ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​មិន​ស្ងប់​ចិត្ត​ទោះបី​រដ្ឋាភិបាល​បកស្រាយ

  • នៅ វណ្ណារិន

លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទ​​ព័ត៌មាន​អំពី​យុទ្ធនាការ​​«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់​​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​២៧០ ចូល​រួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ អំពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នេះ​ដែល​ពួក​គេ​​បារម្ភ​ថា ច្បាប់​នេះ​មាន​ចេតនា​​រិតត្បិត​សេរីភាព​របស់​ពួក​គេ។ (នៅ វណ្ណារិន/VOA)

អង្គការសង្គមស៊ីវិលនៅកម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹងនៅ​ថ្ងៃ​អង្គារនេះ​ថា​ពួកគេ​នៅ​តែ​មានក្តី​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​និង​ការ​ដាក់​សម្ពាធរបស់​រដ្ឋាភិបាល​មកដល់​ពួក​គេ​ទាក់​ទិន​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​។​ ក្នុង​ខណៈ​ដែលក្រសួង​មហាផ្ទៃ​ប្រកាស​ថា​សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ត្រូវ​បាន​ធ្វើឡើងដោយផ្អែក​លើ​ច្បាប់​នានា​ហើយមតិ​ពី​អង្គការ​សង្គម​ស៊ីវិល​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​នោះ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​ព្រមទាំង​ស្ថានទូត​បរទេស​នៅ​កម្ពុជាដោយ​លើក​ឡើង​ថា​ ក្រសួង​និង​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​ព្រាង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្រប​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ហើយ​សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ពីរ​លើក​រួច​មក​ហើយ។​ លើសពីនេះទៀត​មតិយោ​បល់​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​ដំណើរ​ការ​ព្រាង​នោះ​ដែរ​។

ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​នៅ​ក្នុងសេចក្តី​ប្រកាស​កាល​ពី​ថ្ងៃច័ន្ទ​យ៉ាង​ដូច​នេះ​ថា៖​

«​ដូច្នេះ​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ​គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹម​សារ​ពិត​ប្រាកដ​នៃសេចក្តីព្រាង​ច្បាប់​នេះ​ទេ​»​។​

អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ក្តីបារម្ភ​និង​មិន​អាច​ទទួល​យក​ចំពោះ​ការ​ពន្យល់នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នេះ​។ ​ពួក​គាត់​ប្រាប់​VOA ខេមរ​ភាសា​ថា ការបារម្ភនោះ​គឺ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​ចុងក្រោយរបស់ច្បាប់ស្តី​ពីសមាគម​និ​ងអង្គការ​មិនមែនរដ្ឋា​ភិបាល​នេះដែល​ពួកគេ​មិ​នទាន់​បាន​ឃើញ​នៅ​ឡើយ​នោះ​។​

​លោក​ សុខ សំអឿន​ អ្នក​ឯកទេស​ច្បាប់​និងជាមេធាវី​ឯក​រាជ្យ​ដែល​ធ្លាប់​បាន​ចូលរួម​ប្រឹក្សាយោបល់​ទៅ​លើ​សេចក្តី​ព្រាងច្បាប់​នេះ​នា​ឆ្នាំ​២០១១​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​

«សេចក្តីព្រាងច្បាប់ថ្មីនេះ​គឺ​មិនដឹងថាគេរៀប​យ៉ាងម៉េចទេ​។ ហើយ​លើក​ចុងក្រោយ​នោះយើង​ផ្តល់​យោបល់ខ្លះ​យើង​ក៏​មិន​ដឹង​ថា​គេ​កែ​ឬ​អត់ទេ​។ ជួនកាល​សេចក្តី​ព្រាង​ច្បាប់​ពេល​ជជែកៗ តែដល់ពេលចេញមក​ទៅឯណាឆ្កុយក៏មានដែរ​»​។​

