ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរនូវែលសេឡង់​​ប្រគល់​សាកសព​ជនរងគ្រោះនៃ​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​​ដល់​ក្រុម​គ្រួសារ


សិស្ស និង​និស្សិត​ប្រមូលផ្តុំ​គ្នា​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​ការ​បាញ់​សម្លាញ់​ នៅ​ខាង​ក្រៅ​ព្រះវិហារ​ឥស្លាម Masjid Al Noor ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
សិស្ស និង​និស្សិត​ប្រមូលផ្តុំ​គ្នា​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​ការ​បាញ់​សម្លាញ់​ នៅ​ខាង​ក្រៅ​ព្រះវិហារ​ឥស្លាម Masjid Al Noor ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

កាលពី​ថ្ងៃអាទិត្យ​ ក្រុម​អាជ្ញាធរ​ប្រទេស​នូវែលសេឡង់​បាន​ចាប់ផ្តើម​ប្រគល់​សាក​សពខ្លះ​ក្នុង​ចំណោម​ជនរងគ្រោះ​៥០នាក់​ ដែល​ត្រូវ​គេបាញ់​សម្លាប់​ក្នុងអំពើ​សម្លាប់​រង្គាល កាលពី​ថ្ងៃសុក្រ​នៅឯ​វិហារ​សាសនា​ឥស្លាម​ពីរ​កន្លែង​ ជូនដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ហើយ ​ដើម្បី​ឲ្យ​ពួកគេ​យក​ទៅ​ធ្វើ​បុណ្យ​ និង​បញ្ចុះ​ទៅ​តាម​ប្រពៃណី​របស់​អ្នក​កាន់​សាសនា​ឥស្លាម។

លោកស្រីនាយក​រដ្ឋមន្ត្រី​ ចាស៊ីនដា អាដឺន​ (Jacinda Ardern) ​បាន​ថ្លែង​ថា​សាកសពទាំងអស់ នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​ឲ្យអស់​នៅ​ថ្ងៃពុធ។ ​លោកស្រី​បាន​បញ្ជាក់​ថា ​ក្រុម​អ្នក​ជំនាញ​ផ្នែក​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​ចំនួន​៦នាក់ ​បាន​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​មកពី​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួយ​ដល់​ដំណើរការ​កំណត់​អត្តសញ្ញាណ។

ប្រធាន​ផ្នែក​ខាង​ការ​ត្រួត​ពិនិត្យ​សាកសព​ លោកស្រី ដេបូរ៉ា ម៉ាស្សល ​(Deborah Marshall)​ បាន​និយាយ​ថា ​ការិយាល័យ​លោកស្រី​កំពុង​ធ្វើការ​យ៉ាង​ប្រញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា នឹង​ប្រគល់​សាកសព​ទៅ​ជូន​ដល់​ក្រុម​គ្រួសារ​មិន​ឲ្យ​ខុស។ លោកស្រី​ថា​ ទំនង​ជា​គ្មាន​អ្វី​អាក្រក់​ជាង​ការ​ប្រគល់​សាកសព​ដល់​ក្រុមគ្រួសារ​ខុស​នោះ​ទេ។​ ការណ៍​នេះ​នឹង​មិន​កើត​ឡើង​នៅទីនេះ​ឡើយ។​

ស្នងការរង​ប៉ូលិស ​លោក Wally Haumaha​ បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា​ ការិយាល័យ​របស់​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​ ដើម្បី​ជួយ​គេ​ឲ្យ​បាន​យល់​ពី​ដំណើរការ​ត្រួតពិនិត្យ​សាកសព​ដែល​អូស​បន្លាយ​ពេល​យូរ​ថ្ងៃ ​ដែល​ថា​ នេះ​ជា​ភាពចាំបាច់​នៃ​ការ​ស៊ើប​អង្កេត​ផ្នែក​ព្រហ្មទណ្ឌ ​ទោះជា​ប្រពៃណី​អ្នកកាន់​សាសនា​ឥស្លាម​ត្រូវ​បញ្ចុះ​សាកសព​ក្នុង​រយៈពេល​២៤ម៉ោង​បន្ទាប់ពី​ការ​ស្លាប់​ក្តី៕

XS
SM
MD
LG