ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​ផ្ទេរ​តំណែង​មេឃុំចៅ​សង្កាត់ ​និង​សមាជិក​ក្រុម​ប្រឹក្សា​​ថ្មី​​បាន​​ធ្វើ​ឡើង​​ទូទាំង​​ប្រទេស


រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​នាយ​ឧត្តមសេនីយ៍​​ខៀវ សុភ័គ​បន្ថែម​ថា​ ​ជាធម្មតា​​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ដែល​ឡើង​កាន់​តំណែង​ថ្មី ​មិន​ទាន់​​មាន​បទ​ពិសោធន៍ ​និង​សមត្ថភាព​គ្រប់គ្រាន់ ​​ដូច​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចាស់ៗ​ដែល​ធ្លាប់​ធ្វើ​ការ​​ពីមុន​ ដូច្នេះ​លោក​រំពឹង​​ថា​ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​នឹង​រៀន​ពី​អ្នក​ចាស់​ដើម្បី​បំពេញ​ការងារ​​​​ឲ្យ​បាន​ល្អ។​

ក្រសួង​មហា​ផ្ទៃ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​ទូទាំង​ប្រទេស​ ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោតផ្លូវ​ការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)។​ ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​ជាប់​ឆ្នោត​ក្នុង​ឃុំ-សង្កាត់ជាង​១.៦០០ទូទាំង​ប្រទេស​កម្ពុជា​ ​បាន​ចាប់​ផ្តើមរៀបចំ​ពិធី​ផ្ទេរ​តំណែង​ និង​ឡើងកាន់​តំណែង​ពេញ​សិទ្ធិ​ជា​បន្តបន្ទាប់។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​ ​VOA​ ​នាព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​ ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃបាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​បាន​ជាប់ការ​បោះឆ្នោត​អាណត្តិ​ទី​៤​នេះ​ ​កាលពី​សប្តាហ៍​មុន​មក​ម៉្លេះ ​ហើយ​នៅ​ថ្ងៃចន្ទ​នេះ​ ​មាន​ការ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ផ្លូវការ ​ដោយ​អភិបាល​រាជ​ធានី-ខេត្ត​ជា​បន្ត​បន្ទាប់​រហូត​ដល់​ចុង​សប្តាហ៍​នេះ​ ​ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​ការងារ​របស់​ខ្លួន​នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ​ដោយ​ពេញ​សិទ្ធិ។​

លោក​នាយ​ឧត្តមសេនីយ៍ខៀវ សុភ័គ​បន្ថែម​ថា​ ​ជាធម្មតា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ដែល​ឡើង​កាន់​តំណែង​ថ្មី ​មិន​ទាន់មាន​បទ​ពិសោធន៍ ​និង​សមត្ថភាព​គ្រប់គ្រាន់ ដូចសមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចាស់ៗ​ដែល​ធ្លាប់​ធ្វើ​ការពីមុន​ ដូច្នេះ​លោក​រំពឹងថា​ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​នឹង​រៀន​ពី​អ្នក​ចាស់​ដើម្បី​បំពេញ​ការងារឲ្យ​បាន​ល្អ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​មានប្រសាសន៍​ថា៖

«ធម្មតា​តែថ្មី​ហើយ​វា​មិន​ដែល​បាន​ស្រួល​ដូច​គេ​អ្នក​ចាស់​ទេ​ ​ត្រូវ​មាន​ការ​ពិសោធន៍​អីផ្សេងៗ។​ ​ដូចជា​ការងារ​អីចឹង ​ធម្មតា​គេ​យក​បទពិសោធន៍​ដែរ។​ ​ដូច្នេះ​មេឃុំ​ថ្មីអាច​នឹង​ពិបាក​ខ្លះ។​ ​ខ្ញុំ​ថា​ ​អ្នក​ដែល​ចាស់​ហ្នឹង​ផ្តល់​បទពិសោធន៍​ឲ្យ​អ្នក​ថ្មី​ទៅ។​ ​អ្នកថ្មី​កុំ​អាង​តែ​យើងបាន​ជាប់​ ​យើងមិន​បាន​រៀន​ពី​អ្នក​ចាស់។​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ទាំង​អស់​គ្នា​នឹង​ខំ​បម្រើ​ជាតិ​ បម្រើ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ»។​

