ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ចេញ​ពី​ពន្ធនាគារ​ថ្មីៗ​នេះ​ទៅ​ព្យាបាល​របួស​នៅ​ថៃ


បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ជាប់​ពន្ធនាគារ​តាំង​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា អង្គុយ​បក់ដៃ​ពី​លើ​រថយន្ត​មួយ​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៤។
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ជាប់​ពន្ធនាគារ​តាំង​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា អង្គុយ​បក់ដៃ​ពី​លើ​រថយន្ត​មួយ​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៤។
អង្គការក្រៅ​រដ្ឋាភិបាល​មួយឈ្មោះអង្គការសិទ្ធិ​មនុស្ស​លីកាដូ​បាន​សម្រេចយក​ជនរង​គ្រោះ​ចំនួន​៥​នាក់​ ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ និង​នៅ​រោង​ចក្រ​យ៉ាក​ជីង ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ​ បន្ទាប់​ពីពួក​គេត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញសម្រេច​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​កាល​ពី​សប្តាហ៍​មុន។​

លោក​អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការសិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ជន​រង​គ្រោះ​ទាំង​៥​នាក់​ ​រួម​មាន​លោក​វន់ ពៅ​ លោក​ចាន់ ពុទ្ធិស័ក​ លោក​ថេង សាវឿន ​លោក​សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​ និង​លោក​យ៉ុង សំអន​ត្រូវ​បាន​សម្រេចថា ​នឹង​ត្រូវ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។​

លោក​មាន​ប្រសាសន៍​ថា​ ការ​សម្រេចនាំ​ពួក​គេ​យក​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​គឺ​ដោយ​សារ​តែ​ពួក​គេ​បាន​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ការ​បង្ក្រាប​កាល​ពី​ដើម​ខែ​មករា។ ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​នាក់លោក​ សុគន្ធ សម្បត្តិ​ពិសិដ្ឋ​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​មុន​គេ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។​ ចំណែក​ជន​រង​គ្រោះ​៤​នាក់​ផ្សេង​ទៀត​និង​ចេញ​ទៅ​ជា​បន្តបន្ទាប់តាម​ក្រោយ។​

លោក​និយាយ​ថា៖ ​«បាទ​ ​នេះ​ដោយ​សារ​គាត់​រង​របួស​ធ្ងន់​ធ្ងរ ​ដូច​ជា​លោក​សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​ដៃ​របស់​គាត់​ត្រូវ​បាក់​ ហើយ​ឆ្អឹង​របស់​គាត់​ត្រូវ​ដុះ​ជ្រួស​ ដែល​ត្រូវ​ការ​វះ​កាត់​ទាញ​ឆ្អឹង​ដាក់​តម្រង់​ឲ្យបាន​ដូច​ដើម​វិញ»។​

តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​បាន​សម្រេចដោះ​លែង​ជនជាប់​ចោទ​២៥​នាក់​ រួម​ទាំង​មេដឹក​នាំ​សហជីព​គឺ​លោក​វន់​ ពៅ​ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៥ខែ។

ជនរង​គ្រោះ​ទាំង​២៥​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ការ​បង្ក្រាបបង្ហូរ​ឈាម​មួយ​កាល​ពី​ដើម​ខែ​មករា​ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ​នៅ​រោង​ចក្រ​យ៉ាកជីង​ និង​នៅ​គល់​ស្ពាន​ស្ទឹង​មានជ័យ។​

លោក​វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​រង​របួស​ធ្ងន់​ធ្ងរ​ត្រង់​ក្បាល​ បាន​និយាយ​ថា​ លោក​គ្រោង​នឹង​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​នៅ​សប្តាហ៍​ក្រោយ។​