លោក​បាន​ពន្យល់​ថា អ្វី​ដែល​គួរឱ្យបារម្ភ​ប្រសិន​បើ​ច្បាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​នោះ​វា​មិន​ល្អ​អ្នក​ដែល​អនុវត្ត​នៅជាមួយប្រជាជន​ដែល​ធ្វើ​ការ​ក្រោម​ច្បាប់​នេះ​ត្រូវ​ទទួល​រង​សម្ពាធ​ពី​ច្បាប់​នេះ​រហូត​ដល់​មាន​ការ​កែប្រែ​ ដែល​អាច​ត្រូវ​ការ​ពេល​វេលា​ដ៏​ច្រើន​ថែម​ទៀត​។​

​លោក​ អំ សំអាត ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ ​បាន​ហៅ​សេចក្តី​ប្រកាសព័ត៌​មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​របស់​រដ្ឋាភិ​បាល​និង​គេច​ពី​ការរិះគន់​របស់អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​នោះ​ទេ​»។​

លោកអំ សំអាតបាន​បន្ត​លើក​ឡើង​ថា​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​នៅ​តែ​ជា​ក្តី​កង្វល់​សម្រាប់​អង្គការ​សង្គម​ស៊ីវិលដែល​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​និង​បំបិទ​សិទ្ធិ​របស់​ពួក​គេ​ ជា​ពិសេស​ការ​តម្រូវឲ្យមាន​ការ​ដាក់​របាយការណ៍​ហិរញ្ញ​វត្ថុ​និងការ​កំហិត​ការ​ចំណាយ​មិន​ឱ្យ​លើស​២៥ភាគរយ​មក​លើ​ចំណាយ​រដ្ឋបាល​ ដោយ​រួម​ទាំង​ប្រាក់ខែ​បុគ្គលិក​ និង​ការ​រំលាយ​អង្គការ​ជាដើម​។​

«​និយាយ​ឲ្យ​ត្រង់​ទៅ​យើង​ជា​សង្គមស៊ីវិល​ហ្នឹង ​គឺ​នៅ​តែ​បារម្ភ​ថា​សេចក្តីព្រាង​ច្បាប់​នេះ​បើសិន​ជា​មាន​ការអនុម័ត​គឺ​មានគោលបំណង​តែមួយ​ទេគឺ​ធ្វើការគ្រប់គ្រង​លើសង្គម​ស៊ីវិល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរ​ជាតិ​ ជា​ពិសេស​ធ្វើការ​គ្រប់គ្រងទៅលើ​សកម្មភាព​របស់​អង្គការ​សមាគម​និង​ហិរញ្ញវត្ថុ​របស់​អង្គការ​ឲ្យ​ទៅ​ក្នុង​ច្បាប់​»។​

លោក​ អំ សំអាត​ បាន​បន្ថែម​ទៀត​ថា​ ឯ​ការដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​កាល​ពី​ ២០១១​ មកនោះ ​គឺវា​ហាក់​ដូច​ជា​យូរ​ណាស់​មក​ហើយ​ ហើយ​ក៏​មិន​ដឹងថា​រដ្ឋាភិបាល​បាន​យក​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​កម្រិត​ណា​ទៅ​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ថ្មី​នេះ​។​

​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស​នេះ​ចាប់​តាំង​ពី​ ឆ្នាំ​ ២០១០​ ហើយ​បាន​ដាក់​ឲ្យ​មាន​ការពិភាក្សា​ពីរ​លើក​នា​ឆ្នាំ​២០១១​។ នា​ពេលថ្មីៗ​នេះ ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ជំរុញ​ឱ្យមានការ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា​នេះ​ជា​កំហិត​។​

កាល​ពីសប្តាហ៍​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការព្រមាន​ដល់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធំៗ​ចំនួន​៤​របស់​ អង្គការ​សហប្រជាជាតិ​ និង​ ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អា​មេរិក​ ប្រចាំ​នៅ​កម្ពុជា​ ក្រោយ​ពេល​ដែល​ពួកគេ​ស្នើឲ្យ​មាន​ការ​បើ​កចំហរ​និងពិភាក្សា​លើសេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។​ រដ្ឋាភិបាល​ចោទ​ថា​ពួក​គេ​ធ្វើ​ការ​ហួស​ដែន​កំណត់​និង​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

ទោះជាយ៉ាងនោះ​ក៏​ដោយ​ អង្គការ​ជាតិ​ក៏​ដូច​ជា​អង្គការអន្តរជាតិប្រហែល​ជា​ង​៤០០​ កំពុង​ធ្វើ​យុទ្ធនា​ការទទូចស្នើឲ្យ​មាន​ការ​បញេ្ចញ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ជា​សាធារណៈ​និង​ស្នើឲ្យ​មាន​ការ​ពិភាក្សា​ផង​នោះ​។​ ​

លោក​ តឹក សុវណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃវេទិកា​រអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ហៅ​កាត់​ថា​ NGO Forum​ ដែល​ចូលរួម​ក្នុង​យុទ្ធនា​ការ​នេះ​ដែរ​បាន​ឲ្យ​ដឹងថាកិច្ច​ពិគ្រោះ​យោបល់​បន្ថែម​ទៀត​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ដែល​និង​ធ្វើ​ការ​ដោយ​ផ្ទាល់​ឬក៏​ជាអ្នកត្រូវ​អនុវត្តន៍​ច្បាប់នេះ​ គឺ​មាន​សារៈ​សំខាន់​ណាស់​ដែល​អាច​ឲ្យ​ច្បាប់​នេះ​មាន​សមត្ថភាពពេញលេញ​និង​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​អង្គការ​ទាំង​នោះ​ជា​ពិសេស​សមាគម​តូចៗ​នៅ​តាមថ្នាក់ក្រោម​ជាតិ​។

​លោក​បន្ថែម​ថា៖​

«អ្វី​ដែល​គោល​ជំហរ​យើង​ចង់​បាន​គឺ​សេចក្តីព្រាង​ច្បាប់​នា​ឆ្នាំ២០១៥​មិនមែន​សេចក្តី​ព្រាង​ច្បាប់​នា​ឆ្នាំ​២០១១​ទេ​។ ​ហើយ​ដើម្បី​យើង​យក​មក​ពិនិត្យ​មើល ថា​ទិដ្ឋភាព​មាត្រា​ទាំងអស់​ដែល​សរសេរនៅ​ក្នុង​ច្បាប់​ដែល​ស្តីពី​អង្គការ​នោះ​និង​ដែល​អាច​ប៉ះពាល់​ដល់​ការអនុវត្តរបស់​អង្គការ​សង្គម​ស៊ីវិល​នោះ​»។​

​ក៏ប៉ុន្តែលោក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍ថា​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​ដាក់​ឲ្យ​ពិភាក្សារួច​ម្តង​មកហើយ ហើយ​ក្រសួង​មហាផ្ទៃ​បានទទួលមតិយោបល់​នា​នា​ពី​កិច្ចពិភាក្សា​ទាំង​នោះ​និងស្ថានទូត​នានា​ផង​ដែរ​ ដោយ​មិន​មាន​ការ​ចាំ​បាច់​ដាក់​ឲ្យ​ពិភាក្សា​និង​បញ្ចេញ​ជា​សាធារណៈ​ម្តង​ទៀត​នោះ​ទេ​។ លោក​បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បានបញ្ចប់​សេចក្តី​ព្រាងច្បាប់​នោះ​រួចរាល់​ហើយ​និង​អាចបញ្ចូន​ទៅ​កាន់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ក្នុង​ពេលឆាប់ៗ​ខាងមុខ​បន្ទាប់​ពី​ លោក​ ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិនិត្យ​រួច​នោះ៕

XS
SM
MD
LG