រូបឯកសារ៖ អ្នក​គាំទ្រ​ គណ​បក្ស​ប្រជាជន​កម្ពុជា​លើក​ទង់​គ្រវី​ឡើង​លើ​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គណ​បក្ស​កាន់​អំណាច​នេះ​ ក្នុង​ការ​ហែក្បួន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ថ្ងៃ​ទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៧។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ អ្នក​គាំទ្រ​ គណ​បក្ស​ប្រជាជន​កម្ពុជា​លើក​ទង់​គ្រវី​ឡើង​លើ​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គណ​បក្ស​កាន់​អំណាច​នេះ​ ក្នុង​ការ​ហែក្បួន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ថ្ងៃ​ទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៧។ (នៅ វណ្ណារិន/VOA)

លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​អាណត្តិ​ទី​៤ ​ដែល​ចេញ​ដោយ​គ.ជ.ប.​ បង្ហាញ​ថា​ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ចំនួន​១២ដែល​បាន​ឈរ​ឈ្មោះ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ទាំង១,៦៤៦​នោះ​ ​មានតែគណបក្ស​នយោ​បាយ​ធំៗចំនួន​២​ប៉ុណ្ណោះ​ទទួល​បាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ច្រើន​ជាងគេ។​ ​ក្នុង​នោះគណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​សរុប៦,៥០៣​អាសនៈ​ ​ក្នុង​នោះ​មាន​មេឃុំ-ចៅ​សង្កាត់​ចំនួន​១.១៥៦​អាសនៈ​ ​ជំទប់ទី​១​ចំនួន១.១៣៩​អាសនៈ​ ​ជំទប់​ទី២​ ​ចំនួន៥១០​អាសនៈ។​ ​គណបក្ស​សង្រ្គោះ​ជាតិទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​សរុប​ចំនួន​៥.០០៧​អាសនៈ ​ក្នុង​នោះ​មាន​មេឃុំ ​ចៅសង្កាត់​ចំនួន​៤៨៩​អាសនៈ​ ​ជំទប់ទី១​ចំនួន​៥០៣​អាសនៈ ​ជំទប់​ទី២ ​ចំនួន​១.០៨៧​អាសនៈ។​

លោកសុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាចប្រាប់​ VOA ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ពង្រឹង​គុណ​ភាព​សេវា​សាធារណៈ​នៅ​តាម​ឃុំ-សង្កាត់ឲ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន ​ដើម្បីទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«មាន​តែ​ពង្រឹង​កែ​សម្រួល​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ​ហើយ​អនុវត្ត​ធ្វើ​ម៉េច​បម្រើសេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​ខ្ពស់។​ ​អាហ្នឹង​បាន​យើង​ទាក់ទាញ​សមាន​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​បាន»។

ចំណែកលោកជិន សុខង៉េង​ ​ចៅ​សង្កាត់វ័យ​ក្មេងមកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើបជាប់​ឆ្នោតក្នុង​សង្កាត់​សាលា​កំរើក​ ​ខេត្ត​សៀមរាប​ ​ប្រាប់ ​VOA ​ថា​ ​បញ្ហា​ជាច្រើន​ដែល​លោក​នឹង​ត្រូវ​ដោះស្រាយនៅ​ពេល​ដែល​លោក​ដឹកនាំ​សង្កាត់​ មាន​ដូចជា ​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​ក្នុង​សង្កាត់​ ការ​ផ្តល់​សេវា​សាធារណៈ​ និង​បញ្ហា​បរិស្ថាន​ជាដើម។​

ចៅ​សង្កាត់​ ដែល​មាន​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ​បន្ថែម​ថា​ ​ក្នុង​នាម​ជា​ចៅសង្កាត់​ដែល​ទើប​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​ដឹក​នាំ​សង្កាត់​ ​លោក​នឹងប្តេជ្ញា​សហការ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​មកពី​គណបក្ស​ផ្សេង​ ​ដើម្បីដឹកនាំ​សង្កាត់របស់​លោកឲ្យ​មានការ​អភិវឌ្ឍ​តាម​រយៈ​ការប្រើប្រាស់​យុទ្ធសាស្រ្ត​របស់​គណបក្ស​ ​និង​យុទ្ធសាស្រ្ត​របស់លោក​ផ្ទាល់។​ ​មេឃុំ​ថ្មី​ដែលនឹង​ត្រូវ​ប្រកាសតែងតាំង​ជា​ផ្លូវ​ការ​នៅ​រសៀលថ្ងៃ​សុក្រ​ខាង​មុខ​នេះ​អះអាង​ថា​ ​លោកនឹង​លាលែង​ចេញ​ពី​តំណែង​ ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់លោក។​

រូបឯកសារ៖ ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតថ្មីនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក ជិន សុខង៉េង។ (វីន ធីតា/VOA)
រូបឯកសារ៖ ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតថ្មីនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក ជិន សុខង៉េង។ (វីន ធីតា/VOA)

លោក​ជិន សុខង៉េង​បញ្ជាក់ថា៖​

«ក្នុង​នាម​ក្រុម​ប្រឹក្សា​ ​ឬ​ចៅ​សង្កាត់​ជាប់​ឆ្នោតដោយ​ប្រជា​ពលរដ្ឋ​ ត្រូវ​បម្រើ​ប្រជា​ពលរដ្ឋ​ អត់​មាន​និយាយ​អំពី​ចៅ​សង្កាត់​ ​ឬក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​សង្គ្រោះជាតិ ​ឬ​មក​ពីគណបក្ស​គេ​ម្ខាង​ទៀត​ទេ។​ សរុប​សេចក្តី​មក គឺ​យើង​ចង់​បង្កើត​វប្បធម៌​ឲ្យ​អ្នក​ដឹកនាំ​ក្រោយ ចេះ​រៀបចំ​ខ្លួន នៅ​ពេល​ដែល​ខ្លួន​ជាប់​ជា​តំណាង​ប្រជា​ពលរដ្ឋ​ ​កុំ​យក​គណបក្ស​ជាធំ ​គឺ​យើង​យក​ប្រជា​ពលរដ្ឋ​ជា​ធំ។ នេះ​ហើយ​គឺ​គោល​ដៅ​របស់​យើង​ក្នុង​ការ​រៀបចំ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ ផ្តល់​អំណាច​ពិត​ប្រាកដ​ដល់​ប្រជា​ពលរដ្ឋ»។​

លទ្ធផល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​ជា​ផ្លូវការ​ ​កាលពី​ចុង​ខែ​មិថុនា​បង្ហាញ​ថា​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនទទួល​បាន​ការ​គាំទ្រ​ចំនួន​ជាង​៣,៥​លាន​សំឡេង។ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការគាំទ្រ​ចំនួន​ជាង​៣​លាន​សំឡេងនៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​សុរប​ជាង​៧​លាន​នាក់។​ ​តួលេខ​នេះ​បង្ហាញ​ថា​ ​សំឡេង​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង​៣០ឆ្នាំ​មកនេះ​ ​មាន​ចំនួន​ច្រើន​ជាង​គណបក្ស​ប្រឆាំង​តែ​ជាង​៥​សែន​សំឡេង​ ​ឬ​ស្មើ​នឹង​ជាង​៦​ភាគរយ​តែ​ប៉ុណ្ណោះ។

បើ​តាម​លទ្ធផល​ឆ្នោតមេឃុំ-ចៅសង្កាត់​ ​ គណបក្ស​ប្រជាជន​កម្ពុជា​ថយ​ចំនួន​៤៣៦​ឃុំ-សង្កាត់​ បើ​ធៀបនឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១២​ ​ដែល​ទទួល​បាន​១,៥៩២​ ឃុំ-សង្កាត់។​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​កើន​ចំនួន​៤៤៩​ឃុំ-សង្កាត់​ ​បើ​ធៀប​នឹង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ​ដែល​នៅ​ពេល​នោះ​ ​គណបក្ស​ប្រឆាំង​នេះ​ទទួល​បាន​ត្រឹមតែ​ចំនួន​៤០​ឃុំ-សង្កាត់ប៉ុណ្ណោះ​ ដោយ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG