រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចនៅថ្ងៃសុក្រនេះ បានបោះឆ្នោតតែងតាំងកូនប្រុសរបស់ប្រធានតុលាការកំពូលគឺលោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសរដ្ឋមន្ត្រីចាស់គឺលោក វេង សាខុន ដែលត្រូវបានដកចេញពីតំណែង ក្រោមហេតុផលខ្វះកិច្ចសហការជាមួយមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។
បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា នឹងក្លាយជារដ្ឋមន្ត្រីវ័យក្មេងទី ៣ បន្ទាប់ពីលោក កើត រិទ្ធ បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក សាយ សំអាល់ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រុសរបស់ប្រធានព្រឹទ្ធសភាលោកសាយ ឈុំ។
បើតាមសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី ១៤ ខែតុលា ក្រុមសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទលើបេក្ខភាពលោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង ១១១ លើ ១១១។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃសុក្រនេះ គេឃើញមានវត្តមានប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីផ្សេងទៀតផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
ចំណែកលោក ឌិត ទីណា ដែលបច្ចុប្បន្ននេះជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល សុំមិនធ្វើការអត្ថាធិប្បាយ ដោយលោកស្នើឱ្យអ្នកយកព័ត៌មានឱ្យវីអូអេ រង់ចាំការធ្វើសន្និសីទសារព័ត៌មានមួយ ដែលលោកគ្រោងធ្វើនៅក្រសួងកសិកម្មនៅសប្តាហ៍ក្រោយនេះ។
លោកនិយាយថា៖ «ខ្ញុំបានរៀបចំថាឱ្យមានសន្និសីទកាសែតមួយ ជូនបងប្អូនកាសែតទាំងអស់គ្នា នៅថ្ងៃចន្ទ [ទី ១៧ ខែតុលា] នៅទីស្នាក់ការក្រសួងនៅម៉ោង ៥ កន្លះ»។
គួរបញ្ជាក់ថា ការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីនេះ កើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខកចិត្តនឹងការបំពេញការងាររបស់រដ្ឋមន្ត្រីក្រសួងកសិកម្មចាស់ គឺលោក វេង សាខុន ដែលលោក ហ៊ុន សែន ថាមិនសូវសហការជាមួយរដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាលផ្សេងទៀត នៅពេលដោះស្រាយបញ្ហា ដែលត្រូវមានការសម្របសម្រួលពីស្ថាប័នជំនាញពាក់ព័ន្ធ តួយ៉ាងការរារាំងមិនឱ្យមានការនាំចូលជ្រូករស់មកផ្គត់ផ្គង់ក្នុងស្រុក ដែលលោក ហ៊ុន សែន ថា អាចប៉ះពាល់ដល់ការចំណាយ និងហូបចុករបស់ពលរដ្ឋ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក វេង សាខុន តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមក្នុងសប្តាហ៍នេះ តែមិនមានការឆ្លើយតប។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន យល់ថា បើទោះជាបីជាមានការផ្លាស់ប្តូររដ្ឋមន្ត្រីយ៉ាងណាក៏ដោយ ក៏វិស័យកសិកម្មមិនអាចឃើញកំណើនមួយប្រកបដោយចីរភាព ប្រសិនបើរដ្ឋមន្ត្រីថ្មី នៅតែមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ដូចជាបញ្ហាទីផ្សារ បញ្ហាទុន បញ្ហាប្រព័ន្ធធារាសាស្រ្ត និងបច្ចេកទេសជាដើមនោះ។
លោកថ្លែងថា៖ «ចំពោះបញ្ហាចំពោះមុខ គឺទី ១ គឺរដ្ឋមន្ត្រីថ្មី គួរតែត្រូវបានស្នើទៅរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលក្នុងការបង្កើតថវិកាជាតិ ក្នុងការចំណាយទៅលើវិស័យកសិកម្ម និងដោះស្រាយបញ្ហាវិស័យកសិកម្ម នេះជាចំណុចអាទិភាពទី ១។ អាទិភាពទី ២ គឺការរៀបចំឱ្យមានខ្សែចង្វាក់ទីផ្សារ សម្រាប់លក់ផលិតផលកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ»។
លោកបន្ថែមថា៖ «ហើយអាទិភាពទី ៣ គឺការ ដោះស្រាយទៅលើបញ្ហាប្រព័ន្ធស្រោចស្រពទឹក ដែលជារឿងសំខាន់ ដែលរដ្ឋមន្ត្រីត្រូវធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧត្តុនិយម។ ហើយមួយទៀត គឺការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកទេស ពិសេសព័ត៌មានសម្បូរបែបលើទីផ្សារ និងកសិកម្មក្នុងប្រទេសកម្ពុជាផងដែរ»។
អំឡុងពេលនៃការតែងតាំងលោក ឌិត ទីណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើឱ្យរដ្ឋសភាធ្វើការដេញដោលសាកសួរ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីអំពីទស្សនវិស័យ ផែនការក្នុងការស្តា និងកែលម្អវិស័យកសិកម្ម ដើម្បីដឹងថា រដ្ឋាភិបាលជ្រើសរើសអ្នកដឹកនាំត្រូវ និងអាចធ្វើឱ្យវិស័យកសិកម្មមានភាពល្អប្រសើរដូចប្រទេសជិតខាង។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះថ្លែងបន្ថែមថា បើរាជរដ្ឋាភិបាលបន្តរើសមនុស្សមកដឹកនាំក្រសួងកសិកម្ម ដោយឈរលើមូលដ្ឋានខ្សែស្រឡាយ និងបក្សពួកនិយម នោះកសិករខ្មែរនៅតែបន្តក្រជារៀងរហូត៕
សភាជាតិបោះឆ្នោតឱ្យកូនប្រុសប្រធានតុលាការកំពូលធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី
ភ្នំពេញ —