រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយរយៈពេលវិនិយោគលើដីសម្បទានសេដ្ឋកិច្ចមកនៅត្រឹម៥០ឆ្នាំវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃអង្គារកន្លងទៅនេះ។
លោក ស្រ៊ុន ដារិទ្ធិ នាយខុទ្ទកាល័យក្រសួងបរិស្ថានឱ្យដឹងថា ការកាត់បន្ថយកិច្ចសន្យាមកត្រឹម៥០ឆ្នាំនេះនឹងមានភាពងាយស្រួលចំពោះរដ្ឋាភិបាលក្នុងការប្រើប្រាស់ ឬអភិវឌ្ឍតំបន់ដីសម្បទានសេដ្ឋកិច្ចទាំងនោះនៅពេលដែលត្រូវការ។
«នៅក្នុងច្បាប់គេចែងមកថាអីចឹង កិច្ចសន្យាដែលពីមុនលើសហ្នឹងត្រូវកាត់មកសល់ត្រឹមប៉ុណ្ណឹង។ ច្បាប់គេឱ្យធ្វើអីចឹង។ យើងមិនដឹងថាតើ៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំទៀត តម្លៃវាត្រូវឡើង ឬក៏ដីហ្នឹងយើងអាចយកទៅប្រើប្រាស់យ៉ាងម៉េច វាអាចមានតម្លៃសេដ្ឋកិច្ចច្រើនជាងហ្នឹង។ ចឹងបើយើងដាក់ដល់៩០ឆ្នាំ ៧០ឆ្នាំ វាយូរ បើយើងចង់យកទៅធ្វើអ្វីផ្សេង ឬចង់ជួលឱ្យថ្លៃជាងហ្នឹងយើងធ្វើអត់បាន»។
លោក តិក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានបញ្ជាក់ថា ការកាត់បន្ថយរយៈពេលវិនិយោគមកត្រឹម៥០ឆ្នាំ ដែលរដ្ឋាភិបាលកំពុងតែធ្វើនេះជាការវិវត្តន៍វិជ្ជមានមួយក្នុងការត្រួតពិនិត្យការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា។
ក៏ប៉ុន្តែ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច វាទាមទារឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរឹង ការឆ្លើយតបទៅនឹងតម្រូវការប្រជាជននៅមូលដ្ឋាន ដែលរងប៉ះពាល់ដោយសារសម្បទានសេដ្ឋកិច្ច និងការថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ច។
«តែអ្វីដែលជាកិច្ចការសំខាន់ ហើយត្រូវធ្វើជាប្រចាំនោះគឺជាការត្រួតពិនិត្យទៅលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលកំពុងតែធ្វើការអនុវត្តនៅក្នុងប្រទសកម្ពុជាយើងឱ្យបានទៀងទាត់ ហើយការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ»។
លោកបានបន្ថែមទៀតថា៖
«ទី១នៅមានគឺការខ្វះខាតក្នុងការអនុវត្តច្បាប់នៅទីតាំងជាក់ស្តែងនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទី២នៅខ្វះខាតការត្រួតពិនិត្យជាប្រចាំនូវការអនុវត្តរបស់ក្រុមហ៊ុនដីសម្បទាន។ មួយទៀតដីសម្បទានមួយចំនួនគាត់បានទទួលលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាល ក៏ប៉ុន្តែពុំបានធ្វើការអភិវឌ្ឍឱ្យទាន់ពេល»។
ក្រសួងបរិស្ថានឱ្យដឹងថា មកទល់ពេលនេះ មានគម្រោងវិនិយោគអភិវឌ្ឍន៍ចំនួន១១៣ ត្រូវបានរាជរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ។ ហើយក្នុងនោះ មានគម្រោងវិនិយោគចំនួន៣៧ ដែលរដ្ឋាភិបាលសម្រេចកាត់បន្ថយរយៈពេលនៃកិច្ចសន្យាមកត្រឹម៥០ឆ្នាំ គម្រោងវិនិយោគចំនួន២៣ ត្រូវបានដកហូត ហើយមានគម្រោងវិនិយោគចំនួន៤ ដែលក្រុមហ៊ុនស្ម័គ្រចិត្តប្រគល់មកឱ្យរាជរដ្ឋាភិបាលវិញ និងមានគម្រោងចំនួន៤ ដែលរដ្ឋាភិបាលបានកាត់បន្ថយទំហំផ្ទៃដីវិនិយោគ ព្រមទាំងមានគម្រោងចំនួន២០ទៀត ដែលកំពុងស្ថិតក្រោមការតាមដានរបស់រាជរដ្ឋាភិបាល៕