លោក​វន់ ពៅ​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥ខែ​ និង​២​ថ្ងៃ​ជាមួយ​និង​ក្រុម​កម្មករ​ និង​សកម្មជន​ដីធ្លី​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា​ ជីវិត​ជាប់​ពន្ធនាគារ​មិន​បាន​ធ្វើ​ឲ្យលោក​បាក់ស្បាត​ក្នុង​ការ​ចូល​រួម​តវ៉ា​ដើម្បី​រក​យុត្តិធម៌​ក្នុង​សង្គម​ទេ។​

លោក​និយាយ​ថា៖​ «ពីព្រោះ​យើង​គិត​ថា​ ការ​បាក់​ស្បាត​ ការ​ភ័យ​ខ្លាច​មិន​មែន​ជា​ដំណោះ​ស្រាយ​សម្រាប់​យើង​ទេ។ ​អញ្ចឹង​យើង​ជា​អ្នក​តស៊ូ​មតិ​ ជា​សកម្មជន​សិទ្ធិមនុស្ស​ យើង​មិន​អាច​យក​ការ​បាក់ស្បាត​ យក​ការ​ភ័យ​ខ្លាច ​យក​មក​ដាក់​មុខ​ទេ។​ បើ​យើង​យក​អាហ្នឹង​មក​ដាក់​មុខ​គឺ​យើង​ចប់​បេសកកម្ម​របស់​យើង។​ ​អញ្ចឹង​គឺ​សម្រាប់​ខ្ញុំ​គឺ​អត់​មាន​យក​បញ្ហា​ហ្នឹង​មក​ដាក់​មុខ​ទាល់​តែ​សោះ​គឺ​ខ្ញុំ​រក្សា​ឧត្តមគតិ​ និង​ឆន្ទៈ​របស់​ខ្ញុំ​ដដែល​ដើម្បី​ជាតិ​ខ្មែរ​និង​សង្គម​ខ្មែរ»។

លោក​ ចាន់ ពុទ្ធិស័ក​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ មាន​ប្រសាសន៍​ថា​ លោក​មិន​ចុះ​ញ៉ម​ ដោយ​សារ​ជាប់​ពន្ធនាគារ​ទេ។​ ​តែ​ផ្ទុយ​ទៅ​វិញ​លោក​នឹង​បង្កើន​សកម្ម​ភាព​របស់​លោក​ឲ្យខ្លាំង​ជាង​មុន​ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។​

លោក​និយាយ​ថា៖​ «បាទ ​អត់​ទេ​ សម្រាប់​ខ្ញុំ​នៅ​មាន​ជំហរ​ដដែល​ ហើយ​ខ្លាំង​ រឹង​មាំ​ជាង​មុន​ទៅ​ទៀត​ ដោយ​សារ​យើង​ឃើញ​ថា សង្គម​ខ្មែរ​មាន​ភាព​អយុត្តិធម៌​ហ្នឹង​កាន់​តែ​ច្រើន​ទៅៗ​ ហើយ​ជាពិសេស​ ខ្ញុំ​មាន​បទ​ពិសោធន៍​ជាប់​ក្នុង​ពន្ធនាគារ ​យើង​ឃើញ​ភាព​អយុត្តិធម៌​ខ្លាំង​មែន​ទែន​ពី​ប្រព័ន្ធ​តុលាការ»។​

ជន​ជាប់​ចោទ​ទាំង​២៥​នាក់​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សាដោយ​ចេតនា ​និង​បង្ក​ការ​ខូច​ខាត​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ដើម​ខែ​មករា។​

ក្នុង​ចំណោម​ជនជាប់​ចោទ​ទាំង​២៥​នាក់​ លោក​វន់ ពៅ​ និង​លោក​ ចាន់​ ពុទ្ធិស័ក​បាន​អះអាងថា​ នៅ​សប្តាហ៍​ក្រោយ​ពួក​គេ​នឹង​ដាក់​ពាក្យ​បណ្តឹងទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេចរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ ដែល​បាន​ចេញ​ដីកា​ឃុំឃាំង​ពួកគេ​អស់​រយៈពេលជាង​៥​ខែ​នៅ​ក្នុង​ពន្ធនាគារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG