ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​អះអាង​ថា​មតិ​របស់​សង្គម​ស៊ីវិល​ត្រូវ​បាន​បញ្ចូល​ក្នុង​ច្បាប់​ថ្មី


ក្រសួង​មហាផ្ទៃ​កំពុង​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ទាន់​បាន ដឹង​ពី​អត្ថន័យ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ឡើយ​​ទេ។
ក្រសួង​មហាផ្ទៃ​កំពុង​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ទាន់​បាន ដឹង​ពី​អត្ថន័យ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ឡើយ​​ទេ។

ក្រសួង​មហាផ្ទៃ​កម្ពុជា​អះអាង​ថា​ មតិ​ និង​យោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ​និង​តំណាង​ស្ថានទូត​នានា​ត្រូវ​បាន​បញ្ចូល​ក្នុង​សេចក្តី​ព្រាងច្បាប់​ដ៏ចម្រូងចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួចរាល់​អស់​ហើយ​។ ដូច្នេះ​ពួកគេ​មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ទេ។​

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នានា​ក្នុង​ពេល​បច្ចុប្បន្ន។

អង្គការ​សង្គម​ស៊ីវិល​ ស្ថានទូត​បរទេស​ និង​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​នឹង​ត្រូវបាន​គេ​ប្រើ​ប្រាស់ ​ដើម្បី​រឹតបន្តឹ​ង​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​តែ​រួម​តូច​ទៅៗ។​ ពួកគេ​ស្នើ​សុំ​ឱ្យ​បង្ហាញ​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​សាធារណៈ​ ដើម្បី​ពិភាក្សា​គ្នា​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ព្រម​ដោយ​អះអាង​ថា ​ខ្លួន​បាន​ធ្វើ​សិក្ខា​សាលា​ពីរដង​រួច​មក​ហើយ។​

សកម្មជន​ការពារ​សិទ្ធិមនុស្ស​បាន​នាំ​យក​ក្តី​កង្វល់​របស់​ពួកគេ​មក​ប្រាប់​ដល់​រដ្ឋាភិបាល ​និង​អ្នក​តាក់​តែង​ច្បាប់​សហរដ្ឋ​អាមេរិក​ និង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​ឱ្យ​ពួកគេ​ជួយ​តវ៉ា​ទៅ​អ្នក​តំណាង​រាស្ត្រ​របស់​ពួកគេ​ឱ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​លើ​ការ​រួម​ចុះ​ថយ​នៃ​លំហរ​សេរីភាព​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា។​

លោក​ស្រី ចក់ សុភាព​ នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ពេល​មក​ដល់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖

«សហគមន៍​អន្តរជាតិ​គាត់​បាន​ដឹង​ពី​បញ្ហា​នេះ​ផងដែរ​ ប៉ុន្តែ​គ្រាន់​ថា​ជា​ផ្នែក​មួយ​ដែល​យើង​មក​នេះ​ គឺ​បាន​បង្ហាញនូវ​ស្ថានភាព​ជាក់​ស្តែង ​ហើយ​និង​កង្វល់​សង្គម​ស៊ីវិល​ហើយ​និង​ថា​ តើ​សារអ្វី​ខ្លះ​ដែល​គាត់​អាច​ពាំនាំ​ក្នុង​ការ​យក​ទៅ​ពិចារណា​ក្នុង​ការ​ដាក់​ចូល​ក្នុង​យុទ្ធសាស្រ្ត​ ឬ​ក៏​ផែនការ​ណាមួយ​ ដែល​គាត់​អាច​ធ្វើ​យ៉ាងម៉េច​ឆ្លើយតប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ ជាពិសេស​ស្ថានការណ៍​ដែល​នឹង​អាច​រឹតត្បិត​ដល់​លំហរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​យើង‍»។​

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា៖ «សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តាក់​តែង​បាន​ផ្អែក​លើ​បទពិសោធន៍​ និង​ការ​អនុវត្ត​ដូច​បណ្តា​ប្រទេស​នានា​លើ​សកលលោក។ ទន្ទឹម​នេះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ត្រូវបាន​រៀបចំ​ឡើង​លើ​មូលដ្ឋាន​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ និង​ឈរ​លើ​មូលដ្ឋាន​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ។ ដូច្នេះ​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​គឺ មិន​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹម​សារ​ពិត​ប្រាកដ​នៃ​សេចក្តី​ព្រាងច្បាប់​ទេ‍»។

លោកស្រី​ចក់ សុភាព​បាន​បន្ថែម​ទៀត​ថា៖

«គាត់​គួរ​មាន​ការ​បើក​ចំហរ​ឱ្យ​អង្គការ​សង្គមស៊ីវិល​បាន​ឃើញ​សេចក្តី​ព្រាង​ច្បាប់​ហើយ​ធ្វើ​ការ​ពិគ្រោះ​យោបល់ ហើយ​ការ​ពិគ្រោះយោបល់​ហ្នឹង​ទៀតសោត​មិន​មែន​គ្រាន់​តែ បើក​ឱ្យ​យើង​មាន​ការ​ប្រជុំ​ជួបគ្នា​ ហើយ​ចប់​ហើយ​យោបល់​នោះ ទុក​ចោល​លើ​តុ​ក៏ អត់​ដែរ​គួរ​តែ​យក​ទៅ​បញ្ចូល‍»។​

ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល និង​សង្គមស៊ីវិល​គឺ​រដ្ឋាភិបាល​តែង​តែ​លើក​ជា​សំណួរ​ថា​តើ​សង្គម​ស៊ីវិល​មាន​អ្វី​លាក់​លៀម​បាន​ជាខ្លាច​មិន​ចង់​ឱ្យ​ច្បាប់​នេះ​ចេញ​ ប៉ុន្តែ​សង្គម​ស៊ីវិល​ក៏​បាន​ចោទ​ជា​សំណួរ​វិញ​ថា​ តើ​រដ្ឋាភិបាល​មាន​អ្វី​លាក់​លៀម​ក្នុង​ច្បាប់​នេះ​បាន​ជា​មិន​បើក​ចំហរ​ឱ្យ​ពិភាក្សា​បាន​ទូលំទូលាយ​ ព្រោះ​អង្គការ​សង្គម​ស៊ីវិល​យល់​ថា​ ច្បាប់​នេះ​នឹង​គ្របដណ្តប់​លើ​ប្រតិបត្តិការ​របស់​ពួកគេ​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​បើ​មាន​ការរឹតត្បិត​ណាមួយ​នឹង​អាច​ខាត​ប្រយោជន៍​កម្ពុជា​ទាំងមូល។

អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ​សេចក្តី​ព្រាង​សំណៅ​ចុងក្រោយ​ដែល​ពួកគេ​ទទួល​បាន​ក្នុង​ឆ្នាំ​២០១១​ មិន​បាន​ចែង​ច្បាស់​លាស់​ទាក់​ទិន​នឹង​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការងារ​ប្រសិន​បើ​អង្គការ​ណាមួយ​មិនព្រម​ចុះ​ឈ្មោះ ​មិន​បញ្ជាក់​ពី​លក្ខខណ្ឌ​ដែល​ក្រសួង​មហាផ្ទៃ​ឬ​ការ​បរទេស​អាច​បដិសេធ​មិន​ទទួ​ល​ចុះ​ឈ្មោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ការ​កំហិត​ការ​ចំណាយ​មិន​ឱ្យ​លើស​២៥ភាគរយ​មក​លើ​ចំណាយ​រដ្ឋបាល​ ដោយ​រួម​ទាំង​ប្រាក់ខែ​បុគ្គលិក​ និង​ការ​រំលាយ​អង្គការ​ជាដើម។

លោក​នាយករដ្ឋ​មន្ត្រី​ បាន​បង្ហាញ​ពី​ចេតនា​របស់​លោក​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ឱ្យ​ហើយ​នៅ​ដំណាច់​ខែ​ឧសភា​ ហើយ​បញ្ជូន​ទៅ​រដ្ឋ​សភា​ជាតិ​ដើម្បី​អនុម័ត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG