីវិត​ទេ​ រាល់​ថ្ងៃ​ហ្នឹង»។​

លោក​បន្ត​ថា​ អាជ្ញាធរ​ថា ​យក​តំបន់​នេះ​ទៅ​អភិវឌ្ឍ​ធ្វើ​ជា​សួន ផ្លូវ​ថ្មើរ​ជើង។​ ប៉ុន្តែ​លោក​បារម្ភ​ថា​ អាជ្ញាធរ​នឹង​យក​តំបន់​នេះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង ​ដែល​អាច​ជា​ក្រុមហ៊ុន​ឯក​ជន។​

សមាគម​ធាងត្នោត​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ថា​ បទ​ពិសោធន៍​នៃ​ការ​បណ្តេញ​ចេញ​ជា​ច្រើន​នា​ពេល​កន្លង​មក ​តែង​តែ​ផ្តល់​ផល​អវិជ្ជមាន​ហើយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ ក៏​បាន​បង្ក​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ចំពោះ​គ្រួសារ​ដែល​ត្រូវ​បណ្តេញ​ចេញ​ទាំង​នោះ។ ​ សមាគម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​បញ្ឈប់​រាល់​សកម្មភាព​នៃ​ការ​បណ្តេញ​ចេញ​ក្នុង​អំឡុង​ពេល​ពិភព​លោក​ កំពុង​មាន​វិបត្តិ​ និង​ផ្តល់​ការ​ពិគ្រោះ​យោបល់​ដល់​ប្រជា​សហគមន៍​ក្នុង​ស្ថានភាព​មាន​ជំងឺ​កូវីដ១៩​នេះ៕​

XS
SM
MD
LG