ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​អាកាសចរណ៍​ថា ប្រធាន​ថ្មី​ក្រុមហ៊ុន Boeing គួរ​មាន​ការ​យល់​ដឹង​អំពី​កំហុស​ពីមុន​របស់​ក្រុមហ៊ុន


រូបឯកសារ៖ ផ្លាកយីហោ​ក្រុមហ៊ុន Boeing ត្រូវបាន​ឃើញ​នៅ​ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ផ្លាកយីហោ​ក្រុមហ៊ុន Boeing ត្រូវបាន​ឃើញ​នៅ​ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

នាយកប្រតិបត្តិ​បន្ទាប់​របស់​ក្រុមហ៊ុន Boeing គួរ​មាន​ការ​យល់ដឹង​អំពី​អ្វី​ដែល​ឈាន​ទៅ​ដល់​វិបត្តិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​របស់​ក្រុមហ៊ុន និង​គួរ​ត្រៀមខ្លួន​សម្លឹង​ទៅ​ខាងក្រៅ​មើល​វិធី​អនុវត្ត​ដ៏​ល្អ​បំផុត​ផ្សេងៗ​នៃ​ផ្នែក​ឧស្សាហកម្ម​យន្តហោះ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​ប្រធាន​សមាគម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (International Air Transport Association (IATA)) កាលពី​ថ្ងៃ​ទី ២ ខែ​មិថុនា​កន្លង​ទៅ​នេះ។

ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing របស់​សហរដ្ឋ​អាមេរិក​កំពុង​ញាំញី​ដោយសារ​វិបត្តិ​ផ្នែក​សុវត្ថិភាព​ដែល​កាន់តែ​រីក​ធំ​ឡើង​ដោយសារ​ហេតុការណ៍​របើក​ប៉ើង​ផ្ទាំង​បង្អួច​តួ​យន្តហោះ​ថ្មី​គួរសម​មួយ​គ្រឿង​ប្រភេទ 737 MAX នៅ​ពេល​កំពុង​ហោះហើរ​កាលពី​ខែ​មករា។

នាយកប្រតិបត្តិ​ក្រុមហ៊ុន​នេះ​លោក Dave Calhoun គ្រោង​នឹង​ចាកចេញ​ពី​តំណែង​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រុះរើ​ដ៏​ធំ​ផ្នែក​គ្រប់គ្រង​របស់​ក្រុមហ៊ុន។ ប៉ុន្តែ ក្រុមហ៊ុន Boeing មិន​ទាន់​តែងតាំង​នាយកប្រតិបត្តិ​ថ្មី​នៅឡើយ​ទេ។

អគ្គនាយក​សមាគម IATA លោក Willie Walsh បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ក្នុង​សន្និសីទ​ស្ដីពី​អាកាសចរណ៍​នៅក្នុង​ទីក្រុង Dubai ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ថា៖ «ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​នរណា​គួរតែ​ដឹកនាំ​ក្រុមហ៊ុន Boeing នោះ​ទេ ប៉ុន្តែ ខ្ញុំ​គិត​ថា ការ​យល់ដឹង​អំពី​បញ្ហា​ដែល​បាន​កើតឡើង​កាលពី​មុន​គឺ​សំខាន់​ខ្លាំង»។ លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន Boeing បាន​ចាត់​វិធានការ​ត្រឹមត្រូវ។

សមាគម IATA តំណាង​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាង ៣០០ ឬ​ប្រហែល ៨០% នៃ​អាកាសចរណ៍​នៅ​លើ​ពិភពលោក។

ក្រុមហ៊ុន Boeing កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​និយតករ​សហរដ្ឋ​អាមេរិក ការ​កាត់ទោស​ដែល​អាច​ទៅរួច​សម្រាប់​សកម្មភាព​កាលពី​អតីតកាល និង​ផលិតកម្ម​ធ្លាក់ចុះ​នៃ​យន្តហោះ​ប្រភេទ 737 MAX ដែល​លក់​ដាច់​ជាងគេ​របស់​ខ្លួន។

លោក Calhoun ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Boeing តាំងពី​ឆ្នាំ ២០០៩ មក​និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន GE ត្រូវបាន​ជ្រើសរើស​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing នៅក្នុង​ឆ្នាំ ២០២០ ដើម្បី​ជួយ​ស្ដារ​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ​បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ៏​ប្រល័យ​ពីរ​ករណី​ពាក់ព័ន្ធ​នឹង​យន្តហោះ​ប្រភេទ 737 MAX នេះ។

ប៉ុន្តែ ក្រុមហ៊ុន Boeing បាន​បាត់បង់​ភាគហ៊ុន​ទីផ្សារ​របស់​ខ្លួន​ដល់​ក្រុមហ៊ុន Airbus ដែល​ជា​គូ​ប្រជែង ដោយ​ភាគហ៊ុន​របស់​ខ្លួន​បាន​បាត់បង់​តម្លៃ​ជិត ៣២% នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​ផលិតកម្ម​យន្តហោះ​ប្រភេទ 737 MAX នេះ​បាន​ធ្លាក់ចុះ​នៅក្នុង​រដូវ​ផ្ការីក​នេះ។

លោក Walsh បាន​និយាយ​ថា៖ «ឧស្សាហកម្ម​យន្តហោះ​នេះ​ត្រូវ​បាន​បង្អាក់​ដោយសារ​បញ្ហា​ដែល​ក្រុមហ៊ុន Boeing បាន​ជួប​ប្រទះ។ ប៉ុន្តែ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សប្បាយចិត្ត​ដែល​ឃើញ​ថា​ក្រុមហ៊ុន​នេះ​ចាត់​វិធានការ​ត្រឹមត្រូវ»។

ការ​ពន្យារពេល​នៃ​ការ​ប្រគល់​ជូន​យន្តហោះ​ថ្មី​ពី​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Airbus គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហ​ដ៏​ធំ​នៅក្នុង​សង្វាក់​ផ្គត់ផ្គង់​ដែន​អាកាស​និង​ផ្នែក​ថែទាំ​យន្តហោះ​ដែល​ប៉ះពាល់​ដល់​ផែនការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​អាកាសចរណ៍។

លោក Walsh បាន​និយាយ​ថា បញ្ហា​សង្វាក់​ផ្គត់ផ្គង់​គឺ​មិន​ថមថយ​លឿន​ដូច​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះទេ និង​អាច​បន្ត​រហូត​ដល់​ឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខ។

លោក Walsh បាន​បន្ថែម​ថា កាលពី​ដើម​ឆ្នាំ​នេះ សមាគម IATA បាន​កោះ​ប្រជុំ​ក្រុមហ៊ុន​អាកាសចរណ៍​និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​ចំនួន​ដើម្បី​ពិភាក្សា​អំពី​វិធី​ក្នុងការ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ៕

ប្រែសម្រួលដោយលោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG