ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​កសិកម្ម​លោក វេង​ សាខុន ​ត្រូវ​បាន​ដក​​ពី​តំណែង​ ព្រោះ​ខ្វះ​កិច្ច​សហការ


រូបភាពឯកសារ៖ លោក វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ​ ស្ថិត​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​«កំណែ​ទម្រង់​អភិបាលកិច្ច​បរិស្ថាន​នៅ​កម្ពុជា» កាលពីថ្ងៃទី៣១​ ខែមិនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបភាពឯកសារ៖ លោក វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ​ ស្ថិត​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​«កំណែ​ទម្រង់​អភិបាលកិច្ច​បរិស្ថាន​នៅ​កម្ពុជា» កាលពីថ្ងៃទី៣១​ ខែមិនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋមន្ត្រីកសិកម្ម​លោក ​វេង​ សាខុន ​ត្រូវ​បានព្រះមហាក្សត្រ​បញ្ចប់​ពី​មុខតំណែង​ នៅពេល​លោក​ត្រឡប់​មក​ពី​បំពេញ​ការងារ​នៅ​ទ្វីប​អឺរ៉ុប​ ទីដែល​លោក​បានស្វះស្វែង​រក​ការគាំទ្រ​គម្រោង​ពង្រឹង​ផលិត​ផល​កសិកម្ម​ប្រកប​ដោយ​សុវត្ថិភាព​ស្របតាម​ស្តង់ដា​អឺរ៉ុប។

នៅ​ក្នុងព្រះរាជក្រឹត្យ​ចុះថ្ងៃទី​៨ ​ខែតុលា ឆ្នាំ​២០២២​ នេះ ព្រះបាទ​សម្តេច​នរោត្តម​សីហមុនី​ បាន​ត្រាស់​បង្គាប់​ បញ្ចប់​មុខ​តំណែង លោក ​វេង សាខុន​ ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ​។

ការ​ដក​តំណែង​ លោក​ វេង សាខុន កើត​ឡើងក្រោយ​រដ្ឋមន្ត្រីកសិកម្ម​រូបនេះ​ ធ្លាប់​រង​ការ​ស្តី​បន្ទោស​ពី លោក​ ហ៊ុន សែន ថា​មិនសូវ​មានការ​ពិភាក្សាជាមួយ​រដ្ឋមន្ត្រី ឬមន្ត្រី​ផ្សេង​ទៀត​ នៅ​ពេល​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ណាមួយ​នោះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទសន្និបាត​បូកសរុប​ការងា​រប្រចាំឆ្នាំរបស់​ក្រសួង​មហាផ្ទៃ​កាលពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ លោក ​ហ៊ុន សែន​ ថ្លែងនៅចំមុខ​ លោក ​វេង សាខុន និង​ក្រុមមន្ត្រី​កម្ពុជា​ឯទៀត​ថា​ លោក​ វេង សាខុន​ ជា​រដ្ឋមន្ត្រីដែល​ខ្វះ​កិច្ចសហការ​ នៅ​ពេល​ដោះស្រាយ​បញ្ហា​ការ​រារាំង​មិន​ឱ្យ​នាំ​ចូល​ជ្រូក​រស់​មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស​។

លោក​ ហ៊ុន សែន ​ថ្លែង​នាពេលនោះ​ថា​៖ «ក្នុង​ចំណោម​រដ្ឋមន្ត្រី​ ខ្ញុំ​សុំ​ចង្អុល​បង្ហាញ​ថា​ ក្នុងចំណោម​រដ្ឋមន្ត្រីគឺ​រដ្ឋមន្ត្រី​ដែល​មិន​ព្រម​សហការ​ជាមួយ​អ្នកដទៃ​ គឺ​រដ្ឋមន្ត្រីកសិកម្ម​ហ្នឹង​ឯង​ ​អាហ្នឹង​ខ្ញុំ​និយាយ​ចង្អុល​មុខ​ឱ្យ​ត្រង់​អ៊ីចឹងហ្មង​។ រដ្ឋមន្ត្រី​កសិកម្ម​អត់​សូវ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ណា​ទាំង​អស់​»។

ក្រោយ​ការ​បញ្ចប់​មុខតំណែង​ លោក ​វេង សាខុន ភ្លាម លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ជា​បន្ទាន់​ ចាត់តាំង​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោ​ក អូន ព័ន្ធ​មុនីរ័ត្ន​ ជារដ្ឋមន្ត្រី​ស្តី​ទី​នៃ​ក្រសួង​កសិ​កម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​។ បើតាម​សេចក្តី​សម្រេច​របស់​ លោក ​ហ៊ុន​ សែន លោក ​អូន ព័ន្ធមុនីរ័ត្ន​ នឹង​មាន​លទ្ធភាព​ប្រើប្រាស់​សិទ្ធិអំណាច​ទាំង​អស់​ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តជាធរមាន​ ដើម្បី​ដឹកនាំ​និង​គ្រប់គ្រង​ការងារ​របស់​ក្រសួង​ និង​អង្គភាព​ចំណុះ​របស់​ក្រសួង។

វីអូអេព្យាយាម​សុំការ​អត្ថាធិប្បាយពី​ លោក ​វេង សាខុន​ តាមប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​ តែមិនទាន់​មាន​កា​រឆ្លើយ​តប​នៅថ្ងៃចន្ទនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG